ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Weldon Epp ឧបការីអនុរដ្ឋមន្ត្រី ទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេសកាណាដា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើ និងគូសបញ្ជាក់ពីចំណាប់អារម្មណ៍រួម ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-កាណាដាកាន់តែស៊ីជម្រៅលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការបោសម្អាតមីន ការពារជាតិ និងការកសាងសមត្ថភាពប្រឆាំងឧក្រិដ្ឋកម្ម។ ឯកឧត្តម ជុំ សុន្ទរី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពាណិជ្ជកម្មដ៏ធំរបស់ប្រទេសកាណាដា ដែលគ្រោងនឹងមកកម្ពុជានៅចុងខែឧសភានេះ ដោយសង្កត់ធ្ងន់ថា ទស្សនកិច្ចនេះនឹងត្រួសត្រាយផ្លូវសម្រាប់ ការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត។ ឯកឧត្តមរដ្ឋលេខាធិការ សុន្ទរី បានលើកឡើងពីការកើនឡើងនៃ ចំនួនភ្ញៀវទេសចរកាណាដាមកកម្ពុជា និងបានស្នើឱ្យប្រទេសទាំងពីរពិចារណាលើការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។
ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបអំពីការត្រៀមរៀបចំរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដោយកម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីប្រទេសសមាជិកទាំងអស់នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី រួមទាំងប្រទេសកាណាដាផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




