អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបជូនដំណឹងដល់ ម្ចាស់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់តាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្តី។ ការផ្តល់ជូននេះមានវិសាលភាព គ្របដណ្តប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។
ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែង ពន្ធលើអចលនទ្រព្យនេះ។
ការអនុគ្រោះនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់យ៉ាងមុតមាំថា ម្ចាស់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី






