ភ្នំពេញ : សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា តែអ្នកឯងចូលរំលោភ(ទឹកដី) ប្រើវិធីសាស្ត្រប្រដាប់អាវុធ យើងត្រៀមលក្ខណៈការពារគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារបូរណភាពទឹកដីរបស់យើង រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធម្ដងទៀត អត់ខ្លាចទេ ខ្ញុំសុំបញ្ជាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូច្នេះនៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសបានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់សមាគមឧកញ៉ាកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា កម្ពុជាអត់ខ្លាចប្រទេសណាមួយឡើយ បើហ៊ានចូលឈ្លានពានទឹកដីកម្ពុជា គឺរាជរដ្ឋាភិបាល នឹងចាត់វិធានការតបតវិញភ្លាមទាំងគ្រប់វិធីសាស្រ្តទាំងអស់ រួមទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ ដើម្បីការពារខ្លួន ការពារទឹកដី ការពារដែនអធិបតេយ្យរបស់កម្ពុជា។ ប៉ុន្តែ រាជរដ្ឋាភិបាលតែងតែស្វែងរកវិធីដោះស្រាយដោយសន្តិវិធី មិនចង់យកកម្លាំងយោធាមកដោះស្រាយគ្នាឡើយ តែក៏មិនខ្លាចនឹងប្រើប្រាស់ដែរ បើក្នុងករណីចាំបាច់នោះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានបទស្តីពីសុខសន្តិភាព ទោះនិយាយដល់ដេកយល់សុបិន ក៏នៅតែនិយាយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាទឹកដី រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយនោះឡើយ។ ជាក់ស្តែងឆ្នាំ២០០៨ រាជរដ្ឋាភិបាល មិនបានស្រែកនោះទេ តែកម្ពុជាបានឆ្លើយតបដោយកម្លាំងប្រដាប់អាវុធ នៅពេលគេចូលមកឈ្លានពានទឹកដីកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងប្រាសាទតាមន្តធំក៏ដូចជា រឿងព្រះវិហារដែរ រាជរដ្ឋាភិបាលមិនស្រែកនោះទេ ប៉ុន្តែបើមានការឈ្លានពាន ឬធ្វើសកម្មភាពផ្ទុយពីស្ថានភាពបច្ចុប្បន្ន គឺរាជរដ្ឋាភិបាល នឹងឆ្លើយតប រាប់ទាំងកម្លាំងប្រដាប់អាវុធផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពួកអាវលឿងមួយក្រុម ដែលមកស្រែកនៅតំបន់ប្រាសាទតាមន្តធំ គឺទាហានថៃ បានរារាំងហើយ មិនចាំបាច់រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រកាន់ជំហគោរពច្បាប់អន្តរជាតិ ចរចាដោយសន្តិវិធី ប៉ុន្តែកម្ពុជាត្រៀមលក្ខណៈគ្រប់ពេល បើមានការប្រើកម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា គឺកម្ពុជានឹងឆ្លើយតបរាប់ ទាំងការប្រើកម្លាំងប្រដាប់អាវុធផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនប្រាថ្នាសង្គ្រាមនោះឡើយ កម្ពុជាត្រូវការសុខសន្តិភាព ព្រោះសង្គ្រាមមិនចំណេញនោះឡើយ គឺនាំឱ្យតែខាតប៉ុណ្ណោះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានបទពិសោធន៍អស់ហើយ ទាំងការប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ នៅឆ្នាំ១៩៦២ និងការប្រយុទ្ធដោយកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០០៨៕ រក្សាសិទ្ធដោយ៖សុទ្ធលី







