Thursday, March 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីបបែលយក្សទឹកសាបនៅកម្ពុជា កំពុងស្ថិតក្នុងការពិចារណា ដើម្បីដាក់បញ្ចូលក្នុងបញ្ជីប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជា

ត្រីបបែលយក្សទឹកសាបដែលមានឈ្មោះជាភាសាអង់គ្លេស Giant Freshwater Whipray (Stingray) និងឈ្មោះវិទ្យាសាស្ត្រ Urogymnus polylepis ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ក្នុងឆ្នាំ២០២១ ជាប្រភេទជិតផុតពូជជាសាកល។

ត្រីបបែលយក្សទឹកសាបនៅមានវត្តមានក្នុងប្រទេសកម្ពុជានៅឡើយទេ ហើយក្នុងនោះត្រីបបែលយក្សទឹកសាបមួយក្បាលដែលមានឈ្មោះថា “បូរមី” ត្រូវបានចុះក្នុងកំណត់ត្រាពិភពលោកក្នុងសៀវភៅហ្គីនណែស (Guinness World Records) ក្នុងឆ្នាំ២០២២ ជាត្រីទឹកសាបដែលធំជាងគេបំផុត ដោយមានទម្ងន់រហូតដល់៣០០គីឡូក្រាម។ នេះជាមោទនភាពរបស់ប្រទេសកម្ពុជាយើងទាំងអស់គ្នា។

តែទោះជាយ៉ាងណាក្តី ត្រីបបែលយក្សទឹកសាបនេះមិនទាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជាតាមរយៈអនុក្រឹត្យលេខ១២៣ ចុះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ នៅឡើយទេ។ រដ្ឋបាលជលផលកំពុងរៀបចំឯកសារដើម្បីស្នើសុំរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់បញ្ចូលត្រីប្រភេទនេះក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ដែលវាគឺជាឯកសារផ្លូវច្បាប់ដ៏សំខាន់ខ្លាំងមួយក្នុងការការពារ គ្រប់គ្រង និងអភិរក្សត្រីបបែលយក្សទឹកសាបឱ្យមាននិរន្តរភាព។

ដើម្បីចូលរួមចំណែកក្នុងការអភិរក្សត្រីបបែលយក្សទឹកសាប អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានសហការជាមួយរដ្ឋបាលជលក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី “ការប្រមូលព័ត៌មានដើម្បីគាំទ្រការដាក់បញ្ចូលត្រីបបែលយក្សទឹកសាបក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់” ក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ កាលពីថ្ងៃទី១៣ និង១៤ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ។ គោលបំណងនៃសិក្ខាសាលាទាំងពីរនេះ គឺដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដែលមានចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងត្រីបបែលយក្សទឹកសាប អំពីស្ថានភាពប្រជាសាស្ត្រ ប្រភេទទីជម្រក និងកត្តាគំរាមកំហែងរបស់វា រួមជាមួយការពិភាក្សាលើយុទ្ធសាស្ត្រសំខាន់ៗនៃការស្តារចំនួនត្រីប្រភេទនេះឱ្យមានការកើនឡើង។

សិក្ខាសាលានេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល លោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងលោក អាលីសស្ទែរ ម៉ូលដ៍ នាយកអង្គការ WCS កម្ពុជា ដោយមានអ្នកចូលរួមសរុប៥៤នាក់ (ស្រ្តី៥នាក់) ដែលជាតំណាងនៃរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលជលផល មន្ទីរបរិស្ថាន អាជ្ញាធរស្រុក ឃុំ ភូមិ អង្គការដៃគូ និងសហគមន៍នេសាទ។

សិក្ខាសាលានេះត្រូវបានរៀបចំក្រោមគម្រោង “ពង្រឹងសមត្ថភាពសហគមន៍នេសាទដើម្បីការពារត្រីបបែលយក្សតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា” ដែលទទួលបានការគាំទ្រថវិកាពីមូលនិធិភាពជាដៃគូសម្រាប់ប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ (CEPF) និងអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)៕ រក្សាសិទ្ធដោយ៖សុទ្ធលី