ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា កម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សដោយយកការបោះឆ្នោតជាយន្តការសម្រេចក្នុងការជ្រើសរើសរើសមេដឹកនាំ។ ការបោះឆ្នោតត្រូវធ្វើឡើងជាទៀងទាត់រយៈពេល៥ឆ្នាំម្តងទាំងថ្នាក់ជាតិនិងក្រោមជាតិដោយកំណត់យកមតិភាគច្រើនជាអ្នកឈ្នះនិងដឹកនាំប្រទេស។ ដំណើរការប្រជាធិបតេយ្យបាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹងមាំជាលំដាប់នៅលើទឹកដីកម្ពុជា។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តមប៉ែន បូណា បានថ្លែងថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិចតែការសម្រេចគឺនៅលើមតិភាគច្រើន មានន័យថា គ្មានក្រុមណាមួយត្រូវបានទាត់ចោលទេ។ អ្នកនៅក្នុងក្រុមមតិភាគតិចក៏មានសិទ្ធិបញ្ចេញមតិ និងលើកពីសំណូមពរនានាបានដែរ។ ប្រសិនបើមតិយោបល់ឬសំណូមពរទាំងនោះសមហេតុផល ក្រុមមតិភាគច្រើនអាចយកទៅពិចារណាដើម្បីជាធាតុចូលឬដោះស្រាយតាមការជាក់ស្តែង។ ប៉ុន្តែ ប្រសិនបើមតិយោបល់នោះមិនសមហេតុផលឬគ្រាន់តែដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួនដូចដែលក្រុមមនុស្សមួយចំនួនបានធ្វើ គ្មានការចាំបាច់ដែលត្រូវលើកយកមកពិចារណាឡើយ។
នៅកម្ពុជា មានមនុស្សមួយចំនួនតូច ជាពិសេសក្រុមដែលប្រកាន់មនោគមន៍វិជ្ជាជ្រុលនិយម ហាក់ដូចជាកំពុងវង្វេងនៅលើវិថីប្រជាធិបតេយ្យនេះដោយពួកគេហៅខ្លួនឯងថា«អ្នកប្រជាធិបតេយ្យ» ប៉ុន្តែ អ្វីដែលពួកគេធ្វើផ្ទុយស្រឡះពីគន្លងប្រជាធិបេយ្យ។ ជាក់ស្តែង ពួកគេចាញ់ឆ្នោតតែបែរជាដេញអ្នកឈ្នះឆ្នោតឱ្យចុះចេញពីដំណែង។ ពួកគេកៀរគរមនុស្សមួយចំនួនតូចដែលពេលខ្លះមិនដល់១%ផងឱ្យធ្វើបាតុកម្មហើយដាក់សម្ពាធលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ អាក្រក់ជាងនេះ ពួកគេប៉ុនប៉ងប្រើកម្លាំងក្រៅច្បាប់ដែហៅថាចលនា«បដិវត្តន៍ពណ៌»ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
ក្រៅពីនោះ នៅមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលបង្កើតឡើង ដោយមនុស្សមួយក្រុមតូច បែរជាតាំងខ្លួនជាតំណាងប្រជាពលរដ្ឋ ហើយដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ ក៏ដូចជាក្រុមអ្នកនយោបាយជ្រុលនិយមដែរ ក្រុមអង្គការសង្គមស៊ីវិលលម្អៀងទាំងនោះ តែងយករឿងអវិជ្ជមានតិចតួចដែលកើតឡើងក្នុងសង្គម ទៅធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃសភាពការណ៍ទូទាំងប្រទេស ដោយមិនខ្វល់ទាល់តែសោះពីចំណុចវិជ្ជមានដ៏ច្រើនលើសលប់ដែលរាជរដ្ឋាភិបាលសម្រេចបាន។
ដូច្នេះ ដើម្បីពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា ជម្រើសមានតែមួយគត់គឺការប្រើប្រាស់យន្តការបោះឆ្នោតដោយគោរពតាមការសម្រេចចិត្តរបស់ប្រជាពលរដ្ឋភាគច្រើន និងគោរពច្បាប់កម្ពុជា។ រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដែលទទួលសំឡេងគាំទ្រភាគច្រើនលើសលប់ពីប្រជាពលរដ្ឋមានការទទួលខុសត្រូវខ្ពស់និងក៏មានគោលនយោបាយដែលត្រូវអនុវត្តតាមសន្យាជាមួយម្ចាស់ឆ្នោតដែរដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ មកបង្កភាពវឹកវរក្នុងសង្គមតាមទំនើងចិត្តបានឡើយ។
ដូច្នេះ សូមអ្នកវង្វេងប្រជាធិបតេយ្យទាំងឡាយយល់ឱ្យច្បាស់និងគួរតែប្រញាប់កែខ្លួនជាបន្ទាន់ពោលគឺកែរបៀបធ្វើការឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ បើមិនដូច្នោះទេ ត្រូវកែឈ្មោះដោយមិនត្រូវតាំងខ្លួនជា«អ្នកប្រជាធិបតេយ្យ»ទៀតទេពីព្រោះអំពើរបស់អ្នកមិនឆ្លុះបញ្ចាំងពីគោលការណ៍ប្រជាធិបតេយ្យឡើយ តែវាគឺជាការបំផ្លាញប្រជាធិបតេយ្យទៅវិញទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




