ភ្នំពេញ ៖ ឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីចិន បានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងគាំទ្រយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីរាត្រី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា ។
បន្ថែមពីលើនេះ ភាគីចិនបានអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការរក្សា ស្ថិរភាពនយោបាយ ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងគាំទ្រ យ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ខាងមុខនេះ។ ហើយភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវការបន្សំគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។
ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម និងវិនិយោគ ភាគីកម្ពុជាបានវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន និងបានសាទរចំពោះការរីកចម្រើនឥតឈប់ឈររបស់ចិនឆ្ពោះទៅការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យ និងប្រជាជាតិចិនដ៏ រុងរឿង។
ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មប្រកប ដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម ជាដើម។
បន្ថែមពីលើនេះ ភាគីចិន ក៏បានបញ្ជាក់ជាថ្មីពីការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាព កាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។ លើសពីនេះ ភាគីចិនក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។
ភាគីទាំងពីរបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្តបន្ទាប់ នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួល។
ហើយភាគីទាំងពីរក៏បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញយ៉ាងសកម្មឱ្យមានការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។
ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥត ងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់។ ក្នុងបរិការណ៍នេះ ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកប ដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ”។
ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងការ ជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ។ ភាគីទាំងពីរបានបង្ហាញពីបំណងរួម ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ រួមទាំងរវាងក្រសួង ការបរទេស និងក្រសួងការពារជាតិផងដែរ។ ភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែង រួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំពោះ ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។
ភាគីចិនបានអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន និងការពារអធិបតេយ្យភាពជាតិ ឯករាជ្យ ភាព និងបូរណភាពទឹកដី និងគាំទ្រកម្ពុជាដើរតួនាទីសកម្ម និងកាន់តែសំខាន់ក្នុងកិច្ចការតំបន់ និង អន្តរជាតិ។ ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដី នៃ ប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ រក្សាសិទ្ធដោយ៖សុទ្ធលី





