កំពង់ចាម ៖ លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ២ជាន់ DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥% ហើយ ដែលអាចនឹងរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានប្រវែង១៣,៥០០ម៉ែត្រ របស់គម្រោងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ជាហិរញ្ញប្បទានធនាគារពិភពលោក បដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ។
ទន្ទឹមនឹងនេះដែរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក៍បានអំពាវនាវ ដល់អាជ្ញាធរ មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍ តែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី








