Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាអប់រំរវាងកម្ពុជា និងអូស្ត្រាលី៖ ការស្វែងរកកាលានុវត្តភាពជាដៃគូ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុង វេទិកាអប់រំរវាងកម្ពុជា និងអូស្ត្រាលី៖ ការស្វែងរកកាលានុវត្តភាពជាដៃគូ (the Australia-Cambodia Education Forum: Exploring Partnership Opportunities) ដោយមានការចូលរួមពីសំណាក់ Ms. Emma McDonald ស្នងការជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម និងវិនិយោគ អូស្ត្រាលី-វៀតណាម និងកម្ពុជា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ តំណាងវិស័យឯកជន ដៃគូសហការជាតិ និងអន្តរជាតិ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ប្រតិភូសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់អូស្ត្រាលីដែលបានធ្វើដំណើរមកចូលរួមវេទិកានេះដោយផ្ទាល់នៅកម្ពុជា និងគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធដែលបានចំណាយពេលប្រមាណ៧ខែ ក្នុងការរៀបចំវេទិការនេះឱ្យលេចចេញជារូបរាងឡើង ក្នុងគោលបំណងដើម្បីជំរុញការផ្សារភ្ជាប់ទំនាក់ទំនង ស្វែងរកកាលានុវត្តភាពក្នុងការរួមបញ្ចូលដំណោះស្រាយសិក្សាប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា និងជំរុញភាពជាដៃគូរវាងស្ថាប័ន/គ្រឹះស្ថានសិក្សានានារបស់កម្ពុជា និងអូស្ត្រាលី ឈានទៅបង្កើតកម្មវិធីសិក្សារួមគ្នា Dual Degree ឬ វគ្គសិក្សាអនឡាញ ដែលជួយដល់ការអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យទាញយកអត្ថប្រយោជន៍យ៉ាងសម្បូរបែបពីជំនួបថ្ងៃនេះ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំពិភាក្សាតាមក្រុម ដើម្បីពិនិត្យមើលឱកាសបន្ថែម និងជំនួបមួយទល់មួយ (Business Matching)។

មានប្រសាសន៍នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី គណៈកម្មការពាណិជ្ជកម្ម និងវិនិយោគអូស្ត្រាលី (Austrade) គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំ និងជំរុញឱ្យវេទិកាដ៏មានសារៈសំខាន់នេះដំណើរការទៅដោយរលូននិងជោគជ័យ សំដៅពង្រឹងទំនាក់ទំនងអប់រំ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត។ អូស្ត្រាលីបានក្លាយជាដៃគូយុទ្ធសាស្ត្រក្នុងកិច្ចខិតខំប្រឹងប្រែអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្នុងអំឡុងជាងបីទសវត្សរ៍មកនេះ មានបញ្ញវន្តកម្ពុជាលើសពី ១ពាន់នាក់បានបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅគ្រឹះស្ថានឧត្តមសិក្សានានានៅប្រទេសអូស្ត្រាលី និងមានសាលាអូស្ត្រាលីមួយចំនួនត្រូវបានបង្កើតឡើង និងកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវការអប់រំស្តង់ដាអូស្ត្រាលីប្រកបដោយគុណភាព។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តតំណាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងអូស្ត្រាលីឱ្យបន្តស្វែងរកឱកាសថ្មីៗដើម្បីចូលរួមក្នុងការពិភាក្សាឈានទៅបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសំខាន់ៗដូចជា ការកសាងសមត្ថភាព ការពង្រឹងគ្រឹះស្ថាន ការអភិវឌ្ឍជំនាញត្រៀមខ្លួនសម្រាប់ឧស្សាហកម្ម ការអប់រំឌីជីថល ការអប់រំ STEM បញ្ញាសិប្បនិមិ្មត(AI) កម្មវិធីផ្លាស់ប្តូរការសិក្សា និងគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នាជាដើម ដោយបានគូសបញ្ជាក់ពីទំនុកចិត្តលើជំនាញ និងបទពិសោធក្នុងវិស័យអប់រំដ៏មានគុណភាពរបស់អូស្ត្រាលី ព្រមទាំងបានរំលេចនូវការរំពឹងទុកថា វេទិកាថ្ងៃនេះនឹងបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដោយជំរុញការច្នៃប្រឌិត នាំមកនូវផលប្រយោជន៍ និងពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមក រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព ឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០។

គួរបញ្ជាក់ដែរថា ក្នុងឱកាសនៃវេទិកាអប់រំនេះ មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ៣ រវាង ១) SACE Board (South Australian Certificate of Education) និង Australia Cambodia Education Academy (AusCam) ២) សាកលវិទ្យាល័យ Macquarie និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ៣) វិទ្យាស្ថាន CamEd និង NEAS (National ELT Accreditation Scheme) ៕ រក្សាសិទ្ធដោយ៖សុទ្ធលី