ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវស្រ្តីលក់ផលិតផលផ្លែឈើអនឡាញ បានធ្វើឲ្យផ្ទុះកក្រើកពេញបណ្តាញសង្គមតែម្តង ដោយសារតែស្រ្តីរូបនេះ រកស៊ីមិនស្មោះត្រង់ កុហកបោកប្រាស់អតិថិជន យកទុរេននាំចូលពីវៀតណាម ថាជារបស់ខ្មែរ ជាពិសេសគឺអះអាងថាជាទុរេនមេមត់ ខណៈរដូវកាលនេះ ទុរេនអ្នកចំការមេមត់ទើបតែចេញក្តឹប និងផ្លែនៅខ្ចី មិនទាន់ទុំនោះទេ។
តែរឿងទុរេនមេមត់ក្លែងក្លាយ មិនទាន់បាត់ស្ងប់ផង ឥឡូវនេះ ចូលដល់រឿងថ្មី ផលិតផលទំពាំងបាយជូក្រៀមក្លែងក្លាយវិញម្តង ខណៈពេលនេះ មហាជននៅលើបណ្តាញសង្គម បានចាប់ផ្តើមផ្ទុះការវែកញែកផ្អើលខ្លាំងទៀតហើយ។
ជាក់ស្តែង បន្ទាប់ពីបានឃើញស្រ្តីម្ចាស់ផេក «ផ្សារធម្មជាតិកសិករខ្មែរ» រូបនេះ បាននិងកំពុងប្រម៉ូតលក់ទំពាំងបាយជូក្រៀមអាមេរិក ដ៏គួរឲ្យសង្ស័យ ១ កំប៉ុងតម្លៃត្រឹមតែ ៨០០០៛ ប៉ុណ្ណោះ ស្រាប់តែអ្នកនៅអាមេរិក បានបញ្ចេញឲ្យដឹងថា ទំពាំងបាយជូក្រៀមរបស់អាមេរិកពិត មិនមែនតម្លៃថោកអញ្ចឹងទេ គឺតម្លៃ ៤០ ដុល្លារ ឯណោះ។
លើសពីនេះ ពួកគេក៏បានឆែកតាមអ៊ីនធើរណែត និងរកឃើញថា មានទំពាំងបាយជូក្រៀមក្លែងក្លាយ ដែលជាផលិតផលរបស់វៀតណាម និងបានអះអាងថា បានក្លែងបន្លំ QR Code ផលិតផលអាមេរិក ទៀតផង ខណៈមហាជនបានសម្តែងការហួសចិត្តថា របស់យួនបិទផ្លាកអាមេរិក, ដឹងតើថារបស់ក្លែងក្លាយ យក QR គេមកដាក់ បើនៅ USA គុកបាត់ហើយ។
ទន្ទឹមនឹងនេះផងដែរ មហាជនក៏សូមឲ្យប្តីប្រពន្ធនេះ គួរតែផ្តូរឈ្មោះផេកចោលទៅ ដែលមិនសមដាក់ឈ្មោះថាជា «ផ្សារធម្មជាតិកសិករខ្មែរ» សោះឡើយ។
គួរបញ្ជាក់ថា ស្ត្រីរូបនេះ រួមទាំងប្តី ត្រូវបានមន្រ្តីកាំកុងត្រូលខេត្ត ចុះទៅធ្វើការអប់រំដល់ផ្ទះ ដែលមានទីតាំងស្ថិតក្នុងភូមិតាម៉ូត ឃុំគ៏ ស្រុកព្រៃឈ៏ ខេត្តកំពង់ចាម បន្ទាប់ស្ត្រីរូបនេះបានឡាយលក់កុហក់បោកប្រាស់ នាំចូលទុរេនវៀតណាម ថាជាទុរេនមេមុត ដែលធ្វើឲ្យមហាជនផ្ទុះប្រតិកម្មរិះគន់ឡើងក៏ក្រើកតែម្តង។










