ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ ៖
១. ការបង្កេីតក្រុមជំនុំព្រះត្រៃបិដកឡេីងវិញ ដេីម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលេីគម្ពីរព្រះត្រៃបិដកជាពុទ្ធវចន: ។
២. រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែរ រៀងរាល់៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) ។
៣.រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក ដោយកំណត់យកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះតទៅ ។
បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ករណីសំណើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ រៀបចំក្រុមជំនុំព្រះត្រៃបិដកខ្មែរឡើងវិញ។
យោងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។
ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាជ្រាបថា រាជរដ្ឋាភិបាលបានឃើញនិងឯកភាពជាគោលការណ៍ដូចខាងក្រោម៖
- រៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបិដកខ្មែរ និងប្រែអដ្ឋកថា ដីកា និងយោជនា ជាសេចក្តីពន្យល់របស់ព្រះអរហន្តទៅលើគម្ពីរព្រះត្រៃបិដក ដែលជាព្រះពុទ្ធវចនៈ និងត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសមាសភាព ក៏ដូចជាវិសាលភាពនៃមុខការនិងតួនាទីភារកិច្ច ឱ្យបានច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាពនិងសុក្រឹតភាពនៃការងារសំខាន់នេះ
- ចំពោះការរៀបចំពិធីសូធ្យគម្ពីព្រះត្រៃបិដកខ្មែររៀងរាល់៥ឆ្នាំម្តង នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប គួរពិចារណាធ្វើនៅលើភ្នំព្រះរាជទ្រព្យ (ព្រះសក្យមុនីចេតិយ) ដែលជាទីតាំងតម្កល់ព្រះបរមសារីរិកធាតុ និងជាទីដែលរៀបចំពិធីបុណ្យមាឃបូជានិងពិសាខបូជា ជារៀងរាល់ឆ្នាំ
- កំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីរៀបចំពិធីបុណ្យខួបទី៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃ បិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក អមដោយការសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ រយៈពេល ៣ឬ៥ថ្ងៃ។ ចំពោះទីតាំង គួរពិចារណាធ្វើនៅលើភ្នំព្រះរាជទ្រព្យ (ព្រះសក្យមុនីចេតិយ) ជាជម្រើស ផងដែរ។ ត្រូវពិភាក្សាជាមួយគណៈសង្ឃនាយកនិងធ្វើការសម្រេចរួម។
សេចក្តីសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំងពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស៕រក្សាសិទ្ធដោយ៖សុទ្ធលី







