កំពង់ចាម ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ខែកុម្ភៈនេះ បានថ្លែងថា តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃនេះវេលាម៉ោង៦ជាងពេលព្រឺក មានករណីផ្ទះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ។
ដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ១នាក់។
ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេសុីល មុខរបរអ្នករត់តាក់សុី និងជាបុគ្គលិកវីញ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម នៅពន្ធនាគារត្រពាំងផ្លុង។ ជនសង្ស័យបានអះអាងថា បានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ បានរត់ចោលជួរនៅឆ្នាំ១៩៩៩។ តាមការស្រាវជ្រាវរបស់ជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ។
ករណីនេះ ជំនាញនគរបាលខេត្តកំពង់ចាមកំពុងបន្តនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី








