រាជធានីភ្នំពេញ : នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌សេចក្តីប្រកាសព័ត៌មាន
ស្តីពីលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់។
១-អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, ក្រសួងយុត្តិធម៌បានទទួលបណ្ដឹងពីលោកស្រី សែម សុខគា ស្នើសុំអន្តរាគមន៍ស្វែងរកយុត្តិធម៌ ជុំវិញករណីដីធ្លីនៅតំបន់ភ្នំ១៥០០ ខេត្តពោធិ៍សាត់។ បន្ទាប់ពី បានទទួលបណ្តឹងនេះ, ក្រសួងយុត្តិធម៌បានចាត់ក្រុមការងារមួយ ចុះទៅអង្កេតស្រាវជ្រាវស្វែងរកការពិត ជុំវិញរឿងនេះ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការពិនិត្យ និងដោះស្រាយបណ្តឹងអន្តរាគមន៍របស់លោកស្រី សែម សុខគា។
២-ក្នុងការស្រាវជ្រាវស្វែងរកការពិតចំពោះករណីនេះ, ក្រុមការងារក្រសួងយុត្តិធម៌ក៏បានអញ្ជើញ លោកស្រី សែម សុខគា ដែលជាម្ចាស់បណ្ដឹង រហូតដល់ទៅ ៣លើក ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមទៀត។ លើសពីនេះ, ក្រសួងយុត្តិធម៌បានធ្វើលិខិតទៅប្រធានសាលាដំបូងខេត្តពោធិ៍សាត់ និងព្រះរាជអាជ្ញាអម សាលាដំបូងខេត្តពោធិ៍សាត់ ស្នើសុំឱ្យបង្អង់នីតិវិធី ដើម្បីផ្តល់នូវការធានា និងបង្កលក្ខណៈល្អប្រសើរឱ្យលោកស្រី សែម សុខគា អាចចូលមកបំភ្លឺលើបណ្ដឹងស្នើសុំអន្តរាគមន៍របស់លោកស្រី។ ប៉ុន្តែ លោកស្រី សែម សុខគា នៅតែមិនបានចូលមកផ្តល់ព័ត៌មានបន្ថែម តាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌ ចំពោះការស្រាវជ្រាវស្វែងរក ការពិតនៅក្នុងបណ្ដឹងដែលខ្លួនបានស្នើសុំអន្តរាគមន៍ស្វែងរកយុត្តិធម៌នោះឡើយ។
៣-បន្ទាប់ពីបានចុះស្រាវជ្រាវដល់ទីតាំងដីដោយផ្ទាល់ និងបានជួបសួរព័ត៌មានលម្អិតពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធរួចមក ក្រុមការងារក្រសួងយុត្តិធម៌រកឃើញថា៖
(១)-ទីតាំងដីដែលលោកស្រី សែម សុខគា កំពុងកាន់កាប់ ហើយដែលអះអាងថា មានប្លង់រឹងនោះ គឺជារឿងមិនពិត ព្រោះថា ដីនេះស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ (តំបន់អន្ទង់អាំង) ហើយនៅក្នុងតំបន់នេះ ពុំមានដីណាមួយមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) នោះទេ។ ចំពោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៥០៦០៣០៥-០៨៤១ មានក្បាលដីលេខ ៨៤១ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ដែលត្រូវបានធ្វើឡើងតាមរយៈការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដែលលោកស្រី សែម សុខគា បានលើកបង្ហាញនៅ ក្នុងបណ្តាញសង្គម គឺជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៃដីផ្សេង ដែលស្ថិតនៅចម្ងាយ ២ ៧៦៩ ម៉ែត្រ ពីទីតាំងដីដែលលោកស្រី សែម សុខគា កំពុងកាន់កាប់ក្នុងតំបន់ការពារ។ លោកស្រី សែម សុខគា បានដឹង រឿងនេះតាំងពីអំឡុងឆ្នាំ២០១៧ មកម៉្លេះ ប៉ុន្តែ លោកស្រី នៅតែលើកឡើងអំពីរឿងប័ណ្ណនេះខុសពីការពិត តាមបណ្តាញសង្គម ដែលធ្វើឱ្យមានការភ័ន្តច្រឡំជាសាធារណៈ។
(២)-លោកស្រី សែម សុខគា មិនមែនមានដីតែមួយកន្លែងនេះទេ ប៉ុន្តែ លោកស្រីមានដី យ៉ាងតិចចំនួន ៦កន្លែងផ្សេងទៀត នៅក្រៅពីតំបន់ការពារនេះ ហើយប្លង់ដីទាំងនោះ ត្រូវបានលោកស្រី សែម សុខគា យកទៅដាក់ធានាបំណុលធនាគារជាង ១០ម៉ឺនដុល្លារអាម៉េរិក។ ទន្ទឹមនេះ, ទីតាំងផ្ទះ ដែលលោកស្រី សែម សុខគា កំពុងរស់នៅ ក៏មិនស្ថិតនៅក្នុងតំបន់អន្ទង់អាំងនេះដែរ។
៤-អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ដីស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ការពារ ធម្មជាតិ (តំបន់អន្ទង់អាំង) គឺជាដីរបស់រដ្ឋ ហើយរដ្ឋបានសម្រេចដកហូតដីដែលត្រូវបានកាន់កាប់ដោយ ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនេះយកមកវិញ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនទូទាំងប្រទេស គឺមិនមែនសម្រាប់ជាប្រយោជន៍របស់បុគ្គលឯកជនណាមួយនោះទេ។
៥-ជាទិដ្ឋភាពច្បាប់, ការកាន់កាប់ ឬការតាំងទីលំនៅនៅលើដីរដ្ឋ មិនត្រឹមតែមិនអាចទទួលបានកម្មសិទ្ធិ នោះទេ ប៉ុន្តែ ថែមទាំងជាអំពើខុសច្បាប់។ ទន្ទឹមនេះ, អ្នកកាន់កាប់ដីរដ្ឋដោយខុសច្បាប់នេះ មិនត្រឹមតែត្រូវរុះរើ ចេញដោយមិនទទួលបានសំណងនោះទេ ប៉ុន្តែ ត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌតាមការកំណត់របស់ច្បាប់ ជាធរមាន។ ទោះជាយ៉ាងនេះក៏ដោយ, ជាការគិតគូរដល់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនៅតែសម្របសម្រួល ផ្តល់ដំណោះស្រាយជាគោលនយោបាយសមស្របដល់ប្រជាពលរដ្ឋដែលចាកចេញដោយស្ម័គ្រចិត្ត។ ដោយឡែក ចំពោះអ្នកនៅបន្តរឹងទទឹងកាន់កាប់ដីរដ្ឋដោយខុសច្បាប់ មិនព្រមចាកចេញ ត្រូវប្រឈមនឹងចំណាត់ការតាម នីតិវិធីច្បាប់ជាធរមាន។
៦-ទោះជាយ៉ាងណា, ដើម្បីបន្តធានាឱ្យមានបរិយាកាសល្អប្រសើរក្នុងការដោះស្រាយចំពោះករណី សំណុំរឿងរបស់លោកស្រី សែម សុខគា ក្រសួងយុត្តិធម៌ នឹងស្នើសុំឱ្យសាលាដំបូង និងអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់ បន្តបង្អង់នីតិវិធីរបស់ខ្លួន ឬបង្កលក្ខណៈឱ្យសាមីខ្លួនអាចចូលឆ្លើយបំភ្លឺនៅ ចំពោះមុខតុលាការតាមនីតិវិធីច្បាប់ដោយគ្មានការឃាត់ខ្លួន។ បន្ថែមពីនេះ, ក្រសួងយុត្តិធម៌ នៅបន្តស្វាគមន៍ ចំពោះការចូលរួមបំភ្លឺរបស់លោកស្រី សែម សុខគា ចំពោះករណីបណ្ដឹងរបស់សាមីខ្លួនដាក់មកក្រសួងយុត្តិធម៌។
៧-អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ សូមលើកទឹកចិត្តឱ្យលោកស្រី សែម សុខគា ជួបជាមួយអាជ្ញាធរមាន សមត្ថកិច្ច ដើម្បីស្នើសុំដំណោះស្រាយជាគោលនយោបាយ ដូចដែលត្រូវបានអនុវត្តចំពោះប្រជាពលរដ្ឋដែល បានតាំងទីលំនៅដោយខុសច្បាប់នៅក្នុងតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ (តំបន់អន្ទង់អាំង) និង ដែលបានធ្វើការចាកចេញដោយស្ម័គ្រចិត្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី





