រាជធានីភ្នំពេញ ៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ កម្ពុជា និងចិន បានចេញសេចក្តីថ្លែងការណ៍រួមស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។
តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនបាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ី ជីនពីង បានចូលថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើ ត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ហើយជួបពិភាក្សា ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីថា កម្ពុជា និងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន ត្រូវបានពូនជ្រំ និងថែរក្សាយ៉ាង យកចិត្តទុកដាក់ដោយព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំចិន ជំនាន់មុន ដែលជាជម្រើសប្រវត្តិសាស្ត្រ និងរបស់ប្រជាជនទាំងពីរ។ ជាយូរមកហើយ ភាគីទាំងពីរបានបន្ត ប្តេជ្ញារក្សាសមភាព ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយគាំទ្រគ្នាទៅ វិញទៅមកយ៉ាងពេញទំហឹង ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ជាតិ ព្រមទាំងរួមគ្នាការពារសច្ចធម៌ និងយុត្តិធម៌អន្តរជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណ ភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ជាមួយនឹងការបន្តពង្រឹងទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ កិច្ចសហ ប្រតិបត្តិការផ្លែផ្កាជាក់ស្តែង ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកាន់តែញឹកញាប់ និងកិច្ចសហប្រតិបត្តិ ការពហុភាគីកាន់តែជិតស្និទ្ធ បង្កើតគំរូល្អថ្មីនៃទំនាក់ទំនងអន្តរជាតិ និងសហគមន៍វាសនារួមសម្រាប់ មនុស្សជាតិ។
ប្រឈមនឹងការប្រែប្រួលរបស់ពិភពលោក តាមពេលវេលា និងរបត់ប្រវត្តិសាស្ត្រ ភាគីទាំងពីរបាន ឯកភាពពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ក្រោមការ ឯកភាពជាយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ដោយមានគណៈកម្មាធិការសម្របសម្រួលអន្តរ រដ្ឋាភិបាលកម្ពុជា-ចិន ជាយន្តការគ្រប់គ្រងរួម និងការអនុវត្តផែនការសកម្មភាព ស្តីពីការកសាងសហគម ន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ជាចំណុចចម្បង ភាគីទាំងពីរនឹងបន្តជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ដែលមានវិស័យអាទិភាពចំនួន ០៦ និងពន្លឿនការកសាង “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយ កាន់តែខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកប្រកបដោយគុណភាពខ្ពស់ ធានាសន្តិសុខកម្រិតខ្ពស់ ការផ្លាស់ប្តូរឱ្យបានញឹកញាប់រវាងប្រជាជននិងប្រជាជន និងពង្រឹងកិច្ចសម្រប សម្រួលជាយុទ្ធសាស្ត្រប្រកបដោយស្តង់ដាខ្ពស់។
ភាគីកម្ពុជាវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង រួមមានការកសាង សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។ ភាគីកម្ពុជាជឿជាក់ថា គំនិតផ្តួចផ្តើម ទាំងនេះ នឹងនាំមកនូវការការពារផលប្រយោជន៍រួមរបស់មនុស្សជាតិ ការលើកកម្ពស់បុព្វហេតុសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាពរបស់ប្រជាជនទូទាំងសកលលោក ហើយឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមសម្រាប់ពិភព លោកមួយល្អប្រសើរ។ ភាគីទាំងពីរនឹងបន្តប្រឹងប្រែងជំរុញការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ និងរួមចំណែក ជាវិជ្ជមានក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ក្នុងអំឡុងពេលទស្សនកិច្ច ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ រួមមាន ខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សហកម្ម បញ្ញាសិប្បនិម្មិត ជំនួយអភិវឌ្ឍន៍ ការត្រួតពិនិត្យផ្នែកគយនិង ចត្តាឡីស័ក សុខាភិបាល និងកិច្ចការសារព័ត៌មាន។
ក្នុងការអបអរសាទរចំពោះលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ភាគីទាំងពីរជឿជាក់ថា ទស្សនកិច្ចនេះមានសារៈសំខាន់ខ្លាំងសម្រាប់ការពង្រឹងទំនាក់ទំនង មិត្តភាពជាប្រពៃណីកម្ពុជា-ចិន និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុង យុគសម័យថ្មី។
ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានថ្លែងអំណរគុណកម្ពុជាចំពោះការផ្តល់បដិសណ្ឋារកិច្ចដ៏ កក់ក្តៅ និងរាក់ទាក់។ ឯកឧត្តមក៏បានអញ្ជើញថ្នាក់ដឹកនាំកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នា ពេលវេលាសមស្រប ហើយថ្នាក់ដឹកនាំកម្ពុជាបានទទួលយកការអញ្ជើញនេះដោយក្តីសោមនស្សរីករាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






















