Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស : លទ្ធផលនៃវេទិកាអនាគតអាស៊ាន លើកទី២

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងវេទិកាអនាគតអាស៊ាន លើកទី២ នៅទីក្រុង ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្រោមមូលបទ “ការកសាងអាស៊ានប្រកបដោយការរួបរួមគ្នា បរិយាបន្ន និងភាពធន់ ក្នុង បរិបទ នៃបរិវត្តកម្មសាកល វេទិកានេះជាវេទិកាដ៏សំខាន់ សម្រាប់ការចែករំលែកទស្សនៈ និងពិភាក្សាពី គំនិតផ្តួចផ្តើមថ្មីៗ ក្នុងការកសាងអនាគតភ្លឺស្វាងសម្រាប់អាស៊ាន តាមរយៈការស្វែងរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ក៏ដូចជាការកសាងសហគមន៍អាស៊ានមួយប្រកបដោយភាព រឹងមាំ និងភាពធន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាវាគ្មិនកិត្តិយសក្នុងកិច្ចប្រជុំពេញអង្គទី២ បានអញ្ជើញ ថ្លែងសុន្ទរកថាលើប្រធានបទ ស្តីពី “ការពិនិត្យឡើងវិញនូវគោលការណ៍គ្រឹះរបស់អាស៊ាន៖ ការត្រៀម លក្ខណៈសម្រាប់ការប្រឈមនាពេលអនាគត”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារ សំខាន់នៃការប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលអាស៊ាននិងមាគ៌ាអាស៊ាន ហើយបានបញ្ជាក់ថាការរក្សា សន្តិភាពជាអាទិភាពខ្ពស់បំផុត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មី អំពីសារសំខាន់ នៃការជួយមីយ៉ាន់ម៉ាតាមរយៈការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដោយប្រកាន់ខ្ជាប់នូវ គោលការណ៍ស្នូលរបស់គ្រួសារអាស៊ាន និងរក្សាការឯកភាពគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន លើកឡើងថា អាស៊ានត្រូវតែរក្សាបាននូវភាពជាម្ចាស់ក្នុងការកំណត់របៀបវារៈតំបន់ ហើយអាស៊ានត្រូវ តែពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ទាំងដៃគូថ្មី និងដៃគូយូរអង្វែង ទន្ទឹមជាមួយការពង្រឹង ស្ថាប័នអាស៊ាន ដើម្បីធានាថាមជ្ឈភាពអាស៊ាននៅតែជាស្នូលនៃការទំនាក់ទំនង។

ក្នុងឱកាសនៃវេទិកាអនាគតអាស៊ាន លើកទី២ នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ផាម មីញជីញ នាយករដ្ឋមន្ត្រី និងជួបពិភាក្សា ការងារដាច់ដោយឡែកជាមួយ ឯកឧត្តម ប៊ូយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងនយោបាយ ពាណិជ្ជកម្ម ការតភ្ជាប់ ប្រជាជននិងប្រជាជន ក៏ដូចជាការតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។ ក្នុងនេះបានឯកភាព រៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកទី២១ និងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម លើកទី១៣ នៅឆ្នាំ២០២៥។ ទន្ទឹមនេះ ភាគីទាំងពីរបានបញ្ជាក់ការ ប្តេជ្ញាចិត្តសាជាថ្មីចំពោះការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ពោរពេញដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងការអនុវត្តនូវអ្វីដែលបានឯកភាពដោយថ្នាក់ដឹកនាំរបស់ ប្រទេសទាំងពីរ។

ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏មានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ដែលបានផ្តោតទៅលើកិច្ចសហប្រតិបត្តិការដែលមាន សក្តានុពលចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគី និងការត្រៀមដំណើរទស្សនកិច្ចផ្លូវការនាពេល ខាងមុខរបស់ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ និងសារៈសំខាន់នៃ សកម្មភាព ដើម្បីអបអរសាទរខួបអនុស្សាវរីយនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា និងថៃ លើកទី៧៥ ក្នុងឆ្នាំ២០២៥នេះ។ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម៕ រក្សាសិទ្ធដោយ៖សុទ្ធលី