Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល»

រាជធានីភ្នំពេញ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិត» និងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងពិធីនេះដែរ ក៏មានព្រះវត្តមាននិមន្តចូលរួមដ៏ឧត្តុង្គឧត្តមរបស់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព, ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័នហ្រេតធើនីធី, លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, នាយក នាយករង នៃមន្ទីរពេទ្យថ្នាក់ជាតិទាំង១០ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានការចូលរួមសហការពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី(វីតាល់)។

កម្មវិធីក្នុងនាពេលនេះ គឺជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺ ដែលលោកមានតម្រូវការឈាមជាចាំបាច់ របស់មន្ត្រីសុខាភិបាលទាំងមូល។ អ្នកផ្តល់ឈាមទាំងអស់ គឺជាវីរៈបុរស ដែលការផ្តល់ឈាម គឺជាការធ្វើអំពើល្អ បន្តកសាងបន្ថែមបុណ្យកុសល ជួយសង្គ្រោះអាយុជីវិតមនុស្ស។

ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យថ្នាក់ជាតិ និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងសប្បុរសជននានា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក រួមគ្នាចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីបង្ហាញពីក្តីសេចក្តីស្រឡាញ់ និងទឹកចិត្តលះបង់ ក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ បន្ថែមពីលើភារកិច្ចពិនិត្យព្យាបាល និងថែទាំអ្នកជំងឺ។

ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងសូមថ្លែងអំណរគុណចំពោះការចូលរួមស្វែងយល់ពីអត្ថន័យនៃការបរិច្ចាគឈាម និងស្ម័គ្រចិត្តបរិច្ចាគឈាមតាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅគ្រប់ទីកន្លែង។ លើសពីនេះ ព្រះវត្តមានរបស់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព គឺជាការជំរុញលើកទឹកចិត្តដល់សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាម បានយល់ដឹងអំពីការធ្វើអំពើល្អដោយទឹកចិត្តបរិសុទ្ធ ដើម្បីជួយអ្នកជំងឺកំពុងរង់ចាំការជួយសង្គ្រោះអាយុជីវិត ពីក្រុមវេជ្ជបណ្ឌិតជំនាញគ្រប់ឯកទេស បុគ្គលិកថែទាំជំងឺទាំងឡាយ ជាមួយនឹងឈាមដែលជាឱសថដ៏មានតម្លៃដ៏ឧត្តុងឧត្តមបំផុតមិនអាចកាត់ថ្លៃបាន។ លើពិភពលោកនេះពុំមានមន្ទីរពិសោធន៍ណាផលិតឈាមបានឡើយ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានយកឱកាសដ៏ពិសេសនេះ បំពាក់គ្រឿងឥស្សរិយយសមេដាយ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យ ចំនួន ៧២នាក់ ដែលមានស្នាដៃ និងបទពិសោធន៍ក្នុងការបំពេញការងារ និងដើម្បីជាការលើកទឹកដល់មន្រ្តីសុខាភិបាល ក្នុងការខិតខំបំពេញការងារបន្ថែមទៀត។

សូមជម្រាបជូនថា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានចូលរួមបរិច្ចាគឈាម រួមជាមួយដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីរាជការ បានធ្វើការបរិច្ចាគឈាមនៅមន្ទីរពេទ្យកាល់ម៉ែត ដែលទទួលបានអ្នកបរិច្ចាគសរុប ចំនួន ៤៥៦នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី