Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បញ្ចប់មុខងារលោកស្រី ជៀម សំរិតសោភា ជាជំនួយការរដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតជម្រាបមក ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្តាល​ក្នុងកម្មវត្ថុ៖ ស្តីពីលទ្ធផល នៃការធ្វើអធិការកិច្ច ពាក់ព័ន្ធនឹងពាក្យបណ្ដឹង ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់លោកវរសេនីយ៍ត្រី ហោ សំអុល អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដែលបានប្តឹងលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ និងកូនប្រុសស្រីចំនួន២នាក់ទៀត រួមជាមួយឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ។

យោង៖- ពាក្យបណ្ដឹង ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់លោកវរសេនីយ៍ត្រី ហោ សំអុល អតីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ មានទីលំនៅផ្ទះលេខ៦៥០ ផ្លូវលេខ២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

  • ចំណារដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃ បានទទួល ពាក្យបណ្ដឹងដូចមានក្នុងយោងខាងលើ សុំប្តឹងពីឈ្មោះរួមមាន ១.លោក ជៀម សំរិតធី មន្ត្រីនគរបាល គ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ២.លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ៣.លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ និង៤.លោកស្រី ជៀម សំរិតសោភា ជាអ្នក សរសេរលើសំបុត្រកំណើត(កាន់ឯកសាររត់ការ) ពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ”។

ក្រោយពីបានចាត់មន្ត្រីធ្វើអធិការកិច្ច និងពិនិត្យឯកសារពាក់ព័ន្ធរួចមក ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូន រដ្ឋបាលខេត្តកណ្តាល ធ្វើលិខិតណែនាំទៅរដ្ឋបាលសង្កាត់តាខ្មៅ ឱ្យបញ្ចប់មុខងារលោកស្រី ជៀម សំរិតសោភា ជាជំនួយការរដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមរំលឹកថា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទដែលជាស្មៀនសង្កាត់តាខ្មៅម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ រំលោភលើទំនុកចិត្ត ដោយស៊ីដាច់លុយ និង បន្លំដកយកសាច់ប្រាក់ពីកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ជាង ៦០ លានរៀល នៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ ប្រព្រឹត្តទៅនៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់លោកស្រី ហុង ម៉ារីនិច បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ សុខ សុផា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរស្មៀនសាលាសង្កាត់តាខ្មៅ ។

សូមបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនត្រូវចោទឈ្មោះ សុខ សុផា ជាស្មៀនសង្កាត់តាខ្មៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើការផ្ទៀងផ្ទាត់ និង រក្សាទុកនិងបានទៅដកប្រាក់ពីកម្មវិធីមករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ជូនម្ចាស់ដើមពិតប្រាកដមែន ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ” តាមមាត្រា៥៩៧ ,មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ ។ និងត្រូវប្រឈមមុខនឹងជាប់គុក ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល ៕ រក្សាសិទ្ធដោយ៖សុទ្ធលី