ភ្នំពេញ ៖ សាលាគណរាជធានីភ្នំពេញ ហាមព្រះសង្ឃបិណ្ឌបាតនៅមន្ទីរពេទ្យ តាមផ្សារ រោងចក្រ សហគ្រាស ចំណតរថយន្ត ឬតាមពិធីបុណ្យផ្សេងៗដែលគ្មានការនិមន្ត និងគង់កម្សាន្តតាមសួនសាធារណៈ និងហាងកាហ្វេ នៅបរិវេណមុខព្រះបរមរាជវាំង និងតាមផ្លូវថ្មើជើងចាប់ពីមុខព្រះបរមរាជវាំងដល់រមណីយដ្ឋានវត្តភ្នំ។នេះបើតាមសេចក្ដីណែនាំ ចេញកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥។
សាលាគណរាជធានីភ្នំពេញ និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំលេខ ០៧៣/២៥ ម.គ.ភ.ព ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ដីពីការនិមន្តគោចរបិណ្ឌបាត និងការនិមន្តក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ ដែលមានខ្លឹមសារសំខាន់ៗចំនួន ៤ចំណុច រួមមាន៖
១-ការនិមន្តគោចរបិណ្ឌបាតរបស់ភិក្ខុ សាមណេរគ្រប់រូប ត្រូវប្រកបដោយអភិសមាចារ និមន្តបានតែក្នុងកន្លែងជាទីគោចរតែម៉្យាងប៉ុណ្ណោះ។ ហាមការនិមន្តបិណ្ឌបាតនៅមុខមន្ទីរពេទ្យ ក្នុងទីផ្សារ តាមរោងចក្រ សហគ្រាស ចំណតរថយន្ត ឬតាមកម្មវិធីបុណ្យនានាដែលមិនមានការនិមន្ត។
២-ហាមភិក្ខុ សាមណេរ គង់កំសាន្តតាមសួនច្បារមុខព្រះបរមរាជវាំង សួនសាធារណៈ ហាងកាហ្វេនៅតំបន់មាត់ទន្លេចតុម្មុខ និងក្នុងតំបន់ផ្លូវសម្រាប់ថ្មើរជើង ចាប់ពីមុខព្រះបរមរាជវាំង ដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាដើម ចាប់ពីម៉ោង ៦:០០ នាទីល្ងាច ដល់ម៉ោង ១១:០០ នាទីយប់។
៣-ព្រះចៅអធិការគ្រប់វត្ដ មានភារកិច្ចអប់រំ ណែនាំ និងត្រួតពិនិត្យការសិក្សារៀនសូត្រ និងការបដិបត្តិធម៌វិន័យរបស់ភិក្ខុ សាមណេរក្រោមឱវាទឱ្យស្ថិតក្នុងត្រៃសិក្ខាទាំង៣គឺ សីល សមាធិ បញ្ញា ពិសេស ឱ្យចូលរួមអនុវត្តខ្លឹមសារខាងលើឱ្យបានហ្មត់ចត់បំផុត។ ក្នុងករណីដែលភិក្ខុ សាមណេររូបណាពុំបានគោរពតាមសេចក្ដីណែនាំខាងលើនេះ ត្រូវសហការជាមួយមន្ត្រីសង្ឃសាលាគណ សាលាអនុគណ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដោះស្រាយឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យ និងបទប្បញ្ញត្តិផ្សេងៗជាធរមាន។
៤-សាលាអនុគណគ្រប់ខណ្ឌ ត្រូវរៀបចំក្រុមការកសង្ឃរបស់សាលាអនុគណ របស់វត្តនីមួយៗក្នុងខណ្ឌ ដើម្បីចុះអនុវត្តទប់ស្កាត់ការនិមន្តគោចរបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន និងនិមន្តចូលទៅកាន់ទីកន្លែងកំសាន្តសាធារណៈនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសសាលាអនុគណខណ្ឌដូនពេញ ត្រូវរៀបចំការកសង្ឃមួយក្រុមដើម្បីអនុវត្តការងារនេះ។
សូមភិក្ខុ សាមណេរ ជាសមណសិស្ស-និស្សិត យកព្រះទ័យទុកដាក់ខ្ពស់ និងត្រូវគោររពអនុវត្តតាមសេចក្ដីណែនាំរបស់សាលាគណ និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ដើម្បីជាឧត្តមប្រយោជន៍ក្នុងការលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគុណតម្លៃរបស់ព្រះសង្ឃក្នុងពុទ្ធសាសនាកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី











