ខេត្តកំពង់ចាម: “ក្រោមការយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៩ករណីឃាត់ខ្លួនមនុស្ស៧៤ នាក់ក្នុងនោះស្រី២នាក់ ដកហូតថ្នាំញៀនក្រាមពណ៌សចំនួន ១៨៦កញ្ចប់និង១៨បាវដែលមានសារធាតុញៀនជាង៤៣០គីឡូក្រាម
រឹបអូសរថយន្តពីរគ្រឿងព្រមទាំងសម្ភារៈមួយចំនួនទៀត” នេះជាការលើកឡើងរបស់លោកហេង វណ្ណី អភិបាលរងខេត្តថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃទី៩មេសា ឆ្នាំ២០២៥ នៅសាលប្រជុំធំសាលាខេត្ត។ នាឱកាសនោះមានការចូលរួមពីសំណាក់អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនអង្គភាពទៀតផង។
បើតាមនាយករងរដ្ឋបាលសាលាខេត្តមួយរូបបានលើកឡើងថា:នៅក្នុងខែកុម្ភៈមានបទល្មើសធំៗចំនួន២បានកើតឡើងក្នុងនោះមាន÷១.បញ្ហាសន្តិសុខដែលកើតឡើងនៅសង្កាត់បឹងកុក ហើយបង្ក្រាបបាននៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៥ ក្រុមចោរប្លន់នេះជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ នៅមណ្ឌលកែប្រែត្រពាំងផ្លុង(ម៣) បន្ទាប់ពីបានចេញមកវិញបានបន្តធ្វើសកម្មភាពប្លន់តាមការកំណត់អត្តសញ្ញាណចោរនេះមានឈ្មោះប្រេស៊ីល ជាដៃគូជាមួយចោលឈ្មោះយមរាជ កាលពី២០ទៅ ៣០ឆ្នាំមុន សកម្មភាពក្នុងការប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តមួយចំនួននៅជុំវិញភ្នំពេញ។
មន្ត្រីសាលាខេត្តរូបនេះបានបន្តឲ្យដឹងទៀតថាក្នុងការបង្ក្រាបមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចដោយកម្លាំងនគរបាលខេត្តបានចុះទៅព័ទ្ធផ្ទះដែលមានគ្នា៥នាក់ បង្ក្រាបបានបីនាក់នៅសល់ពីរនាក់ទៀតក្នុងនោះម្នាក់ជាមេខ្លោងបានបាញ់តដៃជាមួយសមត្ថកិច្ចធ្វើឲ្យមន្ត្រីនគរបាលម្នាក់បានរងរបួសចំភ្លៅដោយគ្រាប់កាំភ្លើងAK54។ដើម្បីជៀសពីការប្រទូសរាយនិងការបង្ហូរឈាមបាត់បង់ជីវិតទាំងសងខាងស្នងការនគរបាលខេត្តក៏បានសុំគោលការណ៍ដកថយរកនីតិវិធីដោះស្រាយដើម្បីចាប់ជនល្មើស។ដូចនេះក៏បានដាក់ផែនការប្រើប្រាស់កម្លាំងនគរបាលនិងអាវុធហត្ថ ដោយសារជនល្មើសនេះមានអាវុធនៅក្នុងដៃហើយជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគារ ជាមួយនោះឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំគោលការណ៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានឯកភាពតាមផែនការដូចដែលបានរៀបចំ។ទីបំផុតចោលប្លន់រូបនោះបានប្រគល់ខ្លួនមកឱ្យកម្លាំងកងរាជ អាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំពោះករណីទី២ គឺគ្រោះអគ្គីភ័យបានកើតឡើងនៅចុងខែកុម្ភៈនិងដើមខែមិនាដោយភ្លើងបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម អស់ប្រមាណ១៧ខ្នងស្មើនឹង១៧គ្រួសារបណ្ដាលដោយខូចខាតធ្ងន់ធ្ងរបើគិតជាទឹកប្រាក់ប្រហែល២លានដុល្លារ ដែលបានកើតឡើងនៅយប់ថ្ងៃទី១៧ឈានចូលថ្ងៃទី១៨មីនា ជាមួយនោះអាជ្ញាធរពិតជាមានការសោកស្ដាយចំពោះការបាត់បង់ទ្រព្យសម្បត្តិទាំងនោះ។ដើម្បីបញ្ជៀសកុំឲ្យមានបញ្ហាបន្តទៀតឯកឧត្តមអភិបាលខេត្ត បានប្រជុំបន្ទាន់ជាមួយមន្ត្រីជំនាញគឺឲ្យមានការស្នើសុំដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវរកប្រភពច្បាស់លាស់ដែលបានបង្កមកពីភ្លើងឬមកពីផ្ទះណាមួយទើបបណ្ដាលឲ្យឆេះដើម្បីរកដំណោះស្រាយព្រោះនេះជាប្រវត្តិសាស្រ្តហើយដែលខេត្តមានអគ្គីភ័យធ្ងន់ធ្ងរបែបនេះ ដើម្បីងាយស្រួលក្នុងការធ្វើការគឺមានវិធានការកុំឲ្យកើតឡើងបន្តទៀត។
លោកហេង វណ្ណី អភិបាលរងខេត្តមានប្រសាសន៍ដោយលើកឡើងថាបទល្មើសបានកើតឡើងចំនួន៣លើកបើប្រៀបធៀបនិងខែមុនកើនឡើងមួយលើកក្នុងនោះមានបទឧក្រិដ្ឋពីរលើកលួចមានស្ថានទម្ងន់ដោយប្លន់ម៉ូតូមួយករណីនៅស្រុកកំពង់សៀមនិងករណីឃាតកម្មមួយលើកនៅស្រុកកងមាស។បជ្ឈឹមមួយលើកឆក់កាបូបនៅស្រុកកោះសូទិន ចំពោះបទល្មើសដោយកើតឡើងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់ បង្ក្រាបបានទាំងស្រុង។ករណីបង្ក្រាបល្បែងស៊ីសងពីរលើកឃាត់ខ្លួន៦នាក់ក្នុងនោះមានអ្នកជល់មាន់មួយករណីឃាត់បាន៤នាក់ករណីលេងអាប៉ោង ឃាត់បានមនុស្ស ៥នាក់និងម៉ូតូ៣គ្រឿងផងដែរ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី



















