រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សានតូ ដាមូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា សន្និសីទវេជ្ជសាស្រ្តបេះដូងអន្តរជាតិ កម្ពុជា-ឥណ្ឌូនេស៊ីប្រចាំឆ្នាំលើកទី២ ស្តីពី «នវានុវត្តន៍នៃបច្ចេកព្យាបាលជំងឺបេះដូងនិងសរសៃឈាមបេះដូងក្នុងយុគសម័យទំនើប» ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Fairfied by Marriott ក្រុងភ្នំពេញ។
សន្និសីទវេជ្ជសាស្រ្តបេះដូងអន្ដរជាតិប្រចាំឆ្នាំលើកទី២នេះ បានផ្តួចផ្តើមរៀបចំដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយ មជ្ឈមណ្ឌលជាតិជំងឺបេះដូងនិងសរសៃឈាមបេះដូងនៃប្រទេសឥណ្ឌូនេស៊ី ក្នុងគោលបំណងបន្តផ្លាស់ប្តូរ និងបង្កើនចំណេះដឹងថ្មីៗ បទពិសោធន៍ព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូង ជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យមកអំពីមន្ទីរពេទ្យនានា ដែលក្នុងនោះ ២០ប្រធានបទ និងបច្ចុប្បន្នភាពស្រាវជ្រាវវេជ្ជសាស្ត្រត្រូវបានយកមកបង្ហាញ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានផ្តល់ជូននូវមតិផ្តាំផ្ញើរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដូចខាងក្រោម៖
១. ផ្តល់អាទិភាពជាចម្បងដល់ការបង្ការ និងការពារបឋម និងបង្កើនសមត្ថភាពធ្វើរោគវិនិច្ឆ័យឲ្យបានលឿន រហ័សទាន់ពេលវេលា។
២. បង្កើនសមត្ថភាពគ្លីនិកជាប់ជាប្រចាំ ព្រមទាំងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា នវានុវត្តន៍ ស្របតាមការវិវត្តន៍ពិភពលោក។
៣. លើកកម្ពស់សេវាថែទាំគ្រប់កម្រឹត ផ្តើមពីសេវាថែទាំបថម សេវាព្យាបាល ទាំងសហគមន៍ និងមន្ទីរពេទ្យ ប្រកបដោយក្រមសីលធម៌ មេត្តាករុណា និងសមធម៌។
សូមបញ្ជាក់ផងដែរ សន្និសីទវេជ្ជសាស្រ្ដ បេះដូងនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ សាស្រ្ដាចារ្យ វេជ្ជបណ្ឌិត លោក លោកស្រី វាគ្មិនជាតិ និងអន្តរជាតិ ព្រមជាមួយសិស្សនិស្សិតវេជ្ជសាស្រ្តផងដែរ ដែលបានចូលរួមប្រមាណជាង ២៥០រូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី












