លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM) លើកទី១២ កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន (ACGM) និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី៧-១០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគោលបំណងពិភាក្សាលើវឌ្ឍនភាពនៃសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន បញ្ហាប្រឈម ព្រមទាំងលើកឡើងពីគោលនយោបាយចាំបាច់នានា សំដៅគាំទ្រដល់គោលដៅនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ក្នុងឱកាសនោះ លោកជំទាវ ទេសាភិបាល បានថ្លែងអបអរសាទរចំពោះលទ្ធផលល្អប្រសើរដែលសម្រេចបាននៅតាមផ្នែកនីមួយៗនៃសមាហរណកម្មវិស័យហិរញ្ញវត្ថុ និងគាំទ្រផែនការសម្រាប់ឆ្នាំ២០២៥ និងការរៀបចំផែនការរយៈពេលខ្លីនិងមធ្យម ២០២៦-២០៣០។ លោកជំទាវ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកក្នុងការពង្រឹងសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ ជាពិសេសក្នុងស្ថានភាពមិនប្រាកដប្រជា នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោកជំទាវ ក៏បានរំលេចពីសារៈសំខាន់នៃការរីកចម្រើននៃបច្ចេកវិទ្យា ដែលបាននិងកំពុងត្រូវបានប្រើប្រាស់ប្រកបដោយសក្តានុពល នៅក្នុងប្រតិបត្តិការរបស់វិស័យហិរញ្ញវត្ថុ ដែលលើកកម្ពស់ប្រសិទ្ធភាពការងារធនាគារកណ្តាល និងវិស័យហិរញ្ញវត្ថុទាំងមូល។ លោកជំទាវ ក៏បានគាំទ្រការជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ទាំងក្នុង និងក្រៅតំបន់ ឱ្យបានទូលំទូលាយ និងបង្កើនការលើកកម្ពស់សមាហរណកម្មក្នុងតំបន់ ដែលនឹងជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាន។
លើសពីនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តរួមចំណែកគាំទ្រហិរញ្ញប្បទានបៃតង ទប់ទល់ ក៏ដូចជា ការសម្របនឹងការប្រែប្រួលអាកាសធាតុ ដោយកម្ពុជាកំពុងរៀបចំផែនទីមគ្គុទេសវដ្តិករសាស្ត្រស្តីពី ហិរញ្ញប្បទានប្រកបដោយចីរភាព ស្របតាមឧត្តមានុវត្តអន្តរជាតិនិងតំបន់។ ដើម្បីបង្កើនការរួមចំណែកក្នុងតំបន់ ក៏ដូចជាទទួលបទពិសោធថែមទៀត លោកជំទាវ បានឯកភាពលើការស្នើសុំឱ្យធនាគារជាតិនៃកម្ពុជា ធ្វើជាតំណាងរបស់គណៈកម្មាធិការជាន់ខ្ពស់អាស៊ានស្តីពី សមាហរណកម្មហិរញ្ញវត្ថុអាស៊ាន (SLC) នៅក្នុងក្រុមប្រឹក្សាភិបាលវដ្តិករសាស្ត្រអាស៊ាន ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








