Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា កំពុងជាប់គុកនៅខេត្តពោធិ៍សាត់ច្បាស់ណាស់ មិនមែនជារឿងលេងសើច ឬរឿងចាស់ៗ និងរូបភាពចាស់ៗនោះទេ !

ភ្នំពេញ ៖ ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខស់ម៉េចធិក ឯ.ក ដែលមាន លោកស្រី ជួន សុធារ៉ា ជាអគ្គនាយិកា គឺពេលនេះ កំពុងជាប់គុកបណ្ដោះអាសន្ន នៅឯខេត្តពោធិ៍សាត់ច្បាស់ណាស់ ប៉ុន្តែប៉ុន្មានថ្ងៃមកនេះ ក្រុមបរិវាររបស់គេ យករូបភាព ឬវីដេអូ ចាស់ៗ របស់ លោកស្រី ជួន សុធារ៉ា ធ្វើជាផុសនៅលើផេក facebook សម្ដែងជាឈុតឆាកផ្សេងៗ ហាក់បង្ហាញ ឬបោកបញ្ឆោតភ្នែកសាធារណជនឱ្យយល់ថា លោកស្រី ជួន សុធារ៉ា កំពុងនៅក្រៅឃុំ ហើយជាប់រវស់ថតសម្ដែងប្រ៉ូម៉ូតផលិតផលផ្សេងៗរបស់លោកស្រី, ប៉ុន្តែទោះជាយ៉ាងណា ជាប់គុក គឺជាប់គុកហើយ ហើយក៏មិនមែនរូបជាប់គុកចាស់ៗនោះដែរ គឺរូបជាប់គុកថតថ្មីៗនេះឯង, រូបលោកស្រី ជួន សុធារ៉ា ជាប់គុកនេះ គឺថតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ខណៈដែលលោកស្រីរូបនេះ ត្រូវបានគេបញ្ជូនទៅដល់មុខខ្លោងទ្វារគុកខេត្តពោធិ៍សាត់។

ជាភាពរឹងមាំនៃការអនុវត្តច្បាប់ គឺសមត្ថកិច្ចមិនអាចលេងសើច យកលោកស្រីរូបនេះ មកឱ្យថតសម្ដែងនៅក្រៅឃុំបាននោះទេ ព្រោះសុទ្ធតែមានកាលកំណត់ និងបង្គាប់បញ្ជាពីតុលាការ ច្បាស់លាស់ ម៉ឺងម៉ាត់ , ត្រាណាតែមានបង្គាប់បញ្ជាថ្មីពីតុលាការ  ទើបវាសនារបស់ លោកស្រី ជួន សុធារ៉ា អាចមានការប្រែប្រួលបាន។

ដើម្បីបញ្ជាក់កាន់តែច្បាស់ថា លោកស្រី ជួន សុធារ៉ា អគ្គនាយិកា ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខស់ម៉េចធិក ឯ.ក កំពុងស្ថិតនៅក្នុងគុក ឬជាប់គុកនៅឯខេត្តពោធិ៍សាត់នោះ សារព័ត៌មាន Cambodia Express News ( CEN ) សូមលើកយកខ្លឹមសារ នៃរបាយការណ៍មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ និងដីកាបង្គាប់បញ្ជា របស់សាលាដំបូងខេត្តពោធិ៍សាត់ ដូចតទៅ ÷

យោងតាមរបាយការណ៍សំយោគរបស់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ បានរាយការណ៍ជូន ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមស្លាដំបូងខេត្តពោធិ៍សាត់ ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីភ្នាក់ងារមូលដ្ឋានសម្ងាត់ ទាក់ទងទៅនឹងការស្តុកទុកគ្រឿងសម្អាងមួយចំនួនធំខុសច្បាប់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ សមត្ថកិច្ចជំនាញផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នៅវេលាម៉ោង ១៤: ៤០ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានចុះឆែកឆេរទីតាំងផ្ទះមួយល្វែង ស្ថិតក្នុងបុរីភួស៊ីណូ ភូមិដង្គា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានកិច្ចសហការជាមួយម្ចាស់ទីតាំងឈ្មោះ នឿម សំបូរ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ។

ការត្រួតពិនិត្យជាក់ស្ដែង រកឃើញផលិតផល គ្រឿងសម្អាងម៉ាក សម្រស់ធារ៉ាមួយចំនួនធំ មានដូចជា : ឡេឈូក , ឡេបៃតង , ម៉ាស់សារ៉ាយ , ឡេក្លៀក , ម៉ាសសន្លឹក , ឡេយូវី , BB តូច , BB ធំ , ថូនណឺ , ហ្វូម , ឡេលាបមុខពេលយប់  និងឡេលាបមុខពេលថ្ងៃ គឺ ជាផលិតផលស្តុកទុក ចែកចាយ ពុំមានចុះបញ្ជិកា ក្លែងបន្លំប្រភពផលិត និងនិមិត្តសញ្ញាគុណភាពផ្សេងៗ ( មានចុះហត្ថលេខាលោកនាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច , លោកស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រីស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ) ។ អ្នកស្រី នឿម សំបូរ ដែលជាម្ចាស់ទីតាំងខាងលើ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនបានទិញផលិតផល សម្រស់ធារ៉ា ទាំងនេះ ពីក្រុមហ៊ុនសម្រស់ធារ៉ា ដែលមានម្ចាស់ លោកស្រី ជួន សុធារ៉ា យកមកលក់ និងចែកចាយក្នុងខេត្តពោធិ៍សាត់។

ចំណែក ដីកា របស់សាលាដំបូងខេត្តពោធិ៍សាត់ វិញមាន ដូចជា ដីកា បញ្ជាឱ្យចូលខ្លួនរបស់ លោក គ្រី សីហា តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លេខ ០៧ អ.ក / ២៥ បញ្ជាក់ថា បញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ចនាំខ្លួនបុគ្គល ឈ្មោះ ជួន សុធារ៉ា ភេទស្រី ជាអ្នកតំណាងឱ្យ ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខស់ម៉េចធិក ឯ.ក មានអាសយដ្ឋាន ផ្ទះលេខ A២ ផ្លូវទួលពង្រ ភូមិត្រពាំងចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ឱ្យចូលបង្ហាញខ្លួន នៅអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឱ្យបានមុន ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណី ” រំលោភលើទំនុកចិត្ត និងឆបោកមានស្ថានទម្ងន់ទោស តាមពាក្យបណ្ដឹងរបស់ឈ្មោះ នឿម សំបូរ ។ ករណីនេះ លោកស្រី ជួន សុធារ៉ា មិនបានចូលខ្លួន តាមដីការបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូងខេត្តពោធិ៍សាត់ នោះទេ ទើបឈានដល់ការចាប់ខ្លួន និងបញ្ជូនទៅដាក់គុកជាបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ គឺមិនមែនជារឿងលេងសើច ឬរូបភាពចាស់ ឬក៏រឿងចាស់នោះទេ គឺដាក់គុកជាក់ស្ដែងថ្មីៗនេះតែម្ដង។

ដូច្នេះ គួរបញ្ជាក់ឡើងវិញថា កម្លាំងនគរបាល នៃខេត្តពោធិ៍សាត់ បានតាមប្រមាញ់ចាប់ឃាត់ខ្លួន លោកស្រី ជួន សុធារ៉ា អគ្គនាយិកា ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខស់ម៉េចធិក ឯ.ក បានសម្រេចហើយ ធ្វើឡើងតាមដីកាតុលាការខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្នុងបទល្មើស កែច្នៃផលិតគ្រឿងសម្អាងក្លែងក្លាយ គ្មានបទដ្ឋានបច្ចេកទេស គ្មានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវគឺចាប់ខ្លួននៅក្នុងទឹកដីខេត្តកោះកុង ហើយបញ្ជូនមកកាន់ខេត្តពោធិ៍សាត់ ជាទឹកដីម្ចាស់ករណី , ក្រោយសាកសួរអស់ជាច្រើនម៉ោង ចៅក្រម នៃសាលាដំបូងខេត្តពោធិ៍សាត់ ក៏សម្រេចបញ្ជូន លោកស្រី ជួន សុធារ៉ា ទៅដាក់ឃុំក្នុងពន្ធនាគារជាបណ្ដោះអាសន្ន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ។ 

ការចាប់ឃាត់ខ្លួននេះ ទទួលបានការសាទរពីសំណាក់មហាជនយ៉ាងខ្លាំង ចំពោះចំណាត់ការមិនដកដៃ​របស់សមត្ថកិច្ចខេត្តពោធិ៍សាត់ ក្នុងនោះមានមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងតុលាការ ដោយគិតគូរពីផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ជាធំ , ហេីយនេះចាត់ទុកជាសារផ្ញេីជូនទៅអ្នកលក់ផលិតផលផ្សេងៗទៀត ដែលចចេសកែច្នៃខ្លួនឯង នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រេីប្រាស់​ ។

សូមបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនសម្រស់ធារ៉ានេះ ពូកែណាស់ខាងមាត់រឹង តបជាមួយសាធារណជន មហាជនថា អ្នកសារព័ត៌មាន ផ្សាយព័ត៌មានមិនពិត បំភ្លៃ បំផ្លើស ជាដើម… តែដល់ពេលនេះ ជាប់គុកបាត់ ! ពាក្យចាស់ពោលមិនខុសមែន គេថា បើមិនឃើញក្ដារមឈូស មិនស្រក់ទឹកដីនោះទេ, ឥឡូវ ចូលសម្រាកក្នុងគុកដោយសារបទល្មើសរបស់ខ្លួន ស្រក់ទឹកភ្នែក ឬមិនស្រក់មិនដឹងទេ ទុកឱ្យ លោកស្រីរូបនេះ ចាត់ចែងខ្លួនឯងចុះ ។

ស្ដីពីក្រុមហ៊ុនសម្រស់ធារ៉ា ដែលមិនចុះញ៉មនឹងច្បាប់ ឬសមត្ថកិច្ចនោះ គឺសមត្ថកិច្ច បានធ្វើការចាប់ និងឆែកឆេរ កសាងឯកសារ សំណុំរឿង លើសកម្មភាពល្មើសច្បាប់របស់ក្រុមហ៊ុននេះ ជាច្រើនលើក ច្រើនសា រួចមកហើយ ដែលយ៉ាងហោចណាស់ក៏ ៣ ដងដែរ គឺ លើទី១. នៅខេត្តស្វាយរៀង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានកំណត់ហេតុរបស់សមត្ថកិច្ច អមជាមួយដីការបស់សាលាដំបូងខេត្តស្វាយរៀង , លើកទី២. ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ មានកំណត់ហេតុរបាយការណ៍របស់សមត្ថកិច្ចខេត្តពោធិ៍សាត់ , និងលើកទី៣. នៅខេត្តពោធិ៍សាត់ ដដែល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ មានកំណត់ហេតុរបាយការណ៍របស់សមត្ថកិច្ច អមដោយដីកាសាលាដំបូងខេត្តពោធិ៍សាត់ , រហូតមកដល់ ថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានចាប់ខ្លួន និងបញ្ជូនខ្លួន លោកស្រី ជួន សុធារ៉ា តាមដីកាបង្គាប់របស់សាលាដំបូងខេត្តពោធិ៍សាត់ទៅដាក់ពន្ធនាគារខេត្តពោធិ៍សាត់ តែម្ដង, មិនមែន មិនមានរឿងអ្វីកើតឡើង ចំពោះ លោកស្រី ជួន សុធារ៉ា នោះទេ គឺលោកស្រីរូបនេះ ពិតជាកំពុងជាប់គុកនៅខេត្តពោធិ៍សាត់ច្បាស់ណាស់៕ រក្សាសិទ្ធដោយ៖CEN