រាជធានីភ្នំពេញ ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ ២០២៥ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រសួងទេសចរណ៍។
រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់យកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដូចបានគូសបញ្ជាក់នៅក្នុងបញ្ចកោណទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណក់កាលទី១ ។ ភាពចាំបាច់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌និងធម្មជាតិដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយនិងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។
ជាការកត់សម្គាល់ នៅឆ្នាំ២០២៤ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦,៧០លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ទេសចរផ្ទៃក្នុងចំនួន ២៦,៥លាននាក់ ក្នុងនោះទេសចរជាតិជាង ២២,៥លាននាក់ និងទេសចរបរទេសជិត ៤លាននាក់ កើនឡើងជាង ៥៤ភាគរយ និងទេសចរជាតិចេញក្រៅជិត ១,៨៥លាននាក់ កើនឡើង ១,៤ភាគរយ ធៀបឆ្នាំ២០២៣ និងទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៣,៦ពាន់លានដុល្លារ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីជំរុញល្បឿនការងារឱ្យមានប្រសិទ្ធភាព និងកាន់តែប្រសើរ គ្រប់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ទៅលើការទទួលយកនូវមតិយោបល់ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល និងកែលម្អបរិយាកាស ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចររាប់តាំងពីច្រកទ្វារអន្តរជាតិ ទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស បញ្ហាអន្តោប្រវេសន៍ និងផ្នែកពាក់ព័ន្ធនានា ដើម្បីបង្ហាញភាពជាខ្មែរ និងស្នាមញញឹមខ្មែរ តាំងពីពេលភ្ញៀវទេសចរ ចូលមកដល់ដំបូង ។
ក្នុងនោះ សម្តេចធិបតី មានប្រសាសន៍ថា “កិច្ចការងារនេះ ក៏ខ្ញុំសូមឆ្លៀតឱកាស ក៏អរគុណទៅដល់អគ្គនាយករដ្ឋានអន្តោប្រវេសន៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជារដ្ឋបាលអាជ្ញាធរខេត្តពាក់ព័ន្ធសមត្ថកិច្ចយើងទាំងអស់ដែលបានរួមគ្នា បញ្ហានៅមានយើងបន្តដោះ ក្តាប់សភាពការណ៍ ហើយយើងបន្តដោះបន្តទៅទៀត កិច្ចការងារមិនងាយស្រួលទេ ប៉ុន្តែនៅពេលយើងមានឆន្ទៈរួមគ្នា យើងអាច ។ កិច្ចការងារខ្លះដោយសារមនុស្ស កិច្ចការងារខ្លះដោយសារប្រព័ន្ធការងារ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កម្ពុជាធ្លាប់បានឆ្លងកាត់នៃការអភិវឌ្ឍវែងឆ្ងាយ និងមានភាពបត់បែនជាច្រើន ហើយបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់ និងឈានចាប់យកកាលានុវត្តភាពថ្មីទៀតប្រកបដោយចីរភាព និងការទទួលខុសត្រូវ ក្នុងនោះ បើទោះបីក្នុងស្ថានភាពដែលភូមិសាស្ត្រនយោបាយសកលមានភាពស្មុគស្មាញ តម្រូវឱ្យយើងត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀតនៅក្នុងការដោះស្រាយបញ្ហាចំពោះមុខជាប្រចាំ។
សម្តេចធិបតីបានគូសបញ្ជាក់ថា ក្នុងទិសដៅនេះសម្តេចសូមលើកទឹកចិត្ត និងផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿននៃការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ដែលក្នុងនោះគឺការរក្សាឱ្យខាងតែបាននូវសុខសន្តិភាព ព្រោះបើ គ្មានសុខសន្តិភាពទេនោះគឺគ្មានការអភិវឌ្ឍ ហើយក៏គ្មានផងដែរនូវអ្វីដែលហៅថាទេសចរណ៍។ ក្នុងន័យនេះក្នុងនាមរាជរដ្ឋាភិបាលសម្តេចធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវពាក្យស្លោកថ្មី «ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព» បន្ថែមលើពាក្យស្លោកដែលរាជរដ្ឋាភិបាលចាស់បានដាក់ចេញគឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការគាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលថាប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ និងសូមអំពាវនាវឱ្យមានការចូលរួមក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យមានភាពសកម្ម និងផុសផុលនៅគ្រប់រូបភាព ដែលនេះគឺជាកិច្ចការសំខាន់ និងសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ រួមជាមួយរាជរដ្ឋាភិបាល និងគ្រប់វិស័យទាំងអស់ ដែលបានធ្វើការផ្សព្វផ្សាយនូវចំណុចល្អៗទាក់ទងទៅនឹងវិស័យទេសចរណ៍នៅកម្ពុជា៕៕ រក្សាសិទ្ធដោយ៖សុទ្ធលី














