Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អែកនេះ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចដំណើរអញ្ជើញមកដល់របស់ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត សម្រាប់ពិធីសម្ពោធដ៏សំខាន់នេះ។

ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៦ ៧០០ នាក់ បានរួចរាល់ក្នុងការរង់ចាំទទួល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិជាផ្លូវការ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្របដណ្ដប់លើផ្ទៃដីជាង ៤ ហិកតា បានចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ គម្រោងនេះត្រូវបានគ្រប់គ្រងការសាងសង់ដោយអង្គភាពអនុវត្តអនុគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ថវិកាសរុបចំនួន ១៨,៧៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៨ លានដុល្លារ គឺជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និង ៧៧ ម៉ឺនដុល្លារទៀត គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ។

អ្នកជំនាញបានបង្ហាញការជឿជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងពង្រីកវិសាលភាពនៃការទទួលភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវទឹក មកកាន់ខេត្តកំពត ក៏ដូចជាប្រទេសកម្ពុជាទាំងមូលឱ្យកាន់តែច្រើនឡើងនាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី