ខេត្តកំពង់ចាម: ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំពិធីប្រតិការណ៍បើកសង្ក្រាន្តឆ្នាំថ្មីកំពង់ចាម ដោយធ្វើឡើងរសៀលថ្ងៃទី ១៣មេសា ឆ្នាំ២០២៥ នៅសួនស្មៅមុខសាលាខេត្ត។ជាមួយនោះធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់មហាជនគ្រប់ទិសទីបានចូលរួមច្រើនកុះករ ដោយមានការដើរដង្ហែក្បួនសត្វពស់ដែលតំណាងឲ្យឆ្នាំម្សាញ់ចេញពីចំណុចរង្វង់មូលធនាគារជាតិ មានមនុស្សរាប់រយនាក់ដើរដង្ហែ មកដាក់នៅមុខសាលាខេត្តហើយក៏មានស្តង់តាំងពិពណ៌ផលិតផលរហូតដល់ជិត១០០ ស្តង់ព្រមជាមួយការប្រគំតន្ត្រីខ្នាតយក្សរយៈពេល៣ថ្ងៃ នៅមាត់ទន្លេក្រុងកំពង់ចាម។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:ការរៀបចំសង្ក្រាន្តយើងក្នុងឆ្នាំ២០២៥នេះស្របដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំស្នើសុំចុះ «មហាសង្ក្រាន្តឬចូលឆ្នាំខ្មែរ»
ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្ក។
ពីមួយឆ្នាំទៅមួយឆ្នាំខេត្តកំពង់ចាមបានបង្កើតឲ្យមានភាពសប្បាយរីករាយកាន់តែច្រើនឡើងដើម្បីទាក់ទាញមនុស្សមកកំសាន្ត។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ
និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ចេញមកចូលរួមលេងសម្សាន្តសប្បាយក្នុងឱកាសនៃការរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីចូលរួមថែរក្សានិងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីទំនៀមទំលាប់វប្បធម៌ខ្មែរ ឱ្យនៅតែបន្ដស្ថិតស្ថេរគង់វង្ស ថ្កុំថ្កើង និងរក្សាបាននូវភាពល្អត្រចេះត្រចង់ និងជាការបង្ហាញ និងចូលរួមគាំទ្រយ៉ាងពេញទំហឹង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការស្នើសុំចុះ «មហាសង្ក្រាន្ត ឬចូលឆ្នាំខ្មែរ»
ទៅក្នុងបញ្ជីមរកតវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
គួររំលឹកថាកាលពីសង្ក្រាន្តឆ្នាំ២០២៤កន្លងទៅ មានបងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកលេងកំសាន្ត ប្រមាណជាង ៥លានដង/នាក់ ហើយសង្ឃឹមថាឆ្នាំនេះគឺនឹងមានបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមលេងកាន់តែច្រើនថែមទៀត។សូមបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋ
ក្មួយៗយុវជនទាំងអស់ប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អទើបយើងមានឱកាសរៀបចំ កម្មវិធីផ្សេងៗ ក៏ដូចជាការរៀបចំកម្មវិធីសង្ក្រាន្តកំពង់ចាម ដែលរដ្ឋបាលខេត្តបានរៀបចំនៅទីនេះ និងនៅតាមរមណីយដ្ឋាននានាតាមបណ្តាក្រុង-ស្រុក ហើយជាមួយគ្នានេះក៏មាននៅតាមទីវត្តអារាមទូទាំងខេត្តកំពង់ចាមផងដែរ។ ហើយអ្វីដែលកាន់តែពិសេសនោះ សង្ក្រាន្តកំពង់ចាមឆ្នាំនេះ មានរៀបចំលៀសហាល ចំនួន៣តោន
មានប្រវែង១.០០០ម៉ែត្រ ចាប់ពីវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ។ បន្ថែមពីនេះរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំការផ្តល់ សេវា WiFi ដោយឥតគិតថ្លៃ ដែលរដ្ឋបាលខេត្តបានរៀបចំផ្តល់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា
ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស ដោយមានឈ្មោះ «Sangkran KPC-2569»
និងរៀបចំពាងទឹក នៅអមសងខាង តាមបណ្តោយផ្លូវមុខសាលាខេត្ត និងផ្លូវភ្លោះព្រះមុនីវង្សចាប់ពីមុខភោជនីដ្ឋានហាវអាន ដល់វេទិកាអុំទូក
រួមនឹងការរៀបចំតុបតែងលំអរ ក្នុងក្រុងកំពង់ចាមឱ្យកាន់តែមានភាពស្រស់បំព្រងទ្វេរឡើងបន្ថែមទៀត។ មានការប្រគុំតន្ត្រីតាំងពិព័រណ៌និងប្រដាល់គុណខ្មែររយៈពេល
២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមេសា នៅមាត់ទន្លេក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗយុវជនដែលមានបំណង
មកចូលរួមលេងសប្បាយរីករាយក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ពិសេសក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ក្មួយៗដែលរស់នៅទីជិតទីឆ្ងាយមានឱកាសវិលត្រឡប់មកកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ មិត្តភ័ក្រ្ត ចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរ សូមអញ្ជើញមកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម មកលេងល្បែងប្រជាប្រិយជាច្រើន និងភ្លក្សរសជាតិលៀសហាលកំពង់ចាម ១.០០០ម៉ែត្រ ដែលមានរសជាតិឆ្ងាញ់។
សូមបញ្ជាក់ថា តាមរយៈការបង្កើតប្រតិការណ៍លៀសហាលបីតោនប្រវែង ១០០០ម៉ែត្រ បានធ្វើឲ្យសម្ដេចបវរធិបតីសរសើរក្នុងទឹកមុខស្រស់ញញឹម ខណៈពេលដែលសម្ដេចអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅផ្លូវជាតិលេខ71 C ដែលតភ្ជាប់ពីខេត្តកំពង់ចាមដល់ខេត្តត្បូងឃ្មុំ ដែលជាសរសៃឈាមមួយដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវគោកក៏ដូចជាការធ្វើដំណើរដោយឆាប់រហ័សទៀតផង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី






























