ខេត្តកំពង់ចាម: ដោយមើលឃើញស្ពានបេតុងទួលធាតុ ក្នុងភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានសភាពចាស់ទ្រុឌទ្រោមកន្លែងខ្លះមានបេតុងបាក់ជ្រុះប្រហោងមើលដល់ក្រោមគួរឱ្យព្រួយបារម្ភ។ ជាមួយនោះអាជ្ញាធរមូលដ្ឋានរួមទាំងរដ្ឋបាលស្រុកកោះសូទិន បានចេញសេចក្តីជូនដំណឹងលេខ០៥៥ មិនឱ្យយានយន្តគ្រប់ប្រភេទបើកឆ្លងកាត់ទៅវិញទៅមកទៀតទេ ព្រោះខ្លាចគ្រោះថ្នាក់បាក់ស្រុតជាយថាហេតុណាមួយ បង្កគ្រោះថ្នាក់ដល់មនុស្សរបួសឬស្លាប់ក៏ថាបាន។
លោកយី វណ្ណៈ អភិបាលស្រុកកោះសូទិន បានឲ្យដឹងនារសៀលថ្ងៃទី២៨មេសា ឆ្នាំ ២០២៥ថា: ដើមឡើយនៅតំបន់នេះជាប្រភេទផ្លូវដីហុយនៅរដូវប្រាំងនិងបែកភក់នៅរដូវវស្សា ហើយបងប្អូនប្រជាពលរដ្ឋពិបាកនឹងការធ្វើដំណើរដោយនៅត្រង់ចំណុចនេះមានអូរមួយ ដែលមានទឹកហូរកាត់ក្នុងរដូវវស្សា។ដោយមានចិត្តជ្រះថ្លាព្រះសង្ឃបានរៃអង្គាសបច្ច័យពីគ្រប់ទិសទីកសាងស្ពានបេតុងទួលធាតុដែលមានប្រវែងប្រមាណ៥០ម៉ែត្រ សម្រាប់បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់
ដោយតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។
អភិបាលស្រុកកោះសូទិនបានបន្តឲ្យដឹងទៀតថា រហូតមកដល់សព្វថ្ងៃនេះស្ពានបេតុងនេះមានអាយុកាលជាច្រើនឆ្នាំ។ហើយមានសភាពទ្រុឌទ្រោមទៀតផង។ដោយមើលឃើញខ្លាចគ្រោះថ្នាក់សម្រាប់យានយន្តគ្រប់ប្រភេទបើកឆ្លងកាត់ ត្រូវបានអាជ្ញាធរមូលដ្ឋានចាក់ដីស្របតាមបណ្ដោយស្ពានដើម្បីឲ្យម៉ូតូរថយន្តបើកឆ្លងកាត់ទៅវិញទៅមកដោយងាយស្រួល។ ជាមួយនោះរដ្ឋបាលស្រុកកោះសូទិន ក៏បានធ្វើលិខិតស្នើសុំមករដ្ឋបាលខេត្តកំពង់ចាម ហើយកញ្ចប់ថវិកាក៏បានធ្លាក់មកតាមរយៈក្រសួងអភិវឌ្ឍន៍និងជនបទ ដែលជាអ្នកស្ថាបនា។រាល់ថ្ងៃផ្លូវបេតុងត្រូវបានស្ថាបនាលាតសន្ធឹងកាត់ព៏ភូមិមួយទៅភូមិមួយដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋស្រួលធ្វើដំណើរដឹកកសិផលមកកាន់ទីផ្សារដោយឆាប់រហ័ស។លោកថាក្នុងរដូវវស្សាខាងមុខពេលដែលទឹកទន្លេមេគង្គឡើងមកលិចសង្ខាងផ្លូវនោះ។ដូច្នេះស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមនេះនឹងបង្កផលវិបាកហើយអាជ្ញាធរនិងរកមធ្យោបាយដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋមិនឲ្យលំបាក។ ស្ពានបេតុងមួយនេះត្រូវបានកសាងឡើងក្នុងអំឡុងឆ្នាំ១៩៨១ ដឹកនាំដោយព្រះចៅអធិការវត្តសិរីសោភារាម ភូមិវាលជំនាន់នោះ។
សូមបញ្ជាក់ថាទីតាំងស្ពាននេះត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយមន្ត្រីពាក់ព័ន្ធធ្លាប់ចុះពិនិត្យនាពេលកន្លងមក ហើយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននាំគ្នាសាទរក្រោយពីបានផ្លូវបេតុងជំនួសឲ្យផ្លូវដីនេះបង្ហាញពីការយកចិត្តទុកដាក់របស់ស្ថាប័នអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ខេត្តរួមទាំងក្រសួងអភិវឌ្ឍន៍ជនបទ។
មិនយូរទេស្ពានបេតុងនេះនឹងត្រូវស្ថាបនាធ្វើយ៉ាងណាឱ្យពលរដ្ឋរស់នៅតំបន់នោះងាយស្រួលដឹកកសិផលមកកាន់ទីផ្សារនៅផ្សារជីហែរ ដោយឆាប់រហ័ស៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី








