Friday, February 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងធានារក្សាកិត្តិនាមកម្ពុជា

ភ្នំពេញ ៖ ការគ្រប់គ្រង «កិត្តិនាមកម្ពុជា» គឺជាកិច្ចការងារសំខាន់ដែលអង្គសន្និបាតមហាគ្រួសារវិស័យទេសចរណ៍ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ បានធ្វើការចាប់អារម្មណ៍ និងលើកមកជជែកពិភាក្សា តាមរយៈការធ្វើបទបង្ហាញពីសំណាក់វាគ្មិនមួយចំនួនមកពីស្ថាប័នសាធារណៈ និងផ្នែកឯកជន។

ក្នុងការដឹកនាំកិច្ចពិភាក្សា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា «ការគ្រប់គ្រងកិត្តិនាមកម្ពុជា» គឺជាការងារគន្លឹះអាទិភាពគន្លឹះទី១ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ជំរុញ និងផ្សព្វផ្សាយដើម្បីទាក់ទាញទេសចរអន្តរជាតិពីគ្រប់តំបន់ និងពិភពលោកមកកាន់កម្ពុជា។

ផ្តើមពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមមានភាពរឹងមាំ ជាបុរេលក្ខខណ្ឌក្នុងការធានារក្សាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត វៃឆ្លាត និងបៃតង។ សកម្មភាពផ្សព្វផ្សាយកិត្តិនាមកម្ពុជា នាពេលកន្លងមកបានផុសផុលនិងទូលំទូលាយ ក៏អាស្រ័យដោយមានកិច្ចសហការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយទាក់ទាញទេសចរ វិនិយោគិន និងពិភពលោកឱ្យមកស្គាល់កម្ពុជាកាន់តែច្បាស់ (Bring Cambodia to the World – Bring the World to Cambodia) ក្រសួងទេសចរណ៍នឹងបន្តដឹកនាំរៀបចំយុទ្ធនាការផ្សព្វផ្សាយឱ្យមានភាពច្នៃប្រឌិតបន្ថែមទៀត និងឱ្យចំគោលដៅទីផ្សារ។ បន្ថែមលើនេះ តាមរយៈការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗពីប្រទេសគោលដៅសំខាន់ៗមកថតនៅកម្ពុជា ដោយអាចផ្តល់ជាគោលនយោបាយលើកទឹកចិត្ត និងការសម្រួលនីតិវិធីក្នុងការស្នើសុំការអនុញ្ញាតថតជាដើម។

តាមរយៈអង្គវេទិកា ឯកឧត្តមរដ្ឋមន្ត្រីបានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យមាន Film Tourism ពិសេសគាំទ្រយុទ្ធនាការ «រដូវកាលបៃតង-Green Season» ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច- Low Season» ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀតក្នុងអំឡុងពេលនេះ។

ជាមួយនឹងការគ្រប់គ្រងកិត្តិនាមកម្ពុជា ឱ្យបានល្អនិងទូលំទូលាយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលរាជធានី-ខេត្ត កំណត់និងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ ឱ្យសមស្របតាមអត្តសញ្ញាណនៃរាជធានី-ខេត្តនីមួយៗ រៀងៗខ្លួន។ ការរៀបចំនេះអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចងក្រងជាប្រតិទិនព្រឹត្តិការណ៍ប្រចាំឆ្នាំ និងជំរុញការផ្សព្វផ្សាយ ដោយដាក់បញ្ចូលព្រឹត្តិការណ៍ទាំងនេះទៅក្នុងកញ្ចប់ទស្សនកិច្ចទេសចរណ៍នៅតាមបណ្តាខេត្តគោលដៅ ឬ Cluster ខេត្តគោលដៅផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី