ខេត្តកំពង់ស្ពឺ៖ ស្ត្រីមេម៉ាយកូន ០៣ម្នាក់ ត្រូវឃាតកវាយសម្លាប់នៅក្បែរបឹងស្រែក្រោយភូមិ ដោយមិនទាន់ដឹងពីមូលហេតុ ខណៈដែលស្ត្រីរងគ្រោះទៅឃ្វាលគោ។ ហេតុការណ៍ប្រទះឃើញសពស្ត្រីមេម៉ាយកូន០៣នេះ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបឹងស្រែកក់ ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ ម៉េត សេត អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិពោធិមាស(ស្រែច្រាប) ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកឱរ៉ាល់ឱ្យដឹងថា មានករណីឃាតកម្មនេះ បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ្ណ បានធ្វើសកម្មភាពវាយសម្លាប់ទៅលើស្ត្រីរងគ្រោះ ដែលរស់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲ្យបាត់បង់ជីវិត ។
ជនរងគ្រោះ តែងតែទៅឃ្វាលសត្វគោជារៀងរាល់ថ្ងៃដើម្បីចិញ្ចឹមជីវិតនិងចិញ្ចឹមកូនៗ។ ហើយកាលពីប៉ុន្មានថ្ងៃមុន អតីតប្តី(លែងលះគ្នា)ដែលរស់នៅក្នុងភូមិពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានមកសុំស្ត្រីរងគ្រោះជាប្រពន្ធត្រូវរ៉ូវគ្នាវិញ ប៉ុន្តែស្ត្រីរងគ្រោះមិនព្រមឡើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
