ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ បានសហការគ្នាផ្សព្វផ្សាយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីកសាងនិងពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ។
សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមជាសហធិបតីពីឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញទាំងពីរក្រសួង សរុបចំនួន៤៥០នាក់។ សិក្ខាសាលានេះដែរ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ហួត ស៊ីនាដ បានឱ្យដឹងថា «ដោយឈរលើស្មារតីដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានបេសកកម្មដ៏សំខាន់ក្នុងការរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យ ប្រកបដោយភាពជឿជាក់ជាមួយនឹងកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១»។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ ក្នុងគោលបំណងរួមចំណែកបង្កើតនិងបង្កើនគុណភាព ក៏ដូចជាបរិមាណការងារឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ អ៊ូច ភា បានបញ្ជាក់ថា លក្ខណៈសម្បត្តិរបស់គោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» នេះ គឺផ្ដោតលើការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ និងគ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ។
លើសពីនេះ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ និងឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
គួររំឭកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានដាក់ចេញគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ដើម្បីសម្របសម្រួលជាមួយក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយនេះ៕
រក្សាសិទ្ធដោយ៖សុទ្ធលី




