សៀងហៃ៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលរៀបចំឡើងដោយសម្ព័ន្ធភស្តុភារកម្មសកល ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សហគមន៍ធុរកិច្ចដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។
មានមតិក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់ព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍ (១)សុខសន្តិភាព ស្ថិរភាពនយោបាយ (២) ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន (៣) កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត និងបើកទូលាយទទួលយកការបណ្តុះបណ្តាលថ្មីៗ (៤) រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យឯកជន (៥) របបវិនិយោគដែលមានភាពទាក់ទាញ បត់បែន និងអនុគ្រោះ (៦) ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា និង (៧) ទីតាំងភូមិសាស្ត្រដែលមានអំណោយផលខ្ពស់។
តាមរយៈវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថាវិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួម នឹងពិនិត្យលទ្ធភាពនិងឱកាសអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយបន្តនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចទីក្រុងសៀងហៃឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
សូមជម្រាបជូនផងដែរថា ឆ្លៀតឱកាសនៃវេទិកាខាងលើ លិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការរៀបចំកម្មវិធីជំរុញ និងទាក់ទាញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធភស្តុភារកម្មសកល ត្រូវបានចុះហត្ថលេខាក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី








