Tuesday, April 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា

សៀមរាប ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប (អាកាសយានដ្ឋានចាស់) ដើម្បីព្រះអង្គយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា ដោយមានការដង្ហែពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ។

យាង និមន្ត និងចូលរួមក្នុងព្រះរាជពិធីនេះរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ និងមន្ត្រីរាជការជាច្រើនរូបទៀត។

ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានផ្តល់នូវការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលអំណរនៃការផ្លាស់ឆ្នាំចាស់ ចូលឆ្នាំថ្មី ក្រោមម្លប់ព្រះបារមីនៃ ព្រះករុណាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គបានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីបួងសួងចម្រើន សេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដែលនឹងផ្ដល់នូវសេចក្តីសុខចម្រើន ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គជារៀងដរាបតរៀងទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី