ភ្នំពេញ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងរៀបចំយន្តការសម្រាប់ អនុវត្តក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មាន ពង្រឹងគុណភាព និងការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈសារព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្លឹបអ្នកកាសែតកម្ពុជាកន្លងមកនោះគឺជាគំនិតផ្ដួចផ្ដើមរបស់សពលោក ប៉ែន សមិទ្ធិ អតីតប្រធានក្លឹបអ្នកកាសែតកម្ពុជា អគ្គនាយកគេហទំព័រ CEN និងជាអតីតនិពន្ធនាយកកាសែតរស្មីកម្ពុជាល្បីឈ្មោះ។ លោក ប៉ែន សមិទ្ធិ បានលាចាកលោកទៅហើយដោយមិនបានឃើញសកម្មភាពការងារដ៏ល្អរបស់ក្លឹបអ្នកកាសែតកម្ពុជាដែលបានបន្តនិរន្តរ៍ភាពរហូតបានទទួលសារលិខិតអបអរសាទរនិងគាំទ្រពីមេដឹកនាំកំពូលរបស់ជាតិសម្ដេចតេជោ ហ៊ុន សែន នាពេលនេះទេ។
លោកប៉ែនសមិទ្ធិ អតីតប្រធានក្លឹបអ្នកកាសែតកម្ពុជា អតីតនិពន្ធនាយកកាសែតរស្មីកម្ពុជា និងជាអតីតអគ្គ នាយកគេហទំព័រ www.cen.com.kh (Cambodia Express News) ព្រមទាំងwww.thecambodiaherald.com បានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១៥ ដោយរោគាពាធ។ លោក ប៉ែន សមិទ្ធិ ត្រូវបានសហគមន៍អ្នកកាសែតនៅក្នុងប្រទេសកម្ពុជា តំបន់ និងពិភពលោកចាត់ទុកថា គឺជាស្មេរមួយរូបដ៏មានទេពកោសល្យអស្ចារ្យ។ លោកមិនមែនពូកែតែជំនាញកាសែតទេ តែលោកចេះភាសាច្រើនទៀតផង។ លោក ប៉ែន សមិទ្ធិ ចេះនិយាយភាសាវៀតណាមយ៉ាងស្ទាត់ជំនាញ យល់ដឹងភាសារុស្ស៊ីខ្លះ ចេះភាសាអង់គ្លេសប្រើការបាន យល់ភាសាបារាំងបានខ្លះ និងចេះអក្សសាស្ត្រខ្មែរច្បាស់លាស់។ អតីតនិពន្ធនាយកកាសែតរស្មីកម្ពុជារូបនេះ ធ្លាប់បានទៅសិក្សានៅក្នុងប្រទេសវៀតណាម រុស្ស៊ី និងធ្លាប់បានទៅទស្សនកិច្ចសិក្សានៅក្នុងប្រទេសជាច្រើនផ្សេងទៀតនៅក្នុងទ្វីបអាស៊ី និងអឹរ៉ុប។
លោក ប៉ែន សមិទ្ធិ គឺជាស្មេរដ៏ល្អឥតខ្ចោះម្នាក់។ បទវិភាគរបស់លោក ប្រកបទៅដោយការវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ ជាមួយនឹងភាសាខ្មែរគ្មានខុសវេយ្យាករណ៍ឡើយ។ នៅក្នុងសំណេរកាសែត លោក ប៉ែន សមិទ្ធិ បានប្រើឈ្មោះបីផ្សេងទៀតក្រៅពីឈ្មោះ ប៉ែន សមិទ្ធិ គឺ ប៉ែន ផេង , សីហា និង សោភ័ណ។ លោក ប៉ែន សមិទ្ធិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាព និងក្រមសីលធម៌សារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ការបាត់បង់លោក ប៉ែន សមិទ្ធិ ធ្វើអោយកម្ពុជាបាត់បង់អ្នកតស៊ូមតិដ៏សំខាន់ម្នាក់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសកម្ពុជា។ លោក ប៉ែន សមិទ្ធិ បានចំណាយពេលស្ទើរពេញមួយជីវិតក្នុងអាជីពជាអ្នកកាសែត។ លោកបានដើរតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលរវាងបណ្តាញព័ត៌មានក្នុងបរិបថនយោបាយមួយ ដែលមិនសាមញ្ញធម្មតា។ លោក ប៉ែន សមិទ្ធិ គឺជាអ្នកកាសែតមួយរូបដែលគួរអោយគោរពជាទីបំផុត ពីព្រោះលោកមានចំណេះដឹងជំនាញសារព័ត៌មានច្បាស់លាស់ និងមានបទពិសោធន៍សង្គមគួរជាទីកោតសរសើរ។ លោក ប៉ែន សមិទ្ធិ បានបំពេញការងារជាអ្នកសារព័ត៌មានអោយកាសែតភ្នំពេញពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៥ លោកជានិពន្ធនាយកកាសែតរស្មីកម្ពុជា និងជាម្ចាស់គេហទំព័រព័ត៌មាន CEN។ ពីឆ្នាំ២០០០ដល់ឆ្នាំ២០១៥ លោកក៏ជាស្ថាបនិក និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជាផងដែរ។ លោក ប៉ែន សមិទ្ធិ ក៏បានបង្កើតគេហទំព័រ cen.com.kh ដើម្បីបម្រើសេចក្ដីត្រូវការផ្នែកព័ត៌មានលើប្រព័ន្ធអ៊ីនធឺណែត។ គេហទំព័រ CEN សព្វថ្ងៃនេះ មានអ្នកទស្សនា និងតាមដានជាងមួយលាននាក់ នៅក្នុងចំណោមគេហទំព័រព័ត៌មានល្បីៗនៅកម្ពុជា។ នៅក្នុងក្រសែភ្នែកមិត្តរួមអាជីពទាំងអ្នកកាសែតជើងចាស់ និងអ្នកកាសែតជំនាន់ក្រោយ លោក ប៉ែន សមិទ្ធិ គឺជាអ្នកកាសែតដ៏មានបទពិសោធន៍ម្នាក់ និងជាមនុស្សដែលមានអធ្យាស្រ័យល្អជាមួយអ្នកកាសែតទូទៅ ហើយលោកថែមទាំងចូលចិត្តចែករំលែកបទពិសោធន៍ដែលលោកមានទាំងប៉ុន្មានទៅកាន់អ្នកកាសែតផ្សេងទៀត ដោយឥតលាក់លៀម។ លោកមិនដែលចូលប្រឡូកនៅក្នុងឆាកនយោបាយ ហើយក៏មិនធ្លាប់បញ្ចេញជំហរនយោបាយ ក្នុងពេលប្រកបអាជីពជាអ្នកសារព័ត៌មានដែរ។
លោក ប៉ែន សមិទ្ធិ ពេលនៅរស់ បានបន្សល់ទុកនូវគំរូស្នាដៃបទពិសោធន៍ជាច្រើនសំរាប់ការនឹករលឹករបស់យើងនិងសំរាប់ឱ្យយើងរៀនសូត្រ។ លោកគឺជាឪពុកមួយរូបដែលបានបូជាធនធានពេលវេលាកម្លាំងកាយ និងកម្លាំងប្រាជ្ញា ដើម្បីការរីកធំធាត់របស់កូនលើគន្លងគុណធម៌ និងការរីកចំរើនរបស់សង្គម។ មរណភាពរបស់លោកប៉ែនសមិទ្ធិក៏ជាការបាត់បង់កល្យាណមិត្ត ធ្លាប់រួមសុខទុក្ខជាមួយគ្នាក្នុងអាជីពសារព័ត៌មាននិងជាអ្នកដឹក នាំសារព័ត៌មានម្នាក់ប្រកបដោយ សមត្ថភាពនិងចំណេះដឹងជ្រៅជ្រះ មានការទទួលខុសត្រូវ ខ្ពស់និងមានព្រហ្មវិហារធម៌ ព្រមទាំងបានចូលរួមក្នុងសកម្មភាពជាច្រើនដើម្បីផលប្រយោជន៍អ្នក កាសែតនិងសង្គមទាំងមូល។ មានមនុស្សជាច្រើននាក់ដែលបាន រីកធំធាត់ក្នុងអាជីពជាអ្នកកាសែតរហូតមកទល់ពេលនេះដោយសារបានការតម្រង់ណែនាំ និងបណ្តុះបណ្តាលពីរូបលោក ទោះជាដោយផ្ទាល់ ឬដោយប្រយោល ទោះជាអ្នកនោះ បានដឹងខ្លួនឬមិនបានដឹងខ្លួនក៏ដោយចុះ។ លោកបានចូលរួមចំណែកយ៉ាងសំខាន់ដើម្បីធ្វើអោយមានការរីកចម្រើននៃវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ហើយក៏បានពង្រីកទំនាក់ទំនងនិងលើកកម្ពស់មុខមាត់សារព័ត៌មានកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ លោកក៏ជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ធ្វើឡើងក្រោមប្រធានបទ សេរីភាព និងជំរុញការអភិវឌ្ឍន៍។ នៅក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន៣ទំព័រ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្លឹបកាសែតកម្ពុជា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងរៀបចំយន្តការសម្រាប់អនុវត្តក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មាន ពង្រឹងគុណភាព និងការទទួលខុសត្រូវផ្នែក វិជ្ជាជីវៈសារព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ កសាងសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយចីរភាព។
