Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈដ្ឋានមួយចំនួន សម្លឹងមកកម្ពុជា ជាកន្លែងបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត ដែលធាតុពិត រាជរដ្ឋាភិបាល បានប្រឹងប្រែងបង្ក្រាបឧក្រិដ្ឋកម្មនេះ យ៉ាងយកចិត្តទុកដាក់

ភ្នំពេញ ៖ ថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងប្រឈមនឹងមតិសាធារណៈ អវិជ្ជមានជាច្រើន អំពីក្រុមឧក្រិដ្ឋជនលួចបន្លំតាមប្រព័ន្ធអ៊ីនធើណេត ការបោកប្រាស់ ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការក្លែងបន្លំទ្រង់ទ្រាយធំ ធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអាជ្ញាធរ និងរដ្ឋាភិបាលបរទេស ប៉ុន្តែធាតុពិត រាជរដ្ឋាភិបាលកម្ពុជា  បានប្ដេជ្ញាយ៉ាងយកចិត្តទុកដាក់ ក្នុងការខិតខំប្រឹងប្រែងបង្ក្រាបឧក្រិដ្ឋជន បោកប្រាស់ តាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណេត នេះ យ៉ាងខ្លាំងក្លា, ជាក់ស្ដែង បង្ក្រាបប្រមូលពួកឧក្រិដ្ឋជនដែលជ្រកកោនតាមអគារនានានៅតាមបណ្ដាខេត្ត-រាជធានី បានជាច្រើនរយនាក់, ជាពិសេសការបន្ថែមអាជ្ញាធរមួយថ្មីទៀត គឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងបទល្មើស ការបោកប្រាស់ តាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណេត ដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ។ 

ដ្បិតថា មានជនរងគ្រោះមួយចំនួន ដែលជារឿយៗត្រូវបានចាញ់បោកការផ្សាយពាណិជ្ជកម្មក្លែងក្លាយ ហើយធ្លាក់ចូលអន្ទាក់ជនទុច្ចរិត ត្រូវបានគេឃុំឃាំងក្នុងទីតាំងអគារឆបោក ដោយបង្ខំឱ្យអនុវត្តសកម្មភាពក្លែងបន្លំ ទៅកាន់បុគ្គលជាច្រើនទៀតនៅទូទាំងពិភពលោក ឱ្យធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ពួកឧក្រិដ្ឋជន រួចហើយជំរិតទារប្រាក់ និងបង្ខំឱ្យធ្វើការគ្មានប្រាក់ខែ ពោលគឺ ធ្វើការរបៀបទាសករ ដែលថ្មីៗនេះ មានអត្រាកើនឡើងក៏ពិតមែន ប៉ុន្តែយ៉ាងណា អ្នកទាំងនោះ ក៏ត្រូវបានសមត្ថកិច្ចកម្ពុជា សង្គ្រោះចេញពីកណ្ដាប់ដៃឧក្រិដ្ឋជន និងបង្ក្រាបឧក្រិដ្ឋជនបានជាច្រើនរយអ្នកផងដែរ។

យោងតាមគណៈកម្មាធិការជាតិសម្រាប់ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានបើកការបង្ក្រាបលើការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិត និងឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា ដែលស្មើនឹងប្រមាណ ២០% នៃករណីសរុបជាង ៤០០ ត្រូវបានដោះស្រាយ។ 
ទន្ទឹមនឹងនេះ ចាប់ពី ខែកញ្ញា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន មតិសាធារណៈ បានផ្តោតទៅលើបណ្តាញបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត ដែលភាគច្រើនជាជនជាតិចិនក្នុងខេត្តព្រះសីហនុ និងនៅក្នុងបណ្ដារាជធានី-ខេត្ត ជាច្រើនទៀត ពួកគេប្រើប្រាស់ កុំព្យូទ័រ និងទូរស័ព្ទ ដើម្បីធ្វើសកម្មភាពបោកប្រាស់។

គួររំលឹកថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានមួយចំនួន បានដកស្រង់របាយការណ៍របស់អគ្គស្នងការនគរបាលជាតិកម្ពុជា ថា អាជ្ញាធរកម្ពុជាបានបើកប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេត ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនបរទេសចំនួន ២៥៨ នាក់ ក្នុងនោះ ជនជាតិចិន ២៤៧នាក់ , មីយ៉ាន់ម៉ា ៩នាក់ , ម៉ាឡេស៊ី ១នាក់ និងវៀតណាម ១នាក់។ ហើយកន្លងមកមុននេះ គឺកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា បានឆ្មក់ចូលក្រុងប៉ោយប៉ែត ភាគពាយ័ព្យនៃប្រទេសកម្ពុជា ដោយរកឃើញសកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេតខុសច្បាប់ដែលមានជនជាតិបរទេសចំនួន ២៣០នាក់ (ស្រី៦៨នាក់) ក្នុងនោះ មានជនជាតិថៃចំនួន ១២៣នាក់ ចូលរួមប្រតិបត្តិការខុសច្បាប់តាមប្រព័ន្ធអនឡាញដឹកនាំដោយជនជាតិចិនម្នាក់។

ទន្ទឹមនឹងនេះ នៅក្នុងខែមករា ឆ្នាំ២០២៥ ស្ថិតិបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកបោកប្រាស់ ដោយប្រើលេខកូដ QR ក្លែងក្លាយ ដែលបង្កឱ្យមានការខឹងសម្បារជាសាធារណៈ និងជំរុញឱ្យប្រជាពលរដ្ឋអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងវិធានការការពារ។ ការកើនឡើងនៃការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេតជាច្រើននៅក្នុងប្រទេសកម្ពុជា បានជះឥទ្ធិពលអវិជ្ជមានដល់មុខមាត់ប្រទេស និងស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងខេត្តនានារបស់កម្ពុជា។ វាហាក់ដូចជាប្រទេសកម្ពុជាកំពុងត្រូវបានពិពណ៌នាថា ជាកន្លែងក្តៅនៃសកម្មភាពបោកប្រាស់ខុសច្បាប់។ នេះ ក៏ជាការបង្កើនហានិភ័យនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងប្រឈមនឹងការ ពិនិត្យមើលយ៉ាងជិតស្និទ្ធពីសហគមន៍អន្តរជាតិ។ 

ដើម្បីឆ្លើយតបទៅនឹងការក្លែងបន្លំតាមអ៊ីនធើណេត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចាប់ផ្តើមយុទ្ធនាការការយល់ដឹងអំពីសុវត្ថិភាពតាមអ៊ីនធឺណិត រួមទាំងសកម្មភាពទំនាក់ទំនង និងសិក្ខាសាលាអប់រំ ក្នុងគោលបំណងលើកកម្ពស់ទម្លាប់អនឡាញប្រកបដោយសុវត្ថិភាពក្នុងចំណោមសាធារណជន។ រដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធឱ្យបង្កើនសកម្មភាពសហប្រតិបត្តិការអន្តរជាតិ រួមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌា ដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីបណ្តាញក្លែងបន្លំតាមអ៊ីនធើណេត ដែលសង្ស័យ និងបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការជំនាញមួយ ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសក្លែងបន្លំ ការបោកប្រាស់ តាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណេត ដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសមាជិក ២៤រូបទៀត រួមមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំអង្គភាពយោធា និងនគរបាលព្រមទាំងថ្នាក់ដឹកនាំខេត្តនានាទូទាំងប្រទេស ដើម្បីអនុវត្តបង្ក្រាបបទល្មើសតាមប្រព័ន្ធអ៊ីនធើណេត។ 

ការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពី ចុងខែកុម្ភៈ ឆ្នាំ២០២៥ អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃកម្ពុជា បានបើកយុទ្ធនាការបំផ្លាញបណ្តាញអ៊ីនធើណេតខុសច្បាប់ជាច្រើនកន្លែងនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា ដោយចាប់ខ្លួនជនបរទេសរាប់រយនាក់ដូចបានរៀបរាប់ខាងលើ។ យុទ្ធនាការបង្រ្កាបឧក្រិដ្ឋជនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណេត ដើម្បីបោកប្រាស់ និងឧក្រិដ្ឋកម្មផ្សេងទៀតដែលទាក់ទងនឹងការក្លែងបន្លំតាមអ៊ីនធើណេត គឺរាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយ និងបង្ក្រាបឧក្រិដ្ឋកម្មតាមអ៊ីនធើណេតដែលកំពុងក្លាយជាការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

នាពេលខាងមុខ ដើម្បីរួមចំណែកបង្កើតបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាប្រកបដោយស្ថិរភាព និងទាក់ទាញការវិនិយោគពីបរទេស រដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅខិតខំប្រឹងប្រែងបន្ថែមទៀត ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការក្លែងបន្លំ ការបោកប្រាស់ តាមប្រព័ន្ធអ៊ីនធើណេតឱ្យកាន់តែខ្លាំងក្លា ជាពិសេស ពង្រឹងកងកម្លាំងមុខងារ សមត្ថកិច្ចជំនាញ ដើម្បីកម្ទេចចំណុចក្តៅនៃការក្លែងបន្លំតាមអ៊ីនធើណេត នៅតំបន់ភូមិភាគឦសាននៃកម្ពុជា ទន្ទឹមនឹងការជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសដៃគូ និងបណ្តាប្រទេសនានាក្នុងតំបន់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ៕ រក្សាសិទ្ធិដោយ : CEN