Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ លើកឡើងដោយជំរុញឲ្យ ពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសិង្ហបុរី ឲ្យកាន់តែកើតឡើងបន្ថែមទៀត

ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយ និងស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីសារជាថ្មីម្ដងទៀត ដែលជួបលើកទី១ គឺកាលពីឆ្នាំ២០២១ ក្នុងឋានៈសម្ដេចជានាយករដ្ឋមន្ត្រី។

សម្ដេចតេជោបានរំលេចអំពីបញ្ហាមួយចំនួនដែលកើតឡើងនៅក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ ជាពិសេសបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកើតឡើងក្នុងពេលបច្ចុប្បន្ននេះ ដែលទាមទារឲ្យប្រទេសយើងទាំងពីរ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងសិង្ហបុរី។ សម្ដេចតេជោបានបន្តទៀតថា កន្លងមកយើងមើលទៅលើទីផ្សារឆ្ងាយពេកក៏មានការពិបាក ដូច្នេះយើងត្រូវសម្លឹងមើលទីផ្សារដែលនៅជិតនៅភូមិផងរបងជាមួយគ្នា ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន និង RCEP។ សម្ដេចតេជោចង់ឱ្យកម្ពុជាក៏ដូចសិង្ហបុរីសម្លឹងមើលក្នុងក្របខណ្ឌអាស៊ាន ព្រោះក្នុងក្របខណ្ឌអាស៊ានយើងមានប្រជាជនរហូតទៅដល់៦០០លាននាក់
និង RCEP មានដល់២០០០លាននាក់។

ដែលជាទីផ្សារមួយដ៏ធំ ដែលយើងគួរតែយកចិត្តទុកដាក់ដែលអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។
សម្ដេចតេជោបានមានប្រសាសន៍អំពីខ្លឹមសារ ដែលសម្ដេចរំពឹងថាតាមរយៈជំនួបទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី ដែលរហូតមកដល់ពេលនេះយើងមានការរីកចម្រើនជាបន្តបន្ទាប់ទាំងការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។សម្ដេចតេជោក៏បាន មានប្រសាសន៍លើកឡើងដោយជំរុញឲ្យ ពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសិង្ហបុរី ឲ្យកាន់តែកើតឡើងបន្ថែមទៀត ដែលរហូតមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានខ្ទង់ជាង១ពាន់លានដុល្លារ ហើយសង្ឃឹមថាតាមរយៈឱកាសខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។
សម្ដេចតេជោក៏បានមានប្រសាសន៍អំពីជើងហោះហើរត្រង់រវាងកម្ពុជា និងសិង្ហបុរី ដែលមានកំណើនគួរឲ្យកត់សម្គាល់ ហើយសម្ដេចចង់ឃើញការហោះហើរត្រង់ឱ្យច្រើនបន្ថែមទៀត ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីបានលើកឡើងថា លោកជំទាវនឹងខិតខំប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត ក្នុងពេលដែលលោកជំទាវជាឯកអគ្គរដ្ឋទូតសិង្ហបុរីនៅកម្ពុជាទាំងពេលកន្លងមក និងពេលខាងមុខ។ លោកជំទាវបានគោរពកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែមានគតិបណ្ឌិត ពិសេសក្នុងការដោះស្រាយបញ្ហា ទាំងបញ្ហាតំបន់ និងបញ្ហាពិភពលោក ដោយលោកជំទាវបានមានប្រសាសន៍ថាសម្ដេចតេជោគឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើន ក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ជាមួយគ្នានោះលោកជំទាវក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំបន្តវេនាពេលបច្ចុប្បន្ននេះ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលរហូតមកដល់ពេលនេះ គឺរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ លោកជំទាវសង្ឃឹមថា ក្នុងអាណត្តិលោកជំទាវនៅពេលនេះលោកជំទាវចង់ឃើញនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា ការសម្ពោធនៅព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា។
ក្នុងឱកាសខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ២០២៦នេះ ភាគីទាំងពីរ នឹងមានការរៀបចំប្រកួតប្រជែងធ្វើឡូហ្គោខួប៦០ឆ្នាំដើម្បី បង្ហាញមិត្តភាពរវាងកម្ពុជា និងសិង្ហបុរី។ លោកជំទាវសង្ឃឹមថា ក្នុងខួប ៦០ឆ្នាំនេះទៀតសោត រំពឹងថាកិច្ចព្រមព្រៀងសំខាន់មួយ ទាក់ទងទៅនឹងកាបោនក្រេឌីត នឹងអាចបញ្ចប់នូវកិច្ចព្រមព្រៀងនេះ ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងថា ប្រទេសយើងទាំងពីរបានយកចិត្តទុកដាក់អំពីការប្រែប្រួលអាកាសធាតុ នៅក្នុងពិភពលោកទាំងមូល។ ត្រង់ចំណុចនេះសម្ដេចតេជោ ក៏បានស្វាគមន៍ និងរីករាយហើយសង្ឃឹមថា ភាគីទាំងពីរនឹងអាចបញ្ចប់នូវកិច្ចព្រមព្រៀងនេះ ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី សូមទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី