ភ្នំពេញ ៖ សម្តេចមហាបវធិបតីសម្រេចបង្កើតក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) ក្នុងគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ហើយជាយន្តការបំពេញបន្ថែមសំដៅបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) បានរៀបចំពិធីប្រកាសសមាសភាពជាផ្លូវការ។ ស្ថិតក្នុងឱកាសនេះ ឯកឧត្តម ម៉ុក ចន្ទសុធា ប្រធាន ក.ច.ស.ធ. បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់សមាជិកក្រុមការងារទាំងអស់ និងអង្គពិធីទាំងមូល។
ឯកឧត្តមប្រធាន ក.ច.ស.ធ. បានលើកឡើងបន្ថែមទៀតថា ការបង្កើត ក.ច.ស.ធ. គឺមានគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី និងមិនទៅជំនួសយន្តការដែលមានស្រាប់នោះទេ។ ក.ច.ស.ធ. គឺជាយន្តការបំពេញបន្ថែមដើម្បីបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ជាមួយគ្នានេះឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា ការអនុវត្តការងារត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ចៀសវៀងការប្រព្រឹត្តអំពើខុសឆ្គង និងខុសច្បាប់ ព្រមទាំងសកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ ក.ច.ស.ធ.៕ រក្សាសិទ្ធដោយ៖សុទ្ធលី





