Saturday, March 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានឹងបន្តចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដើម្បីរួមចំណែកពង្រឹងនូវទំនាក់ទំនងអាស៊ី-អឺរ៉ុប ឲ្យកាន់តែប្រសើរឡើងថែមទៀត

ភ្នំពេញ ៖ សារអបអរសាទរ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM DAY) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា “ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយជាអនេក ក្នុងការចូលរួមជាមួយសមាជិក ASEM ដទៃទៀតនៅជុំវិញពិភពលោកអបអរសាទរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប។ នេះជាឱកាសដ៏ពិសេសដើម្បី រំលឹកដល់ការបង្កើតយន្តការពហុភាគីដ៏សំខាន់មួយ ដែលបានដំណើរការជិតបីទសវត្សរ៍មកហើយ សំដៅជំរុញភាពជាដៃគូរឹងមាំយូរអង្វែងក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអាស៊ី និងអឺរ៉ុប។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៦ កិច្ចប្រជុំអាស៊ី-អឺរ៉ុបបានបង្ហាញពីសារសំខាន់ របស់ខ្លួនក្នុងនាមជាវេទិកាសកលមួយ មានប្រទេសសមាជិកចំនួន ៥១ មកពីតំបន់អាស៊ី និងអឺរ៉ុប ដែលតំណាងឱ្យ ៦៥% នៃផលិតផលពិភពលោកសរុប ៦០% នៃចំនួនប្រជាជនពិភពលោក ៧៥% នៃទេសចរណ៍ពិភពលោក និង ៦៨% នៃពាណិជ្ជកម្មពិភពលោក”។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ដោយឈរលើគោលការណ៍កុងសង់ស៊ីស ភាពជាដៃគូស្មើភាព ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម កិច្ចប្រជុំអាស៊ី-អឺរ៉ុបសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន។ តាមរយៈ សសរស្តម្ភនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ កិច្ចប្រជុំអាស៊ី-អឺរ៉ុបបានជំរុញឱ្យមានវឌ្ឍនភាព ធំធេងក្នុងវិស័យនានាដូចជា កិច្ចសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ដែលរួមមាន ការជំរុញការតភ្ជាប់ ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្នែក សន្តិសុខ ជាច្រើនជំពូក រាប់តាំងពីការប្រឆាំងអំពើភេរវកម្ម ចំណាកស្រុកមិនប្រក្រតី និងសន្តិសុខលំហសមុទ្រ និងសន្តិសុខបណ្តាញព័ត៌មានវិទ្យា។

ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងៗពីការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ និងជម្លោះនៅក្នុងប្រទេសជាច្រើន ភាពធន់នៃភាពជាដៃគូក្នុងក្របខ័ណ្ឌ កិច្ចប្រជុំអាស៊ី-អឺរ៉ុបមានសារសំខាន់កាន់តែខ្ពស់ជាងពេលណាៗទាំងអស់។ វាចាំបាច់ណាស់ ដែល ក្របខ័ណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុបត្រូវបន្តខិតខំប្រឹងប្រែងដើម្បីសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នាសម្រាប់សមាជិកទាំងអស់របស់ខ្លួន ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមដូចនេះក្តី កម្ពុជាក្នុងនាមជាសមាជិកសកម្ម និងជាប្រធាននៃ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ នៅតែមានទំនុកចិត្ត ថា កិច្ចប្រជុំអាស៊ី-អឺរ៉ុបនឹងបន្តស្ថិតនៅជាវេទិកាប្រកបដោយថាមវន្តសម្រាប់ពហុភាគីនិយម ដើម្បី ដោះស្រាយបញ្ហាប្រឈមពិភពលោកនាពេលបច្ចុប្បន្ន និងអនាគត។ កម្ពុជានឹងបន្តចូលរួមយ៉ាង សកម្មក្នុងដំណើរការនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដើម្បីរួមចំណែកពង្រឹងនូវទំនាក់ទំនងអាស៊ី-អឺរ៉ុបឲ្យ កាន់តែប្រសើរឡើងថែមទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី