រាជធានីភ្នំពេញ : ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសបដិសេធ ការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NK News អំពីករណីសង្ស័យថា មានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) មួយកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពី ការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។
ចំពោះករណីនេះ ក្រសួងពាណិជ្ជកម្មសូមបដិសេធចោលទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយ ដោយ NK News និងសូមបញ្ជាក់ថា ពុំមានការចុះបញ្ជីពាណិជ្ជកម្មឱ្យក្រុមហ៊ុនដែលមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co., Ltd. នោះទេ។ បន្ថែមលើនេះ ក្រុមការងារ ក្រសួងពាណិជ្ជកម្មក៏បានចុះធ្វើការស្រាវជ្រាវនៅតាមផ្សារលក់ផលិតផលកូរ៉េក្នុងរាជធានីភ្នំពេញ ឃើញថាពុំមាន ការធ្វើធុរកិច្ចពាក់ព័ន្ធជាមួយធុរជនកូរ៉េខាងជើងឡើយ។
ក្រសួងពាណិជ្ជកម្ម តែងតែអនុវត្តយ៉ាងម៉ត់ចត់តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ (UNSC) និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា ដោយបានលុបចេញពីបញ្ជីពាណិជ្ជកម្ម និងបិទគ្រប់អាជីវកម្មដែលពាក់ព័ន្ធធុរជនកូរ៉េខាងជើងចំនួន ១៦ ក្រុមហ៊ុន-សហគ្រាស នៅក្នុងឆ្នាំ២០១៩ និង ឆ្នាំ២០២២ ហើយបានបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ អនុវត្តនូវប្រភេទទណ្ឌកម្មផ្សេងៗ ដូចដែលមានចែងក្នុងសេចក្តីសម្រេចរបស់ UNSC ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

