Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចបវរធិបតី បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន១៧ ដើម្បីជាមូលដ្ឋានបន្ថែម ក្នុងការជំរុញល្បឿនការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និង ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ក្នុងវិស័យទេសចរណ៍

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ បាន កោតសរសើរក្រសួងទេសចរណ៍ ដោយក្នុងរយៈពេលខ្លីបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ សំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបានកន្លងមក ព្រមទាំងតម្រង់ទិសឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយម ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងទស្សនាទាន “មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No One and No Place Behind)” ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន១៧ ដើម្បីជាមូលដ្ឋានបន្ថែម ក្នុងការជំរុញល្បឿនការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និង ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ក្នុងវិស័យទេសចរណ៍ រួមមាន៖ ទី១. ត្រូវរួមគ្នាបន្តរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសុខសន្តិភាព ដែលកម្ពុជាយើងរកបានដោយលំបាក និងបានដាក់ចេញនូវពាក្យស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព», ទី២. ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការសកម្មភាពពិពិធកម្មកម្មវិធី, ពិសេសតារាងព្រឹត្តិការណ៍ (Event Calendar) ឱ្យមានភាពសម្បូរបែប, ទី៣. ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជា គោលដៅទេសចរណ៍ភាពយន្ត (Film Destination), ទី៤. សូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកចិត្តឱ្យទូលាយ ក្នុងការទទួល មតិរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល និង កែលម្អបរិយាកាស ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ, ទី៥. អភិបាល នៃគណៈអភិបាលរាជធានីខេត្ត បន្តជំរុញការរៀបចំគោលដៅទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានលក្ខណៈស្តង់ដា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបង្កើតកញ្ចប់ទស្សនកិច្ចខេត្តដែលមានសក្តានុពលជាប់គ្នា (Cluster Destination), ទី៦. លើកទឹកចិត្តក្នុងការជំរុញសកម្មភាព ការទូតទេសចរណ៍ ដែលក្រសួងទេសចរណ៍ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវសហការគ្នាជិតស្និទ្ធពាក់ព័ន្ធការងារនេះ, ទី៧. សូមរៀបចំឱ្យមានយន្តការស្ថាប័នអន្តរការី ដើម្បីជំរុញការផលិតផលិតផលអនុស្សាវរីយ៍ខ្មែរ និងការតភ្ជាប់ខ្សែច្រវាក់នៃការផលិតនោះ ជាមួយទីផ្សារ និងភ្ញៀវទេសចរ, ទី៨. សូមរួមគ្នាផ្សព្វផ្សាយពីព័ត៌មានល្អៗរបស់កម្ពុជា, អំពីសក្តានុពលទេសចរណ៍របស់កម្ពុជា, ទី៩. សូមគាំទ្រ និងលើកទឹកចិត្តក្រសួងទេសចរណ៍ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ២០២៦-២០៣៥ និងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ ២០២៥ នេះ, ទី១០. សូមវិស័យឯកជនក្នុងវិស័យទេសចរណ៍ បន្តចូលរួមឱ្យកាន់តែសកម្មជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ , ទី១១. សូមឱ្យមានការគិតគូរជាកញ្ចប់សម្រាប់ការត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងដំណាក់កាលទី ១ នាអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីកុំឱ្យមានបញ្ហាណាមួយកើតឡើង, ទី១២. សូមក្រសួងទេសចរណ៍សិក្សាលទ្ធភាព ក្នុងការរៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា (Visit Cambodia Year), ទី១៣. ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាផែនការធ្វើពិពិធកម្មអភិវឌ្ឍផលិតផលទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើនភាពទាក់ទាញ និង ពន្យាការស្នាក់នៅរបស់ទេសចរកាន់តែយូរ, ទី១៤. សូមក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្សារភ្ជាប់គ្នាឱ្យជិតស្និទ្ធ ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍, ទី១៥. សូមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្របសម្រួលជាមួយនឹងក្រុមហ៊ុនទូរស័ព្ទនានាក្នុងប្រទេស ដើម្បីបង្ហោះសារអំពីទេសចរណ៍ ចូលក្នុងប្រអប់សារអ្នកប្រើប្រាស់ ដូចដែលបានកំពុងអនុវត្តពាក់ព័ន្ធបញ្ហាសុខាភិបាល គ្រឿងញៀន គ្រឿងស្រវឹង ។ល។, ទី១៦. លើកទឹកចិត្តឱ្យមានការរៀបចំកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃសមរម្យ សម្រាប់សិស្ស-និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករ-កម្មការនី និងបុគ្គលិកក្រៅប្រព័ន្ធ និងទី១៧. ក្រសួងទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់បុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ ។

មុននឹងបញ្ចប់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សាលារៀនជំនាន់ថ្មី និងមជ្ឈមណ្ឌលសិក្សាទំនើប គឺខុសគ្នា ហើយគ្មានការបិទសាលារៀនជំនាន់ថ្មីទេ ។ ជាមួយគ្នានេះ សាលារៀនជំនាន់ថ្មី នឹងមិនមានការបង់ថវិកាកាតព្វកិច្ចរបស់អាណាព្យាបាល ទៀតទេ ដោយរដ្ឋជាអ្នករាប់រងក្នុងការចំណាយសម្រាប់ដំណើរការសាលារៀនជំនាន់តែម្ដង។ ចំណែកឯ មជ្ឈមណ្ឌលសិក្សាទំនើប គឺជារូបមន្តមួយដែលរដ្ឋ និងវិស័យឯកជនសហការគ្នាតាមបែប «វិនិយោគ-ប្រតិបត្តិការ-ផ្ទេ» (BOT) ប៉ុន្តែផ្នែកមួយចំនួននៃសាលារៀនរដ្ឋត្រូវបានគ្រប់គ្រងដោយឯកជន ដែលជាហេតុនាំឱ្យរដ្ឋអាចបាត់ម្ចាស់ការលើដំណើរការគ្រប់គ្រង, បង្កើតគម្លាតរវាងសិស្សនៅក្នុងសាលាតែមួយ និងបង្កើតឱ្យមានស្តង់ដាពីរក្នុងសាលារៀនតែមួយ។ ក្នុងន័យនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់នូវគោលការណ៍ ទី១. មិនអនុញ្ញាតឱ្យពង្រីកចំនួនមជ្ឈមណ្ឌលសិក្សាទំនេីប បន្ថែមទៀត, ទី២. ចំពោះសាលារៀនចំនួន១០ ដែលទើបនឹងចាប់ដំណេីរការបានជាង២ខែ នឹងអនុញ្ញតឱ្យអនុវត្តរហូតដល់បញ្ចប់ឆ្នាំសិក្សា នៅចុងឆ្នាំនេះ និងទី៣. សាលារៀនចំនួន៨ ដែលបានអនុវត្តរួចហើយ សូមឱ្យក្រសួងអប់រំ យុវជន និងកីឡា សិក្សាដើម្បីរៀបចំដោះស្រាយ ។ បន្ថែមពីនេះ សូមមានការយោគយល់ពីឪពុកម្ដាយ អាណាព្យាបាលទាំងអស់ ព្រោះរដ្ឋត្រូវធានាដល់អនាគតជូនសិស្សានុសិស្ស និងភាពម្ចាស់ការរបស់រដ្ឋនៅក្នុងគ្រឹះស្ថានសិក្សារបស់រដ្ឋ៕ រក្សាសិទ្ធដោយ៖សុទ្ធលី