Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៦ ក្នុងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៨គម្រោង

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីរសៀលថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៨គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៦១លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៨.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ), វិស័យឧស្សាហកម្មចំនួន ១៦គម្រោង (ផលិតគ្រឿងបន្លាស់រថយន្ត, ផលិតគ្រឿងសង្ហារិម, ផលិតនិងផ្គុំដំទ្បើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផ្គុំដំទ្បើងអំពូលអិលអ៊ីឌីនិងពិល, ផលិតដើមណូអែលនិងសម្ភារៈប្រើប្រាស់ពីលោហធាតុ, ផលិតសម្ភារៈជាងនិងសម្ភារៈផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់សម្រាប់សត្វចិញ្ចឹមគ្រប់ប្រភេទ, ចាក់សម្លៀកបំពាក់, បោកគក់, ជ្រលក់ពណ៌, និងផលិតស្រោមជើង) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព១៥០មេហ្កាវ៉ាត់)។

គម្រោងវិនិយោគទាំង១៨ ដែលអង្គប្រជុំបានធ្វើការពិនិត្យពិភាក្សាខាងលើបានបោះទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ, តាកែវ, ស្វាយរៀង, មណ្ឌលគិរី, និងរតនគិរី៕ រក្សាសិទ្ធដោយ៖សុទ្ធលី