Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្នើសុំ ក្រសួង ស្ថាប័នពាក់ព័ន្ធបន្តចូលរួមនិងពង្រឹងកិច្ចសហការឱ្យមានលក្ខណៈជីវភាព ដើម្បីសំដៅទប់ស្កាត់ការវិល ត្រលប់មកវិញនូវអំពើប្រល័យពូជសាសន៍នៅកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ ២០២៥ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម រង្សី វិស្សត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូ អភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកទី២ ដែលមាន ការអញ្ជើញចូលរួមពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៤។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកដល់គុណឧបក្ការៈដ៏ជ្រាលជ្រៅ បំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមគំនិតក្នុងការ បង្កើតឱ្យមាន អ.វ.ត.ក. ដែលតុលាការកូនកាត់គំរូមួយ, បានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមដោយផ្ទាល់ក្នុងនីតិវិធី តុលាការ, ជាតុលាការដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ដោយសម្រេចបានតាមគោលដៅនៃការកសាង សន្តិភាព ដោយផ្អែកតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គោលនយោបាយឈ្នះ ឈ្នះ ហើយជាពិសេស ក៏បានចូលរួមចំណែកក្នុងការសម្រេចបាននូវឯកភាពទឹកដីដែលជាងរយៈពេលជាង៥០០ឆ្នាំមកនេះ មិនដែល មាន។ ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់សារៈសំខាន់ដល់ ការងារកេរដំណែលរបស់សម្តេចតេជោ ក្នុងគោលដៅពង្រឹងនិងថែរក្សាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់ឯកឧត្តម ហែម ក្រាញ់តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ អ.វ.ត.ក. ដែលកំពុង សម្រេចបានទាំងនៅក្នុងកំឡុងពេលដំណើរការកាត់សេចក្ដីរយៈពេល១៦ឆ្នាំ ពីឆ្នាំ២០០៦ដល់២០២២ និងទាំង ដំណើរការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. សម្រាប់ឆ្នាំ២០២៣-២០២៤ និងដែលបានបន្សល់ទុកនូវកេរ ដំណែលដ៏សំខាន់ និងមានគុណតម្លៃខ្ពស់ក្នុងការពង្រឹងសន្តិភាព និងការផ្សះផ្សារជាតិ តាមរយៈការផ្សព្វផ្សាយនិង ការអប់រំអំពីសច្ចភាពប្រវត្តិសាស្ត្រ ក្នុងន័យយល់ដឹង ចងចាំ និងបង្ការការវិលត្រលប់មកវិញមកវិញនូវអំពើសាហាវ យង់ឃ្នងនិង ប្រល័យពូជសាសន៍នៅកម្ពុជា។

អង្គប្រជុំ ក៏បានពិភាក្សានិងឯកភាពលើខ្លឹមសាររួមស្តីពីសេចក្តីព្រាងឯកសារទស្សនាទានស្តីពីការបង្កើតស្ថា ប័នកេរដំណែលរបស់អ.វ.ត.ក. នាពេលអនាគត។ ស្ថាប័នកេរដំណែលដែលគ្រោងបង្កើតនេះ មានគោលដៅ៖ ទី១-
គ្រប់គ្រងនិងថែរក្សាបណ្ណសារ ព្រមទាំងបង្កើតឡើងនូវសារៈមន្ទីរស្តីពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ដែល មានលក្ខណៈជាប្រវត្តិសាស្ត្រ; ទី២-លើកកម្ពស់ការបណ្តុះបណ្តាលនិងជំរុញឱ្យមានការស្រាវជ្រាវទៅលើសមិទ្ធផល បទពិសោធ និងយុត្តិសាស្ត្រដ៏មានតម្លៃរបស់អ.វ.ត.ក.; ទី៣-លើកកម្ពស់ដល់ការអប់រំនិងការផ្សព្វផ្សាយឱ្យបានទូលំ ទូលាយដល់យុវជនជំនាន់ក្រោយនិងសាធារណជន ក្នុងការទប់ស្កាត់អំពើសាហាវឃោរឃៅនិងអំពើប្រល័យពូជ សាសន៍នៅកម្ពុជា ថ្នាក់តំបន់និងអន្តរជាតិ; និងទី៤-កសាងភាពជាដៃគូជាមួយ ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុង គោលដៅលើកកម្ពស់គុណតម្លៃសន្តិភាព ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការផ្សះផ្សារជាតិ។ ទាក់ទងនិង ការបង្កើតស្ថាប័នកេរដំណែលរបស់អ.វ.ត.ក. នាពេលអនាគត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្ថែមថា៖ ស្ថា ប័នកេរដំណែលនេះ ជាស្ថាប័នជាតិដែលមានភាពជាម្ចាស់និងក៏មានលក្ខណៈបើកទូលាយផងដែរដល់អង្គការជាតិនិង អន្តរជាតិ និងដៃគូពាក់ព័ន្ធចូលរួមសហប្រតិបត្តិការ ជាពិសេសទាក់ទងទៅនឹងការលើកកម្ពស់កេរដំណែលរបស់អ.វ. ត.ក. ការអប់រំ ការផ្សព្វផ្សាយ ការស្រាវជ្រាវស៊ីជម្រៅកម្រិតជាតិនិងអន្តរជាតិ និងការគាំទ្រដល់ជនរងគ្រោះនិងអ្នករស់ រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាការលើកស្ទួយនៃវប្បធម៌សន្តិភាព ការអភិវឌ្ឍ និងយុត្តិធម៌ជា សកល ដែលជាគុណ តម្លៃស្នូលរបស់កម្ពុជានាពេលបច្ចុប្បន្ន។

នៅចុងបញ្ចប់ អង្គប្រជុំ បានពិភាក្សានិងសម្រេចផងដែរទៅលើគម្រោងរៀបចំប្រារព្ធទិវាជាតិនៃការចងចាំនា ថ្ងៃ២០ ឧសភា ២០២៥ខាងមុខ ឱ្យបានអធិកអធមនិងប្រកបដោយអត្ថន័យនិងខ្លឹមសារ និងដើម្បីបន្តអនុវត្ត ការងារផ្សព្វផ្សាយអំពីសមិទ្ធផលនិងកេរដំណែលរបស់ អ.វ.ត.ក. ឱ្យកាន់តែទូលំទូលាយ នៅក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់អំពើឃោរឃៅបែបនេះ កុំឱ្យកើតឡើងសាជាថ្មីនៅកម្ពុជា ក៏ដូចជា ការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្នើសុំ ក្រសួង ស្ថាប័នពាក់ព័ន្ធបន្តចូលរួមនិងពង្រឹងកិច្ចសហការឱ្យមានលក្ខណៈជីវភាព ដើម្បីសំដៅទប់ស្កាត់ការវិល ត្រលប់មកវិញនូវអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងរក្សាបាននូវសន្តិភាពយូរអង្វែងនិងការអភិវឌ្ឍប្រកបដោយ ចីរភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី