ខេត្តសៀមរាប : រដ្ឋបាលខេត្តសៀមរាបសេចក្តីជូនដំណឹងស្តីពីការសាកល្បងបើកភ្លើងលើកទី១របស់គម្រោងតុក្កតាយក្ស ដែលត្រៀមនឹងដង្ហែតាមដងផ្លូវនៅក្នុងក្រុងសៀមរាបនាថ្ងៃទី២២ ខែកុម្ភៈ វេលាម៉ោង៦:៣០នាទីខាងមុខនេះ។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយគម្រោងតុក្កតាយក្ស និងវិស័យឯកជន នឹងរៀបចំដង្ហែក្បួនតុក្កតាយក្ស(ទីងមោងយក្ស) ដើម្បីបង្ហាញជូនសាធារណជន និង ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនានូវស្នាដៃតុក្កតាយក្សដែលបង្កើតឡើងដោយកុមារ ក្នុងគោលបំណង ចូលរួមលើកស្ទួយវិស័យទេសចរណ៍ វិស័យសិល្បៈ ការយល់ដឹងពីវប្បធម៌ និងអនាម័យបរិស្ថានផងដែរ។
ក្បួនដង្ហែតុក្កតាយក្ស(ទីងមោងយក្ស)នេះ នឹងត្រូវចេញដំណើរពីផ្លូវមុខវត្តដំណាក់ ទៅតាម បណ្តាផ្លូវសំខាន់ៗរួមមាន ផ្លូវអាចារ្យស្វា កំណាត់ផ្លូវលេខ២៦ កំណាត់ផ្លូវអាចារ្យហែមចៀវ កំណាត់ផ្លូវ លេខ២៤ ឆ្លងកាត់ផ្លូវជាតិលេខ៦ (ចំណុចស្តុបកោះកេរ្តិ៍) ឆ្លងកាត់ស្ពានថ្មព្រះរាជដំណាក់ និងបញ្ចប់នៅ ទីតាំងសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ១៨:៣០នាទីល្ងាច ដល់ម៉ោង ២០:០០នាទីយប់ ដោយមានការចូលរួមពីសិស្សានុសិស្ស និងកុមារប្រមាណ ៤៥០នាក់។ ក្រោយបញ្ចប់ការដង្ហែក្បួននេះ ក៏នឹងមានការដាក់តាំងបង្ហាញនូវស្នាដៃ តុក្កតាយក្ស(ទីងមោងយក្ស) នៅទីតាំងសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ដូចនេះ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងចៀសវាងការកកស្ទះចរាចរ ក្នុងអំឡុងការរៀបចំកម្មវិធីខាងលើនេះ រដ្ឋបាលខេត្តសៀមរាប នឹងបញ្ចៀសការចរាចរក្នុងរយៈពេលខ្លី នៅកំណាត់ផ្លូវខាងលើ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពី វេលាម៉ោង ១៨:៣០នាទីល្ងាច ដល់ម៉ោង ២០:០០នាទីយប់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបានល្អប្រសើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី












