Friday, April 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

( Update ) លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ៤៨ម៉ោង និងកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយនីតិវិធីផ្លូវច្បាប់កំពុងដំណើរការ !

រឿងអសោចិ៍កេរ្ដិ៍ និងចរិតបំពានស្ត្រីខ្មែរ របស់ លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន មុខងារជាមន្ត្រីជំនួយការ នៅនាយកដ្ឋានផែនការ នៃអគ្គនាយកដ្ឋានសម្ភារៈ ក្រសួងការពារជាតិ ដែលប្រើប្រាស់កាំភ្លើងខ្លីគំរាមសម្លាប់ភរិយា និងកូនស្រីតូច ក្នុងអំពើលោភលន់ទ្រព្យសម្បត្តិនោះ បានឈានដល់ដំណាក់កាលតុលាការហើយ ប៉ុន្តែមហាជនខ្លះសោកស្ដាយត្រង់ថា ពេលដែលកម្លាំងកងរាជអាវុធហត្ថរាជរាជភ្នំពេញ ខំប្រឹងប្រមូលឯកសារភស្តុតាង អនុវត្តច្បាប់តឹងរ៉ឹងឃាត់ខ្លួន លោក ប៉ែន រ៉ាលីន រយៈពេល ៤៨ម៉ោង រួចហើយបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនោះ ស្រាប់តែ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះ ដោះលែងជនសង្ស័យ ប៉ែន រ៉ាលីន ឱ្យនៅក្រៅឃុំវិញ ដែលធ្វើឱ្យជនសង្ស័យមានឱកាសដើរបំពុលការពិត ធ្វើឱ្យពលរដ្ឋមួយចំនួនយល់ច្រឡំមកលើខាងស្រីជាភរិយា និងយល់ជ្រាបទៅលើខ្លួនឯងជនសង្ស័យហ្នឹង ថា ជាមនុស្សល្អទៅវិញ។

បើតាមខ្លឹមសារក្នុងពាក្យបណ្ដឹង នៃសំណុំរឿងព្រហ្មទណ្ឌ លេខ ១២៩២ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញថា លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន (ស័ក្ដិ៤កន្លះ) បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាស្របច្បាប់របស់លោក កាលអំឡុងឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៥នេះ ចំណងអាពាហ៍ពិពាហ៍បាន ៣ឆ្នាំហើយ មានកូនស្រីតូចម្នាក់។ តាមប្រភពថា ការគំរាមសម្លាប់ភរិយា និងកូនស្រីតូចនេះ ផ្ដើមចេញពីមហិច្ឆតាលោភលន់ទ្រព្យសម្បត្តិរបស់លោក ប៉ែន រ៉ាលីន ដោយបង្ខំឱ្យភរិយាបើកមុខរបរ ហាងលក់គ្រឿងអលង្ការមាស-ពេជ្រ មួយកន្លែង , ទិញរថយន្ត រែងរ៉ូវើរ ស៊េរីទំនើបឱ្យខ្លួន… ជាដើម ។ល។ ពីមួយថ្ងៃទៅមួយថ្ងៃ លោក ប៉ែន រ៉ាលីន តែងតែធ្វើទុក្ខបុកម្នេញ ផ្លូវចិត្តភរិយា និងផ្លូវសេដ្ឋកិច្ច , លោកថា សម្លាប់ម្ដាយ និងកូនហើយ យ៉ាងខ្លាំងលោកគេចខ្លួនទៅរស់នៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ពីព្រោះលោកមានសញ្ជាតិអាមេរិកស្រាប់ ចេញ-ចូលស្រួល។

ភស្តុតាងគំរាមសម្លាប់ប្រពន្ធ និងកូនស្រីតូច ព្រមទាំងការធ្វើទុក្ខបុកម្នេញផ្លូវចិត្ត ត្រូវបានប្រភពបង្ហាញ Cambodia Express News ( CEN ) ថា មានរូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាពបញ្ជាក់ការពិតស្រាប់ និងឯកសារ វត្ថុតាងមួយចំនួន ដែលភរិយាបានប្រមូលទុកដាក់យ៉ាងត្រឹមត្រូវ, ហើយឥរិយាបថ ដែលគួរឱ្យជឿទុកចិត្តថា លោកស័ក្ដិ៤កន្លះ ប៉ែន រ៉ាលីន អាចនឹងឈានទៅដល់កម្រិតដូចដែលប្រភពលើកឡើងនោះ គឺត្រង់ថា លោកម្នាក់នេះ ដឹងខ្លួនថា មានជាប់កាយវិការសកម្មភាពក្នុងកាមេរ៉ាវីដេអូសុវត្ថិភាព ក៏ដោះប្រព័ន្ធកាមេរ៉ាចេញពីក្នុងផ្ទះអស់តែម្ដង… ប៉ុន្តែយ៉ាងណា ក៏នៅជាប់រូបភាពនៃសកម្មភាពពីមុនមកខ្លះដែរ ដែលអាចឱ្យមន្ត្រីនគរបាលយុត្តិធម៌ ដំណើរការផ្លូវច្បាប់បាន។ 

តាមប្រភពគួរឱ្យទុកចិត្ត បានបញ្ជាក់ថា កាំភ្លើងខ្លី ដែល លោកវរសេនីយ៍ទោ ប៉ែន រ៉ាលីន ប្រើប្រាស់ដាក់តាមខ្លួនប្រចាំថ្ងៃនេះ ត្រូវបានទិញមកពីប្រទេសថៃ មានលោកឧត្តមសេនីយ៍ទោម្នាក់ ឈ្មោះ ហៀង សម្បត្តិ ជាអ្នកជ្រោមជ្រែង សម្របសម្រួលទាំងការទិញ និងសម្របសម្រួលទាំងការធ្វើសំបុត្របេសកកម្មពីមេផ្នែករបស់ខ្លួន ដើម្បីបានប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួន។

ស្ដីពីនីតិវិធីរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញវិញ បានបង្ហាញថា ក្រោយពេលទទួលពាក្យបណ្ដឹងពីភរិយារងគ្រោះ គឺមន្ត្រីនគរបាលយុត្តិធម៌ ដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកោះហៅ លោក ប៉ែន រ៉ាលីន ឱ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥ , ក្នុងគ្រានោះ លោក ប៉ែន រ៉ាលីន សុំពន្យារ គឺលើកពេលទៅចូលខ្លួន នៅថ្ងៃទី៣  ខែមីនា ឆ្នាំ២០២៥ មានន័យថា ពន្យារពេលមួយខែ។ លុះពេលដល់ថ្ងៃកំណត់ចូលខ្លួន លោក ប៉ែន រ៉ាលីន ក៏បាននាំមន្ត្រីយោធា ដែលជាបក្ខពួករបស់ខ្លួន ទៅជាមួយឱ្យរង់ចាំ នៅមុខបន្ទប់សាកសួររបស់កងរាជអាវុធហត្ថ , លុះសួរនាំចប់ រហូតដល់វេលាល្ងាចថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថ ក៏ធ្វើការឃាត់ខ្លួន លោក ប៉ែន រ៉ាលីន រយៈពេល ៤៨ម៉ោង តាមនីតិវិធី ដោយផ្អែកលើភស្តុតាងផ្សេងៗ។

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ ក៏បានបញ្ជូនជនសង្ស័យនិងសំណុំរឿងឯកសារភស្តុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបាន លោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកកាន់សំណុំរឿងនេះ ក៏ធ្វើនីតិវិធី ដាក់ឱ្យ លោក ប៉ែន រ៉ាលីន ស្ថិតនៅក្រៅឃុំ នៅវេលាល្ងាចថ្ងៃដដែល។ 

មហាជនដែលជាអ្នកយល់ដឹងច្បាប់ បានលើកឡើងថា បើនិយាយពី អនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្ដីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទវិញ, ត្រង់ មាត្រា ៦ : ស្ដីពី ករណីយកិច្ច និងការទទួលខុសត្រូវរបស់យោធិន បានចែងថា យោធិនគ្រប់រូប មានករណីយកិច្ច ក្នុងនាមជានាយឱ្យបញ្ជាផង និងក្នុងនាមជាអ្នកក្រោមបង្គាប់ ទទួលបញ្ជាផង, ហើយយោធិន ត្រូវមានកាតព្វកិច្ចរួម ដូចតទៅ : គោរពបញ្ជា ទទួលស្របតាមកំណត់ច្បាប់ , មានសេចក្ដីទៀងត្រង់ ថ្លៃថ្នូរ ប្រតិបត្តិតាមបទបញ្ជាយោធា , រក្សាការណ៍សម្ងាត់អំពីកិច្ចការយោធា , បំពេញការងារក្នុងកងឯកភាព ត្រូវខិតខំប្រតិបត្តិការងារ ,ខំប្រឹងហ្វឹកហាត់ដើម្បីប្រសិទ្ធភាពការងារ , ត្រៀមកម្លាំងកាយ កម្លាំងចិត្ត ក្នុងការប្រយុទ្ធ ពេលទទួលបញ្ជាតាមឋានានុក្រម នៃក្រសួងការពារជាតិ និងប្រមុខរាជរដ្ឋាភិបាល, មិនមែនយកតួនាទី ឋានៈ បុណ្យស័ក្ដិ សម្ញែង គំរាម ប្រជាពលរដ្ឋ និងប្រពន្ធកូននោះទេ។

ទាក់ទងនឹងការ កាន់កាប់ គ្រប់គ្រង និងសិទ្ធិប្រើប្រាស់អាវុធខ្លីប្រចាំមន្ត្រីយោធិនវិញ , យោងតាមច្បាប់ ស្ដីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ , មាត្រា ១១ បានចែងថា មន្ត្រីយោធិន ដែលអាចទទួលប័ណ្ណសម្គាល់សិទ្ធិ ប្រើប្រាអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវរបស់អង្គភាព លុះត្រាណា តែមានបេសកកម្មចាំបាច់ ឬពេលចុះបំពេញការងារណាមួយ ដែលមេផ្នែកតម្រូវឱ្យ , ផុតការងារ និងបេសកកម្ម ហើយមិនមានការបញ្ជាក់អំពីកាតព្វកិច្ចបន្ថែមទៀតទេ តម្រូវឱ្យយកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ទៅរក្សាទុកក្នុងឃ្លាំងវិញ។ ដូច្នេះ តើមេផ្នែកមួយណាទៅ ចេញសំបុត្របេសកកម្មឱ្យ លោក ប៉ែន រ៉ាលីន ប្រើប្រាស់កាំភ្លើងខ្លី ប្រចាំថ្ងៃផ្ទាល់ខ្លួនយ៉ាងនេះ ?!

ក្នុងមាត្រា ១១ នៃច្បាប់ ស្ដីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដដែល បានចែងទៀតថា  គោរពនិតិវិធី និងលក្ខខណ្ឌស្ដីពីការសុំប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ត្រូវកំណត់ដោយអនុក្រឹត្យ ពោលគឺ អនុញ្ញាតសិទ្ធិដោយនាយករដ្ឋមន្ត្រី តើលោក ប៉ែន រ៉ាលីន ត្រូវបាន នាយករដ្ឋមន្ត្រី អនុញ្ញាតសិទ្ធិឱ្យប្រើប្រាស់អាវុធប្រចាំថ្ងៃផ្ទាល់ខ្លួនហើយឬនៅ ហេតុអ្វីបានជាអាវុធខ្លីមួយនេះ ត្រូវបានប្រើប្រាស់គំរាមសម្លាប់ភរិយា និងកូនស្រីតូចរបស់ខ្លួនទៅវិញ ?!