ក្រោមប្រធានបទ សេរីភាព និងជំរុញការអភិវឌ្ឍ គឺពិតជាមានសារសំខាន់ស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងនិងលើកស្ទួយសេរីភាពខាងសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់ ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន និងជំរុញការចូលរួមរបស់សារព័ត៌មាន ក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព នោះគឺជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព លើកកម្ពស់យ៉ាងហ្មត់ចត់ នូវសេរីភាពសារព័ត៌មាន និងការកសាងព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីសម្រេចបាននូវការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងការកសាងប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ។
ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកសារព័ត៌មាន គឺជាដៃគូអភិវឌ្ឍមិនអាចខ្វះបាន និងបានយកចិត្តទុកដាក់លើកស្ទួយវិស័យសារព័ត៌មាន ឲ្យមានការរីកចម្រើន។ ការបើកទូលាយសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្វើឲ្យវិស័យនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សដែលរហូតមកដល់បច្ចុប្បន្ន ក៏មានអង្គភាពសារព័ត៌មានបរទេស ដែលកំពុងធ្វើការផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជួបសំណេះសំណាលជាមួយតំណាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យនៅតាមស្ថាប័ន និងក្រសួងនានា ប្រមាណជាង១ពាន់នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ នៅលើពិភពលោកនេះ គ្មាននរណាជួបជាមួយអ្នកកាសែតច្រើនជាងសម្តេចនោះទេ ព្រោះអ្នកទាំងនោះកាន់តំណែងតិចជាងសម្តេច។ សម្តេចតេជោប្រសាសន៍ថា សម្តេចបានជួបជាមួយអ្នកព័ត៌មានតាំងពីសម្តេចនៅជារដ្ឋមន្ត្រីក្រសួងការបរទេសមកម្ល៉េះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យមន្ទីរ ស្ថាប័នរដ្ឋនានា ត្រូវចេះរៀបចំឲ្យមានការផ្តល់ព័ត៌មាន និង បានណែនាំឲ្យតែងតាំងប្រធានមន្ទីរព័ត៌មានតាមបណ្តាខេត្តនីមួយៗ ធ្វើជាអ្នកនាំពាក្យសម្រាប់ខេត្តនោះតែម្តង ដោយត្រូវបង្កើតគេហទំព័រ និងក្រុមការងារ Facebook ដើម្បីផ្តល់ព័ត៌មានកាន់តែងាយស្រួល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចូលចិត្តនិយាយអ្វីដែលជាការពិត ហើយព្រោះតែការនិយាយការពិតនោះហើយ ទើបធ្វើឲ្យសម្តេចអាចធ្វើជានាយករដ្ឋមន្ត្រីបានរហូតដល់ ៣២ឆ្នាំ។ ព័ត៌មានដែលនិយាយការពិត និងទាន់ហេតុការណ៍ ជាព័ត៌មានដែលធ្វើឲ្យអ្នកអានចូលចិត្ត។
សម្តេចនាយករដ្ឋមន្ត្រីស្នើឲ្យស្ថាប័នព័ត៌មានទាំងអស់ កុំធ្វើជាអ្នកអត្ថាធិប្បាយផង ការពារក្តីផង និងចៅក្រមកាត់ក្តីផង។ សម្តេចមានប្រសាសន៍ថា បើអ្នកព័ត៌មាននោះដើរហួសពីតួនាទី នឹងជះឥទ្ធិពលទៅដល់ស្ថាប័នតុលាការ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំទៀតថា ធ្វើជា “អ្នកកាសែតកុំជោរ!” ហើយបើសរសេរព័ត៌មានត្រឹមត្រូវកុំខ្លាចគេប្តឹង។ បានស្នើកុំឲ្យមានការដោះដូរលុយជាថ្នូរជាមួយព័ត៌មន ព្រោះព័ត៌មាននេះមិនអាចដោះស្រាយបញ្ហាសង្គមបាននោះទេ គឺកំពុងបង្កើតអំពើពុករលួយ។
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអ្នកព័ត៌មានផ្សាយតែការពិត ព្រោះសម្តេចត្រូវការតែការពិតប៉ុណ្ណោះ ហើយបើសរសេរថ្លោះថ្លោយកុំខ្លាចនឹងការសរសេរកែតម្រូវ។ ព័ត៌មានត្រូវតែច្បាស់ ហើយបើសរសេរកុំខ្លាចគេប្តឹង ហើយត្រូវហ៊ានកែតម្រូវនូវចំណុចដែលខុស។
សម្តេចតេជោ ហ៊ុន សែន បានណែនាំជាថ្មីដល់អ្នកព័ត៌មានកុំឲ្យមានការដាក់កុងត្រូលខុសពីវិជ្ជាជីវៈ ហើយបើធ្វើដូច្នោះនឹងត្រូវវាយខ្នោះនៅនឹងកន្លែងតែម្តង ព្រោះជាបទល្មើសជាក់ស្តែង។ អ្នកព័ត៌មានត្រូវចេះរៀបចំសំណួរសួរ ដើម្បីងាយស្រួលក្នុងឆ្លើយ កុំលើកមកវែងអន្លាយ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យពង្រឹងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលខ្លីៗ។
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ វេទិកានិពន្ធនាយកសារពត័មានកម្ពុជានឹងប្រព្រឹត្តទៅ ធ្វើអោយយើងនឹកដល់មនុស្សម្នាក់ ដែលជាអ្នកផ្តួចផ្តើមគំនិតអោយមាន វេទិកានេះឡើង តែរូបលោកវិញ បានលាចាកលោកនេះអស់រយៈពេលជាងពីរឆ្នាំកន្លងមកហើយ ។
យើងទាំងអស់គ្នាចងចាំទុកនូវពាក្យបណ្តាំរបស់លោកអំឡុងពេលចុងក្រោយនៃជីវិតត្រូវបានចុះផ្សាយលើទំព័រកាសែតរស្មីកម្ពុជា ដកស្រង់ចេញពីលិខិតថ្លែងអំណរគុណរបស់ក្រុមគ្រួសារសពលោក ប៉ែន សមិទ្ធិ ដែលបានបញ្ជាក់ថា ៖ “ប៉ុន្មានថ្ងៃមុនពេលស្លាប់ លោកបានខិតខំនិយាយពាក្យបណ្តាំចុងក្រោយ សម្រាប់មិត្តភក្តិរួមអាជីពសារព័ត៌មានទាំងអស់ ជាពិសេសអ្នករួមការងារនៅកាសែតរស្មីកម្ពុជា ក្លឹបអ្នកកាសែតកម្ពុជា និងគេហទំព័រ CEN ថា ៖ “សុខភាពសំខាន់ណាស់ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ កុំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ។ សូមអ្នកសារព័ត៌មានយើងទាំងអស់ចេះស្រឡាញ់គ្នា ចេះជួយគ្នា និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានកុំឲ្យមានហេតុការណ៍អាក្រក់កើតឡើង ព្រោះពីថ្ងៃនេះទៅលោកមិនអាចនៅជួយការពារបានទៀតឡើយ”។
ម្យ៉ាងវិញទៀត លោកក៏បានសំណូមពរសូមកុំឲ្យមិត្តភក្តិទាំងអស់មកឃើញលោកដែលកំពុងស្ថិតនៅក្នុងស្ថានភាពទ្រាំទ្រនិងការឈឺចាប់នៃជំងឺមហារីក នាដំណាក់កាលចុងក្រោយបែបនេះ ។ នេះគឺជាមូលហេតុមួយដែលមិត្តភក្តិរួមអាជីពនិងក្រៅអាជីពទាំងអស់ មិនបានជួបមុខលោកមុនពេលស្លាប់។
សង្ឃឹមថា យើងទាំងអស់គ្នាដែលជាអ្នកសារព័ត៌មាននឹងចងចាំទុកនូវបណ្តាំចុងក្រោយរបស់លោកដែលធ្លាប់ជា គ្រូ ជារៀមច្បង និងជាមិត្តរួមអាជីព ដែលបានចាកចេញទៅដោយគ្មានថ្ងៃវិលត្រឡប់៕ ដោយ៖ គេហទំព័រ CEN
ខាងក្រោមនេះគឺជាការងារចុងក្រោយរបស់លោកប៉ែន សមិទ្ធិ