Monday, March 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី
លទ្ធផលនៃដំណើរទស្សនកិច្ចការងារឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង មហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ និងបានធ្វើមាតុភូមិ និវត្តន៍ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបំពេញទស្សនកិច្ចការងារប្រកបដោយជោគជ័យ អស់រយៈ ពេល៣ថ្ងៃ។ ទស្សនកិច្ចនេះ បានផ្តល់ថាមពលថ្មីបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការការពារឧត្តម ប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង ក្នុងបរិបទពិភពលោកមានការប្រែប្រួល ស្មុគស្មាញ ពិបាក ប៉ាន់ស្មាន ទាំងភូមិសាស្ត្រនយោបាយនិងសង្គ្រាមពាណិជ្ជកម្ម ភាពផុយស្រួយនៃសន្តិភាព និងការគំរាម កំហែងឥតឈប់ឈរបង្កឡើងដោយក្រុមឧក្រិដ្ឋជនមានខ្សែបណ្តាញជាអន្តរជាតិ។

ក. ជំនួបទ្វេភាគី និងកិច្ចប្រជុំពេញអង្គក្រសួងទាំងពីរ

បន្ទាប់ពីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ដាក់កម្រងផ្កាគោពរវិញ្ញាណក្ខន្ធ នៅវិមានរម្លឹកគុណវីរជន ឡាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទៅ កាន់ទីស្តីការក្រសួងសន្តិសុខសាធារណៈឡាវ ដោយមានការទទួលស្វាគមន៍អមដោយកងកិត្តិយសពី សំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំម្ខាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខ សាធារណៈ។ ជំនួបទ្វេភាគីបានប្រព្រឹត្តទៅដោយមានការពិភាក្សានិងផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍ ទូទៅ ជាមួយនឹងការផ្តោតសំខាន់លើកិច្ចការសន្តិសុខ មានជាអាទិ៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើស និងសភាព ការណ៍ទូទៅតាមខ្សែបន្ទាត់ព្រំដែន។ បន្ទាប់ពីជំនួបទ្វេភាគី ឯកឧត្តមអគ្គិសន្តិបណ្ឌិត និង ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពេញអង្គរវាងក្រសួងមហាផ្ទៃ និងក្រសួង សន្តិសុខសាធារណៈ។ ភាគីទាំងពីរ បានសម្តែងការគាំទ្រអបអរសាទរលទ្ធផលនៃដំណើរទស្សនកិច្ច និងកិច្ច ប្រជុំផ្លូវការ រវាង ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ជន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំកំពូលរវាងគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរដ្ឋធានី វៀងច័ន្ទន៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ ភាគីទាំងពីរបានបង្ហាញការកោតសរសើរ ចំពោះស្មារតីយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ កម្រិត ជាពិសេសរដ្ឋបាលខេត្តជាប់ព្រំដែនដែលបានសហការគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង រួមគ្នាដោះស្រាយបាតុភាពផ្សេងៗប្រកបដោយស្មារតីយោគយល់ រួមចំណែកពង្រឹងទំនាក់ទំនងក្នុងនាម ជាប្រទេសភូមិផងឱ្យកាន់តែប្រសើរជាលំដាប់។ ភាគីទាំងពីរ ក៏បានព្រមព្រៀងពង្រឹងការអនុវត្តឱ្យបាន ពេញលេញ នូវការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរបស់បណ្តាអង្គភាពជំនាញ កិច្ចប្រជុំប្តូរវេន នៃរដ្ឋបាលខេត្តជាប់ព្រំដែន ការផ្លាស់ប្តូរព័ត៌មាន និងការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម។

ជាមួយនឹងការបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត និង ឯកឧត្តមនាយ ឧត្តមសេនីយ៍ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រួមមាន កិច្ចសហ ប្រតិបត្តិការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងការ ជួញដូរមនុស្ស ការការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន និងការចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ការផ្ទេរទណ្ឌិត ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអញ្ជើញ ឯកឧត្តមនាយឧត្តម សេនីយ៍ វិល័យ ឡាខាំម្ខាង បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំដូចគ្នានៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេល វេលាសមស្របនាឆ្នាំ២០២៦។ នាយប់ថ្ងៃដដែល ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំម្ខាង ក៏ បានរៀបចំពិធីជប់លៀងផ្លូវការ ជូន ឯកឧត្តមអគ្គិសន្តិបណ្ឌិត និងគណៈប្រតិភូកម្ពុជា ដោយក្នុងឱកាស នោះ
ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ ឯកឧត្តមនាយឧត្តមសេនីយ៍ និងក្រសួងសន្តិសុខ សាធារណៈឡាវ ដែលរៀបចំកិច្ចប្រជុំ និងទទួលបដិសណ្ឋារកិច្ចប្រកបដោយមិត្តភាព និងភាពស្និទ្ធស្នាល។

ខ. ជំនួបសម្តែងការគួរសមជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ

ក្នុងដំណើរទស្សនកិច្ចខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត សន សៃស៊ីផាន់ជន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋាភិបាល ដោយក្នុងជំនួប នោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រី នូវសេចក្តីផ្ញើសួរសុខទុក្ខ ប្រកបដោយការនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងចូលរួមអបអរសាទរជាមួយរដ្ឋាភិបាល និងប្រជាជនឡាវ ដែលបានដឹកនាំ និងរៀបចំដោយ ជោគជ័យកិច្ចប្រជុំកំពូលអាស៊ានប្តូរវេន កាលពីចុងឆ្នាំ២០២៤ និងការសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្រោមការដឹកនាំរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូស បញ្ជាក់នូវការគាំទ្រប្រកបដោយភាពជឿជាក់ចំពោះលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេស ទាំងពីរ ដោយចាត់ទុកជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អ ពិសេសការជួយគាំទ្រគ្នាតាមស្មារតីនៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។ ឯកឧត្តអភិសន្តិបណ្ឌិត បានជម្រាប
ជូនអំពីលទ្ធផល នៃកិច្ចប្រជុំរបស់ក្រសួងទាំងពីរ និងបានស្នើសុំ ឯកឧត្តមនាយករដ្ឋមន្ត្រី ផ្តល់ការគាំទ្រ ការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ ឡាវ ឱ្យសម្រេចបានជោគជ័យ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត សន សៃស៊ីផាន់ដន បានកោតសរសើរប្រកបដោយការ លើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ដែលដឹកនាំក្រសួងមហាផ្ទៃយ៉ាងសកម្ម និងប្រកបដោយ ប្រសិទ្ធភាព រួមចំណែកធ្វើ ឱ្យរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួង សន្តិសុខសាធារណៈឡាវ ក្នុងឆ្នាំ២០២៤ និងបង្ហាញការជឿជាក់ថាស្ថាប័នទាំងពីរនឹងខិតខំពង្រឹងកិច្ច សហប្រតិបត្តិការដូចមានក្នុងកំណត់ហេតុឆ្នាំ២០២៥ ឱ្យបានជោគជ័យ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើម សិក្សាបង្កើតច្រកទ្វារព្រំដែន ខេត្តរតនគិរី ជាមួយខេត្តអត្តពី និងគាំទ្រជំរុញការកសាង ស្ពានទន្លេរពៅ រវាងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ និងបានលើកទឹកចិត្ត ឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់កម្រិត ខិតខំពង្រឹងកិច្ចសហការជាមួយគ្នាឱ្យ បានជិតស្និទ្ធ លើការងារថែរក្សាសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន និងបង្កលក្ខណៈឱ្យកាន់តែប្រសើរលើ ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

គ. ទស្សនកិច្ចសារមន្ទីរសិល្បៈឡាវ តំបន់ថាង៉ន

ក្នុងដំណើរទស្សនកិច្ចនោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំគណប្រតិភូអញ្ជើញ ទស្សនាសារមន្ទីរសិល្បៈឡាវ តំបន់ថាដ៍ន ដែលទើបសម្ពោធបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ នៅដើមឆ្នាំ២០២៥។ សារមន្ទីរនេះ សាងសង់ឡើងដោយអ្នកជំនាញនិងកម្មករជនជាតិឡាវប្រមាណ ១០០០នាក់ ប្រើរយៈពេល៧ឆ្នាំ និងចំណាយទុនវិនិយោគជាង៥០លានដុល្លារអាម៉េរិក។ ភាពអស្ចារ្យ នៃសារមន្ទីរនេះ គឺទាំងរចនាបថសំណង់ និងរូបចម្លាក់ឈើតាំងបង្ហាញ យកលំនាំបញ្ចូលគ្នារវាងសិល្បៈ និងវប្បធម៌ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ា ដោយផ្តោតលើព្រះពុទ្ធសាសនា។ ឯកឧត្តមអភិសន្តិបណ្ឌិត ជឿជាក់ថាសារមន្ទីរនេះនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម។

ជារួម ទស្សនកិច្ចការងារ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពិតជាផ្តល់នូវថាមពលថ្មីបន្ថែមទៀត ដល់ការ បន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ ដើម្បីនាំមកនូវឧត្តមប្រយោជន៍ជូនជាតិ និង ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ស្របតាមមាគ៌ាដឹកនាំ និងការឯកភាពគ្នាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ ដឹកនាំកំពូលនៃប្រទេសទាំងពីរ៕រក្សាសិទ្ធដោយ៖សុទ្ធលី