តាមស្ថានភាពសង្គមប៉ុន្មានថ្ងៃនេះ ឃើញថា មន្ត្រីយោធានៃក្រសួងការពារជាតិមួយចំនួនតូច បានប្រើប្រាស់ តួនាទី ឋានៈ បុណ្យស័ក្ដិ វាយដំច្រំធាក់ ធ្វើបាបប្រពន្ធ, ស្ត្រីភេទ និងប្រជាពលរដ្ឋមួយចំនួនទៀត ជាក់ស្ដែងដូចជា : លោក ណោ​ ស៊ុនឌី​រតនៈ​ ជាមន្ត្រីពេទ្យយោធា ប្រើហិង្សាលើភរិយា បង្កឱ្យមានរបួសស្នាមលើផ្ទៃមុខ និងរាងកាយយ៉ាងធ្ងន់ធ្ងរ និងបង្ខំឱ្យភរិយាប្រើប្រាស់គ្រឿងញៀនជាមួយ ត្រូវបានប្ដឹងទៅកងរាជអាវុធហត្ថនៅផ្ទៃប្រទេស ឱ្យជួយអន្តរាគមន៍ចាត់ការតាមផ្លូវច្បាប់ , ឧត្ដមសេនីយ៍​ត្រីយោធា ឈាវ​ មុន្និន​ ល្មេីស​វិន័យ​កងទ័ព ត្រូវ​បាន​លុបឈ្មោះ​ ចេញ​ពី​ក្របខ័ណ្ឌ​ហើយ​។ ហើយក៏សូមរំលឹកផងដែរថា កន្លងមក ក៏មានពាក់ព័ន្ធនឹងមន្ត្រីយោធាមិនថ្លៃថ្នូរ ចរិតច្រឡោងខាម វាយដំធ្វើបាបស្ត្រីផងដែរ រួមមាន : ស្ត្រីរងគ្រោះម្នាក់ឈ្មោះ ឌួង ហេម៉ាលីស ត្រូវបានមន្ត្រីយោធាផ្កាយ២ ឈ្មោះ សូយ ចាន់សឿន តួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការក្រសួងការពារជាតិ វាយដំទាត់ធាក់បណ្ដាលឱ្យរងរបួសស្នាមធ្ងន់ធ្ងរ និងគំរាមសម្លាប់ ក្នុងឆ្នាំ២០២១ ត្រូវបានដំណើរការនីតិវិធី , អតីតមន្ត្រីយោធា ស័ក្តិ៤ម្នាក់ ឈ្មោះ យឺន វ៉ាន់ដេត បានបាញ់សម្លាប់នារីជាគូដណ្តឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចអស់ជាង២ឆ្នាំមកនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងប្រទេសថៃ អំឡុងឆ្នាំ២០២២ , ចំពោះសកម្មភាពមន្ត្រីយោធាមួយចំនួន ដែលមិនគោរពវិន័យកងកម្លាំង ដែលចូលចិត្តយកអំណាច តួនាទី ប្រើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់ ខ្លះក៏ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ , ខ្លះក៏ត្រូវបានដាក់ទោសតាមច្បាប់… ចំពោះសកម្មភាព លោកស័ក្ដិ៤កន្កះ ប៉ែន រ៉ាលីន ជាមន្ត្រីយោធានេះវិញ មហាជននៅរង់ចាំមើលថា តើក្រសួងការពារជាតិ មានវិធានការបែបណាទៅលើបុគ្គលម្នាក់នេះ ហើយថា តើតុលាការផ្ដល់យុត្តិធម៌បែបណា ទៅលើភរិយារងគ្រោះ៕ រក្សាសិទ្ធដោយ៖CEN