ភ្នំពេញ ៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី៤៤ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. ដើម្បី ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៤៣ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។
បើតាមរបាយការណ៍របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន អ.ប.ព. ពាក់ព័ន្ធការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមានមន្ត្រីចំនួន ៤៧៦ រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ២៦១ រូប ដោយឡែកមន្ត្រី ២១៥ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយ មូលហេតុលាឈប់ និងចប់អាណត្តិ។
ក្រុមការងារ អ.ប.ព. ដឹកនាំដោយ ឯកឧត្តម សយ ច័ន្ទវិចិត្ត ឧបការី បានធ្វើបទបង្ហាញ ស្តីពីខ្លឹមសារ សំខាន់ៗ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់លោកគ្រូ-អ្នកគ្រូ ដែលអញ្ជើញមកពីសាលាចំនួន ១៦ នៃក្រុងបានលុង, ស្រុកបរកែវ និងស្រុកអូរជុំ ចំនួន ១៩៧ រូប ហើយបានប្រព្រឹត្តធ្វើឡើងក្នុង ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
អ.ប.ព. បានចូលរួមសង្កេតការណ៍ ការប្រឡងជ្រើសរើសបេក្ខជនចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស (DES) នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដែលបានរៀបចំ ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
បំពេញការងារ ចុះសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៤៧ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ១៥ អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។
បើកវគ្គកម្រិតមធ្យមច្រើនវគ្គដល់មន្ត្រីជំនាញ ខាងស៊ើបការណ៍ក្រៅភូមិសាស្ត្រ។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា សំអាត អគ្គនាយកប្រតិបត្តិការ អមដោយមន្ត្រី អ.ប.ព. ចំនួន ៧ បានចូលរួមកិច្ចប្រជុំទូទៅលើកទី១៤ របស់សមាគមអន្តរជាតិនៃអាជ្ញាធរអន្តរជាតិប្រឆាំងអំពើពុក រលួយ (IAACA) តាមប្រព័ន្ធអនឡាញ។ ក្នុងកិច្ចប្រជុំនេះ ក្រៅពីអនុម័តសមាជិកថ្មីចំនួន ១៤ ស្ថាប័ន បន្ថែម អង្គប្រជុំក៏បានពិភាក្សាលើគំនិតផ្តួចផ្តើមចំនួន ៣ រួមមាន (១) សន្និសីទប្រចាំឆ្នាំ (២) សិក្ខាសាលាថ្នាក់ តំបន់នៅអាស៊ីកណ្តាល អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក និង (៣) ប្រធានបទនៃសិក្ខាសាលា។
ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានពិភាក្សា លើកសំណួរ និងបានផ្តល់អនុសាសន៍ល្អៗ ចំពោះការ រាយការណ៍ ព្រមទាំងផ្តល់ការគាំទ្រដល់អង្គភាព លើកិច្ចការផ្សេងៗទៀត ដែលអង្គភាពកំពុងចាប់អារម្មណ៍ និងកំពុងអនុវត្តនៅពេលនេះ និងនៅពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














