ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក URANO Shigeyuki ប្រធាន JMAS និងសហការី ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ លោក URANO Shigeyuki បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងការអនុវត្តគម្រោងរវាង JMAS និងអង្គភាពស៊ីម៉ាក់ និងសកម្មភាពប្រតិបត្តិការរបស់ JMAS ក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន ការគាំទ្រការងារបោសសម្អាតគ្រាប់បែកចង្កោមក្នុងខេត្តស្ទឹងត្រែង ឆ្នាំ២០២៥ គម្រោងបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យឆ្នាំ២០២៥ និងគម្រោងវិស័យកសិកម្មក្នុងខេត្តបាត់ដំបងឆ្នាំ ២០២៤-២០២៥។
ជាមួយគ្នានោះ លោក URANO Shigeyuki បានបញ្ជាក់ទៀតថា JMAS មានផែនការបង្កើតនូវគម្រោងថ្មីក្នុងភាពជាដៃគូជាមួយអង្គភាពស៊ីម៉ាក់ ព្រមទាំងបានស្នើសុំឱ្យអាជ្ញាធរមីនបន្តផ្តល់ការគាំទ្ររាល់កិច្ចសហប្រតិបត្តិការជាមួយ JMAS ពាក់ព័ន្ធនឹងកិច្ចការសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងដឹងគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះរួមទាំងសកម្មភាពមីនអស់រយៈពេលជាង ៣០ឆ្នាំ ហើយ JMAS ជប៉ុន គឺជាដៃគូមួយ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ក្រោយបោសសម្អាតរួច ព្រមទាំងបានបញ្ជាក់ថា កម្ពុជា និងជប៉ុន នឹងបន្តរក្សានូវទំនាក់ទំនង និងវឌ្ឍនភាពរួមគ្នាលើវិស័យសកម្មភាពមីន។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើកទឹកចិត្តឱ្យ JMAS បន្តសកម្មភាពរបស់ខ្លួនក្រោមកិច្ចសហការជាមួយអង្គភាពស៊ីម៉ាក់ ក្នុងការគាំទ្រការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចការអភិវឌ្ឍន៍សហគមន៍នៅនឹងកន្លែង ដើម្បីផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមមូលដ្ឋាន ជាពិសេសគាំទ្រដល់ទស្សនវិស័យដឹកនាំ និងប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕ រក្សាសិទ្ធដោយ៖សុទ្ធលី








