ខេត្តព្រះសីហនុ ៖ ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលបានជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដូចនេះរាជរដ្ឋាភិបាលបានកំណត់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺកំពង់ផែទឹកជ្រៅដែលមានសក្តានុពលសេដ្ឋកិច្ច តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីកសក្តានុពលភស្តុភាកម្មតំបន់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ថា៖ ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបានរួមចំណែកជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដូចនេះ រាជរដ្ឋាភិបាលបានដាក់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ ដែលមានកំពង់ផែទឹកជ្រៅ តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីក ឱ្យទៅជាកំពង់ផែអន្តរជាតិ និងជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់ ដែលនឹងនាំមកនូវសក្តានុពលកាន់តែធំសម្រាប់ខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះក៏ទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រាន់ ដែលតម្រូវឱ្យអ្នកខេត្តព្រះសីហនុជាអ្នកដែលនៅផ្ទាល់ ត្រូវតែមានលទ្ធភាព និងអាទិភាពក្នុងការទទួលយក និងរៀបចំខ្លួនសម្រាប់ទទួលផលនៃការវិនិយោគនេះ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថាការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើម្បីបានតែពានរង្វាន់នោះទេ តែដើម្បីទទួលផលផលជាក់ស្តែងក្នុងការផលិតធនធានមនុស្ស ក្នុងន័យនេះសាលាកាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្សកាន់តែប្រកបដោយគុណភាព ទាំងគ្រូ និងសិស្ស ហើយធនធានមនុស្សនេះ នឹងចែកផលបន្ត។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ “សម្ភារៈបរិក្ខារប្រើប្រាស់ ទំនើបកម្មទៅមុខ តែនឹងថយចុះតាមពេលវេលា និងអាយុកាលនៃការប្រើប្រាស់ទាំងគុណភាព និងបច្ចេកទេស តែធនធានមនុស្ស កាន់តែប្រើប្រាស់កាន់តែល្អនិងរីកចម្រើន ហើយរីកដុះដាលបន្ថែម”។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានផ្តល់អាទិភាពក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាជំនាញបច្ចេកទេសសំខាន់សម្រាប់តម្រូវការក្នុងខេត្តផង និងសេដ្ឋកិច្ចជាតិផង ដោយផ្តោតលើកត្តាអាទិភាព ក្នុងការផ្តល់ជូនប្រជាជន៖ ១/ សុខភាពល្អ, ២/ មានចំណេះដឹង និង៣/ រកឱកាសការងារ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន ពិសេសធានាលំនឹងស្ថេរភាពសម្រាប់ជីវភាពរស់នៅ ។ បន្ថែមលើនេះដែរ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថាវិស័យអប់រំដែលរឹងមាំបាន គឺអាស្រ័យលើកត្តា២ ៖ ទី១. វត្តមានគ្រូ ប្រកបដោយគុណភាព តាមរយៈការបង្កើននូវគុណវុឌ្ឍិ ទាំងចំណេះទូទៅ និងចំណេះវិជ្ជាជីវៈ ដើម្បីធានានូវការអប់រំទទួលបានជោគជ័យ និង ទី២. កត្តាហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈដែលបម្រើដល់ការសិក្សាផ្ទាល់ និងកម្មវិធីសិក្សា។
មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីមតិដែលធ្លាប់លើកឡើងវាយប្រហារមកលើរាជរដ្ឋាភិបាល ជាពិសេសមតិរិះគន់ដែលប្រាសចាកពីការពិត ដោយជ្រើសរើសយកការកសាង និងពង្រីកសមិទ្ធផលថ្មីបន្ថែមទៀតដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរសមិទ្ធផលក្នុងសម័យសន្តិភាព ដោយមិនអង្គុយរង់ចាំតូចចិត្ត ឬបាក់ទឹកចិត្តចំពោះតែមតិរិះគន់ ប៉ុន្តែផ្ទុយទៅវិញគឺត្រូវប្រឹងប្រែងបន្តធ្វើ បន្តកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែសកម្ម ដោយឈរលើ “អ្នកកាន់តែថា ខ្ញុំកាន់តែធ្វើ ”។ ដូចនេះ វិធីសាស្ត្រដែលល្អបំផុត គឺ៖ ១/ កុំឈឺក្បាលជាមួយអ្នកថា ហើយ ២/ ថាកន្លែងណា គឺធ្វើកន្លែងហ្នឹង ដេីម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ដោយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ជ្រើសរើសយក ជម្រើស«ស្នេហ៍មិនឈ្នះស្និទ្ធ » តាមរយៈការខិតខំបង្កើតសមិទ្ធផលជាច្រើនបន្ថែមទៀតសម្រាប់ពលរដ្ឋឱ្យទទួលផលជាក់ស្តែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនឹងអញ្ជើញសម្ពោធសមិទ្ធផលនានារបស់ជាតិ ដើម្បីបង្ហាញទៅអ្នកដែលថារាជរដ្ឋាភិបាលមិនបានធ្វើអ្វី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គេចោទយើងថា អត់អើពើរឿងទឹកដី។ យើងពង្រឹងការចរចា បោះបង្គោល កសាងអភិវឌ្ឍព្រំដែន ឲ្យច្រើន កសាងផ្លូវក្រវាត់ព្រំដែនឲ្យច្រើន ជួយកងទ័ពយើងនៅព្រំដែនឲ្យច្រើន។ អ្នកឯងថាអីថាទៅ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «គ្មានរណាល្អឥតខ្ចោះទេ ជាទស្សនៈបុគ្គល ប៉ុន្តែដែលសំខាន់ គឺការធ្វើពិតប្រាកដ។ អ្នកឯងថាអីថាចុះ ប៉ុន្តែអ្វីដែលយើងធ្វើ គឺធ្វើម៉េចឲ្យប្រជាពលរដ្ឋ ដែលនៅកៀកជាមួយយើង អ្នកនៅជាមួយើង បានផលជាក់ស្តែង ទទួលស្គាល់នូវអ្វីដែលយើងបានធ្វើ។ នេះហើយ ដែលខ្ញុំថា ស្នេហ៍មិនឈ្នះស្និទ្ធ។ ចង់ផ្ចាញ់អ្នកថាឲ្យយើង មានតែខិតខំធ្វើជាក់ស្តែង ដើម្បីឲ្យមនុស្សរាប់ពាន់រាប់ម៉ឺននាក់ គាត់បានផល ជាសាក្ស៉ី»។
បើតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺសម្តេចតេជោ ហ៊ុន សែន បានចេញតស៊ូ ហើយក្រោយមកថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានជឿទុកចិត្ត និងគាំទ្រឲ្យក្លាយជាដឹកនាំ។ ហេតុនេះ សម្តេចមហាបវរធិបតី អនុវត្តតាមគន្លងរបស់សម្តេចតេជោ ហ៊ុន សែន គឺតែងតែធ្វើឲ្យចេញជាលទ្ធផល។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ធនាការពិភពលោកដែលជាដៃគូសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣០ឆ្នាំមកនេះ នៅប្រកាសជំហរជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដដែល។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំជួបជាមួយលោកស្រីនាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា វៀតណាម ឡាវ ហើយធនាគារពិភពលោកជាដៃគូរបស់យើង (កម្ពុជា) រយៈពេល៣០ឆ្នាំមកហើយ ធនាគារពិភពលោកក៏មើលឃើញដូចរាជរដ្ឋាភិបាលកម្ពុជា ចំណុចខ្លាំងគ្មានអ្វីខ្លាំងជាងធនធានមនុស្សទេ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅពេលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ តំណាងសភាអាមេរិកកាលពីពេលកន្លងទៅ ក៏មានការជជែកគ្នាអំពីកត្តាធនធានមនុស្សនេះដែរ ហើយទាំងកម្ពុជា និងអាមេរិក ព្រមទាំងបណ្ដាប្រទេសជាច្រើនទៀត សុទ្ធតែមើលឃើញដូចគ្នាអំពីចំណុចគន្លឹះសំខាន់នៃការអភិវឌ្ឍ គឺជាកត្តាធនធានមនុស្ស។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងព្រំដែន មិនមែនជារឿងមួយថ្ងៃនោះទេ ហើយរឿងប្ដឹង និងរឿងលើកទ័ពទៅវៃ វាអត់ដោះស្រាយបញ្ហាអ្វីនោះទេ ជាពិសេសរឿងវៃគ្នា រវាងកងទ័ព និងកងទ័ព ហើយរឿងការប្រើច្បាប់បច្ចេកទេសអន្ដរជាតិ គឺយើងត្រូវបន្ដ ដើម្បីធានានូវផលប្រយោជន៍របស់យើង»។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រឿងការការពារទឹកដី គឺជាការទទួលខុសត្រូវយូវអង្វែង តាំងពីអត់មាន បោះបង្គោលព្រំដែនសោះ ជាមួយប្រទេសវៀតណាម ខណៈបច្ចុប្បន្ននៅសល់តែ១៦ភាគរយតែប៉ុណ្ណោះ នឹងរូចរាល់ក្នុងការបោះបង្គោលព្រំដែន រវាងកម្ពុជា ជាមួយនឹងវៀតណាម។
សម្តេចបវរធិបតី បានលើកឡើងថា បើសិនជាអ្នកមានជេរថា បាត់ទឹកដី គឺមានតែខំកសាង ការពារទឹកដី តាមរយៈការវាស់វែងចរាចរ ដើម្បីការពារផ្ដល់ប្រយោជន៍របស់កម្ពុជា ដោយការបោះបង្គោលព្រំដែនឲ្យជាប់, ការការពារ ពង្រឹងការពារជាតិ និងការការពារ អភិវឌ្ឍន៍នៅតាមព្រំដែន ហើយត្រៀមលក្ខណៈ ការពារគ្រប់បែបយ៉ាងទាំងអស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ពេលដែលធ្វើការប្រយុទ្ធគ្នា នៅឆ្នាំ២០០៨-២០១១ គឺបានប្ដឹងទៅខាង ICJ នៅខាងព្រះវិហារ ហើយរាជរដ្ឋាភិបាល បានធ្វើការងារនេះអស់ហើយ ដោយដឹងថា វិធីសាស្ដ្រណាដែលត្រូវដើរ ដោយមិនត្រូវសម្លាប់ក្រឡារបស់ខ្លួននោះទេ។ រក្សាសិទ្ធដោយ៖សុទ្ធលី


















