ខេត្តកណ្តាល៖ ក្នុងឱកាសអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” ព្រឹកថ្ងៃអង្គារ ទី៦ ឧសភា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុង០៦ សង្កាត់នៃក្រុង តាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ គម្រោងនេះក៏នឹងជួយជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់អនាម័យបរិស្ថាននិងសោភ័ណភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលត្រូវបាន កំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានសម្រេចផងដែរនូវសមិទ្ធផលច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និង និរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈនៅកម្ពុជា ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងអភិវឌ្ឍប្រព័ន្ធចម្លោះទឹកកខ្វក់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និង បរិស្ថាន, តាមរយៈ ការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់ សុខភាព និង សុខុមាលភាព របស់ប្រជាជន ជាពិសេស អ្នករស់នៅក្នុង និង ជុំវិញក្រុងតាខ្មៅ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជាអនេកចំពោះប្រជាជន និង រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ, ពិសេសលើវិស័យសំខាន់ៗ ដូចជា៖ វិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, អប់រំ, សុខាភិបាល, ការងារ និង ហេដ្ឋារចនាសម្ព័ន្ធ, រួមទាំងការទទួលយកពលករកម្ពុជាជាច្រើន ទៅបម្រើការងារនៅ ប្រទេសកូរ៉េក្នុងលក្ខខណ្ឌល្អប្រសើរ គួរជាទីទុកចិត្ត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះក្រសួងសាធារណការ និង ដឹកជញ្ជួន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារប្រកបដោយឆន្ទៈមោះមុត ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ, ការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងពង្រីកកិច្ចសហប្រត្តិបត្តិការ និងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធឡូជីស្ទិក ស្របតាម កម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែង របស់រាជរដ្ឋាភិបាល ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា, រាជរដ្ឋាភិបាលបានកំណត់គោលដៅក្នុងការកាត់បន្ថយការបង្ហូរទឹកកខ្វក់ ដែលមិនទាន់ធ្វើប្រព្រឹត្តកម្ម ឬ បានធ្វើប្រព្រឹត្តកម្ម ប៉ុន្តែមិនទាន់បានត្រឹមត្រូវ ចូលក្នុងតំបន់ទឹកសាធារណៈ ដូចជា សមុទ្រ ទន្ល ស្ទឹង បឹង ព្រែក ត្រពាំង ឱ្យបាន ៥០ភាគរយ ត្រឹមឆ្នាំ ២០៣០ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានា រួមទាំងការអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ឱ្យបានទូលំទូលាយ និងប្រកបដោយនវានុវត្ត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ថ្នាក់ដឹកនាំរាជធានី ខេត្ត យកចិត្តទុកដាក់លើសកម្មភាពរោងចក្រ សហគ្រាសនានា ឱ្យរៀបចំប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យត្រឹមត្រូវ ដើម្បីចម្រោះទឹកចេញពីរោងចក្រ សហគ្រាស មុនបង្ហូរចូលទឹកសាធារណៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


















