Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបជនបរទេស លោក Christនិងគូដណ្តឹង ត្រូវសមត្ថកិច្ចក្របួចបានហើយ , ស្នងការថា ជនល្មើសជាមុខសញ្ញាចាស់

ភ្នំពេញ ៖ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបជនរងគ្រោះជាជនបរទេសនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញបានប៉ុន្មានម៉ោងក្រោយមក ដោយមានការស្រាវជ្រាវស៊ើបអង្កេតពីកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំណត់បានមុខសញ្ញាជនសង្ស័យ នៅរសៀលថ្ងៃដដែលសមត្ថកិច្ចបានឈានចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ មានឈ្មោះ កែវ ខួចចិន្តា ។

ជនដៃដល់ត្រូវចាប់ខ្លួនបាននៅថ្ងៃទី១៥ ខែមីនា​ ឆ្នាំ២០២៥​ វេលាម៉ោង១៦៖៥៥នាទីនៅចំណុចបន្ទប់ជួល ផ្លូវ៩៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ ដែលបានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនបរទេសកំពុងដេីរបានសម្រេច​ នៅត្រង់ចំណុច​ផ្លូវលេខ១០៦​ កែងផ្លូវលេខ១៣​ ខណ្ឌដូនពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ជនល្មើសត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ចាប់ខ្លួនបានហើយ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ, ជនល្មើសម្នាក់នេះជាមុខសញ្ញាចាស់។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតទ្រព្យសម្បត្តិរបស់ជនរងគ្រោះបានមកវិញហើយ។ សមត្ថកិច្ចក៏បានដកហូតសម្ភាររបស់ជនរងគ្រោះមកវិញផងដែរ។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។

លោក Christ ដែលជា Vlogger ល្បីឈ្មោះ និងគូដណ្តឹងរបស់គាត់ សូមថ្លែងអំណរគុណនគរបាលរាជធានីភ្នំពេញ ដែលបានស្វះស្វែង និងខិតខំយកចិត្តទុដាក់សម្រាប់ពួកគាត់ទាំង២នាក់ ដោយនាំទៅដាក់ពាក្យបណ្តឹងភ្លាមៗ ហើយកំពុងរួមគ្នាស្រាវជ្រាវតាមចាប់ ចោរឆក់ ក្រោយធ្វើសកម្មភាពឆក់កាបូបគាត់នៅម្តុំផ្សាររាត្រី ខណ្ឌដូនពេញ នាវេលាថ្ងៃត្រង់ទី១៥ ខែមីនា ឆ្នាំ២០២៥។

លោក Christ ជាជនជាតិអាមេរិក ហើយគូដណ្តឹងរបស់គាត់មានសញ្ជាតិវេណេហ្សូអេឡា និងអេស្ប៉ាញ។ ក្រោយការសួរនាំរបស់នគរបាល ពេលទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវត្តភ្នំ, លោក Christ បានបញ្ជាក់ថា សម្រាប់ហេតុការណ៍នេះ លោកមិនមានការបាត់បង់ទ្រព្យសម្បត្តិនោះឡើយ តែគូដណ្តឹងរបស់លោកបានបាត់លិខិតឆ្លងដែនវេណេហ្សូអេឡា ID Card និងលុយមួយចំនួន តែលិខិតឆ្លងដែនអេស្ប៉ាញមិនបាត់នោះទេ។

នៅវេលាម៉ោង ១០៖៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ លោក និងគូដណ្តឹង នឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅសហរដ្ឋអាមេរិក ហើយមួយខែក្រោយនឹងត្រឡប់មកវិញ។ នៅចំពោះមុខនគរបាល, លោក Christ ពិតជាពេញចិត្តចំពោះចំណត់ការភ្លាមៗរបស់កម្លាំងនគរបាល ដែលបានជួយអន្តរាគមន៍ករណីចោរកម្មមួយនេះ។ លោកបានរម្លឹកថា ពេលលោកទៅវៀតណាម ក៏ធ្លាប់ចោរឆក់កាបូបរបស់លោកផងដែរ និងញឹកទៀតផង តែសម្រាប់កិច្ចអន្តរាគមន៍វិញ មិនដូចសមត្ថកិច្ចកម្ពុជានោះទេ។

នៅពេលត្រឡប់មកប្រទេសកម្ពុជានៅខែក្រោយ, លោក Christ បានសន្យាថា នឹងនាំ Vlogger ល្បីៗមកជាមួយដើម្បីជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោកកាន់តែខ្លាំងឡើង ព្រោះលោកស្រឡាញ់កម្ពុជា។

សម្រាប់ករណីនេះ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានចុះទៅជួបសួរនាំផ្ទាល់ ជាមួយជនរងគ្រោះទាំង២នាក់ ដើម្បីឲ្យដាក់ពាក្យបណ្តឹង ហើយលោកបានបញ្ជាឲ្យកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវតាមចាប់ចោរឆក់ទាំងនោះជាបន្ទាន់។

សូមជម្រាបថា លោក Christ ជាជនបរទេសម្នាក់ ដែលតែងតែថតផ្សព្វផ្សាយល្អៗពីកម្ពុជា ទៅកាន់ពិភពលោកមានទាំងតំបន់ទេសចរណ៍ ម្ហូបអាហារ និងវប្បធម៌ប្រពៃណីខ្មែរជាដើម៕រក្សាសិទ្ធដោយ៖សុទ្ធលី