Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីហង់ជូន ណារ៉ុន ជួបពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក អំពីវឌ្ឍនភាពគម្រោងលើកកម្ពស់វិស័យអប់រំ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូធនាគារពិភពលោក (World Bank) ដឹកនាំដោយ លោកស្រី Tania Meyer, Country Manager ធនាគារពិភពលោកប្រចាំកម្ពុជា និងលោក Cristian Aedo, Practice Manager សម្រាប់ការអប់រំ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ជំនួបនេះមានគោលបំណងដើម្បីពិនិត្យតាមដានវឌ្ឍនភាពនៃគម្រោងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងអប់រំ យុវជន និងកីឡា និងធនាគារពិភពលោក ដូចជា គម្រោងកែលម្អការអប់រំឧត្តមសិក្សាជំហានទី២ (HEIP2), គម្រោងកែលម្អការអប់រំទូទៅ (GEIP) និងគម្រោងកែលម្អការអប់រំ មធ្យមិសក្សា (SIEP) និងគម្រោងការអប់រំមូលដ្ឋាន(BEIP) ព្រមទាំងពិភាក្សាពីការបន្តកែលម្អគោលនយោបាយសំខាន់ៗដើម្បីជំរុញឱ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅលើបញ្ហាប្រឈមនានាក្នុងវិស័យអប់រំ ដោយដោះស្រាយបញ្ហាប្រឈមតាមវិស័យ និងកិច្ចសហការសម្រាប់ការអនុវត្តការងារបន្ត។

ក្នុងឱកាសនៃជំនួបនេះ ភាគីធនាគារពិភពលោក បានចូលរួមអបអរសាទរចំពោះការដាក់ឱ្យអនុវត្តគម្រោងកែលម្អឧត្តមសិក្សា ជំហានទី២ និងបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ផ្តល់នូវកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជំរុញឱ្យរាល់កិច្ចសហប្រតិបត្តិការដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។ ក្នុងភាពជាដៃគូនេះ ភាគីធនាគាពិភពលោក បានបង្ហាញការគាំទ្ររាល់គំនិតផ្តួចផ្តើម និងបន្តចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបានគូសបញ្ជាក់ពីការបេ្តជ្ញាចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងការលើកកម្ពស់ការរៀន និងបង្រៀន ការផ្តល់ការប្រឹក្សាយោបល់ និងវិភាគ (Advisory Services and Analytics – ASA) ដើម្បីដោះស្រាយគម្លាតចំណេះដឹងក្នុងវិស័យអប់រំ និងការកសាងសមត្ថភាពសម្រាប់ការសម្រេចចិត្ត។

ជាការឆ្លើយតប ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក និងចែករំលែកពីវឌ្ឍនភាពក្នុងវិស័យអប់រំនៅកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើកំណែទម្រង់គ្រូបង្រៀន ជំរុញឱ្យមានការកែលម្អវិធីសាស្ត្របង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ បញ្ញាសិប្បនិមិ្មត (AI) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការរៀន និងបង្រៀន ដោយរំលេចពីការដាក់បញ្ចូលកម្មវិធីនេះទៅក្នុងការបណ្ដុះបណ្ដាលគ្រូ និងបន្តធ្វើឱ្យប្រសើរឡើងនូវធនធានដែលមានស្រាប់ ជាជាងធ្វើការផ្លាស់ប្តូរ ឬបង្កើតថ្មី។ ទន្ទឹមនឹងនេះ ក្រសួងក៏បាននិងកំពុងផ្តោតលើការកែលម្អគុណភាព និងការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា ធ្វើវិសោធនកម្មប្រកាសស្តីពីគ្រូបង្រៀនជាប់កិច្ចសន្យា, ណែនាំការផ្តល់អាជ្ញាបណ្ណគ្រូបង្រៀន ដោយត្រូវការបទប្បញ្ញត្តិ និងគោលនយោបាយថ្មី, ការពង្រឹងមូលនិធិប្រតិបត្តិការសាលា (School Operating Fund – SOF)។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់ធនាគារពិភពលោក ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំជាងមួយទសវត្សមកនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការបន្តកែលម្អកម្មវិធីសិក្សា ជាពិសេសនៅកម្រិតឧត្តមសិក្សា ដោយសហការជាមួយវិស័យឯកជន ដើម្បីសិក្សាស្វែងយល់ពីតម្រូវការទីផ្សារការងារ និងនិន្នាការពិភពលោកនៃតម្រូវការជំនាញ ខណៈបញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យជំនាញមួយចំនួនលែងប្រើប្រាស់នាពេលអនាគត និងបានផ្តល់អនុសាសន៍ឱ្យ HEIs ត្រូវរៀបចំបណ្ណាល័យឌីជីថល និងកន្លែងសិក្សា-ការងាររួមគ្នា (co-learning and working space) សម្រាប់ការសិក្សាពេញមួយជីវិត ដែលផ្សារភ្ជាប់ទំនាក់ទំនងគ្នា រវាងការសិក្សា អតីតនិស្សិត សង្គមវិទ្យាសាស្ត្រ និងវិស័យឯកជន លើកកម្ពស់ការចែករំលែកបទពិសោធ និងចំណេះដឹងថ្មីៗ៕រក្សាសិទ្ធដោយ៖សុទ្ធលី