ភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Laurent Ferreira ប្រធាន និងនាយកប្រតិបត្តិធនាគារជាតិកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
នៅក្នុងឱកាសនៃជំនួប, លោកប្រធានធនាគារ បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីវឌ្ឍនភាពអាជីវកម្មរបស់ធនាគារ ABA ដែលបានក្លាយជាធនាគារលំដាប់ទី១ នៅកម្ពុជា និងបានគូសបញ្ជាក់ថា ធនាគារ ABA ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ដែលបានចូលរួមចំណែកដល់ការធ្វើទំនើបកម្មប្រព័ន្ធធនាគារនៅកម្ពុជា។ លោកប្រធានធនាគារ ជឿជាក់ថា ធនាគារ ABA នឹងបន្តបំពេញតួនាទីសំខាន់ និងបន្តចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ធនាគារ ABA, ជាពិសេស ការទទួលបានចំណាត់ថ្នាក់ ជាធនាគារលំដាប់ទី១ នៅកម្ពុជា។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមចំណែករបស់ធនាគារ ABA នៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធធនាគារកម្ពុជា តាមរយៈការធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ទន្ទឹមនឹងនោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយគន្លឹះនានារបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និង ធានានូវភាពធន់នៃប្រព័ន្ធធនាគារកម្ពុជា។ ជាមួយគ្នានេះ, សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យធនាគារ ABA ពិនិត្យលទ្ធភាព ក្នុងការគាំទ្រហិរញ្ញវត្ថុទៅដល់ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការបង្កើនតម្លៃបន្ថែមរបស់វិស័យនេះ ផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី







