Friday, April 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ មានសុទិដ្ឋិនិយមថាអាហារូបករណ៍ពីសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ របស់សាធារណរដ្ឋកូរ៉េ និងចូលរួមចំណែកជួយរដ្ឋសភាសម្រេចចក្ខុវិស័យប្រែក្លាយជាសភាឌីជីថល

ក្រោយពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាមួយសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ នៃសាធារណរដ្ឋកូរ៉េ ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ក្នុងការពង្រឹងសមត្ថភាពតំណាងរាស្រ្ត និងធ្វើការបណ្តុះបណ្តាលមន្រ្តីរដ្ឋសភា ខាងបច្ចេកវិទ្យា ដែលនៅក្នុងនោះសកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ពេញលេញចំនួន២០កន្លែង ដល់រដ្ឋសភាកម្ពុជានោះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភានិងជានាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា បានបង្ហាញសុទិដ្ឋិនិយមថា អាហារូបករណ៍នេះ នឹងចូលរួមចំណែក លើកកម្ពស់សមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាផ្នែកឌីជីថល។ ជាពិសេសអាហារូបករណ៍នេះ នឹងចូលរួមចំណែក ធ្វើឱ្យរដ្ឋសភាសម្រេចបាននូវចក្ខុវិស័យប្រែក្លាយរដ្ឋសភា ឌីជីថល ប្រកបដោយគុណភាព មានសេវាកម្មរហ័សជូនតំណាងរាស្រ្តបម្រើប្រជាពលរដ្ឋ។
ការអភិវឌ្ឍស្ថាប័នជាសភាឌីជីថលជាផែនការកំណែទម្រង់មួយបានដាក់ចេញដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅក្នុងនីតិកាលទី៧នេះ។

ក្នុងឱកាសអបដំណើរ សម្តេចប្រធានរដ្ឋសភា បំពេញទស្សនកិច្ចនៅសកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ (Hanyang Cyber University) ដែលជាសាកលវិទ្យាល័យមួយមានឈ្មោះល្បីនៅសាធារណរដ្ឋកូរ៉េ លើការ បណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យា តាមអនឡាញ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយ សកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ ដែលតំណាងដោយ លោកបណ្ឌិតគី ចឹងលី (Ki-Jeong Lee) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ។

ខ្លឹមសារសំខាន់ៗនៅក្នុងអនុស្សរណៈនេះ បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ ហាន់យ៉ាងសាយប៊ឺ នឹងផ្តល់អាហារូបករណ៍ពេញលេញចំនួន២០កន្លែង ដល់បេក្ខជនរបស់រដ្ឋសភាកម្ពុជា ក្នុងមួយឆ្នាំ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ អនុស្សរណៈក៏បានបញ្ជាក់ផងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការស្វែងរកឱកាសបណ្តុះបណ្តាលបន្ថែម និងគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។លោកបណ្ឌិតគី ចឹងលី បានគូសបញ្ជាក់ថាការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ ដែលនឹងឈានទៅការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត នាពេលអនាគត។

ជាការកត់សម្គាល់នៅក្នុងពិធីចុះអនុស្សរណៈនេះ សម្តេចរដ្ឋសភាធិបតី ក៏បានកត់សម្គាល់ដែលថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងអាហារូបករណ៍ ដែលសាកលវិទ្យាល័យ Hanyang Cyber នឹងផ្តល់ជូនដល់រដ្ឋសភាកម្ពុជា គឺពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់ សម្រាប់ការលើកកម្ពស់ធនធានមនុស្ស និងសមត្ថភាពរបស់តំណាងរាស្រ្ត ក៏ដូចជាមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ឆ្លើយតបទៅតម្រូវការជាក់ស្តែង និងជួយពន្លឿនដល់កំណែទម្រង់របស់រដ្ឋសភាក្នុងការឈានឆ្ពោះទៅកាន់សភាឌីជីថលនាពេលអនាគត៕រក្សាសិទ្ធដោយ៖សុទ្ធលី